របៀបដាំឪឡឹកក្នុងផើង ! បានទាំងឪឡឹកញ៉ាំបានទាំងសួនលម្អរផ្ទះ…!!

2049

ការដាំដុះ​ឪឡឹក​ក្នុង​ផើង វា​មាន​ភាពងាយស្រួល​ក្នុង​ការថែទាំ ស្រោចស្រពដាក់​បំប៉ន​ជី​ជាដើម ពិសេស​គឺ​ជួយ​ផ្តល់​ផ្លែ​ធំធាត់ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់។ខាងក្រោម​នេះជា​វី​ធី​សាស្ត្រ​ក្នុង​ការរៀបចំ​ដាំ​ដុះ​ក្នុង​ផើង ថែទាំនិង​វិធី​មើល​ផ្លែ​ឪឡឹក​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ទុំ​ល្អ

​ការរៀបចំ​ដាំ​ដុះ ៖រៀបចំ​ផើង​សម្រាប់​ដាំ​ដុះ ដែល​មាន​ជម្រៅ​ជ្រៅ​ល្មម។ជាទូទៅអ្នក​គួរ​ជ្រើសរើស​ផើង​ដែល​មាន​ជម្រៅ​ប្រមាណកន្លះ​ម៉ែត្រឬ​៦០​សង់ទីម៉ែត្រ ។​
គ្រាប់ពូជ​ឪឡឹក ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ទៅតាម​ចំណង់​ចំណូលចិត្ត​អ្នក។​
ដី​ដាំ​ដុះ​ដែលមាន​ជីជាតិ​គ្រប់គ្រាន់។ជាទូទៅ ប្រភេទ​ដីខ្សាច់ និង​ដី​មាន​ជីជាតិ ជា​ដី​មាន​លាយ​ជីកំប៉ុស្ត ជាដើម គឺ​សមរម្យ​សម្រាប់​ការរីកលូតលាស់​នៃ​ឪឡឹក ។ អ្នក​គួរតែ​ចៀសវាង​ដីឥដ្ឋ ដែល​ពិបាក​ធ្វើ​ឱ្យ​ឪឡឹក​ចាក់ឫស។ដី​ធូរ​មាន​ខ្យល់អាកាស​ចេញចូល គឺ​ល្អ​សម្រាប់​ការលូតលាស់​របស់​រុក្ខជាតិ។
ជីលា​មក​សត្វ​គោ ទន្សាយ ឬ​សេះ ល្អ​ប្រសើរ​បំផុត​សម្រាប់​ដី និង​សម្រាប់​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រុក្ខជាតិ។​

​ការដាំដុះ៖
ចាក់​ដី​កំប៉ុស្ត​ចូល​ក្នុង​ផើង​ឱ្យ​ពេញ​ល្មម ហើយ​ស្រោច​ទឹក​ពី​លើ​ឱ្យ​ជោគ​
យក​គ្រាប់​ពូជ​ឪឡឹក មក​ព្រោះ​នៅ​នឹង​ដី​ក្នុង​ផើង​ផ្ទាល់ ពី ៣ ទៅ ៤​គ្រាប់ និង​រោយ​ដី​កប់​ពីលើ​ថើៗ រួច​ស្រោច​ទឹក​ពី​លើ​
ក្នុង​រយៈពេល​ពី៦ទៅ១០ថ្ងៃគ្រាប់ពូជ​នឹង​លូតលាស់​
នៅពេល​ឪឡឹក​លូតលាស់​ហើយ អ្នក​អាច​រក​កម្ទេច​ចំបើង​មក​គ្រប​នៅ​នឹង​គល់​ឪឡឹក​ដើម្បី​រក្សា​សំណើម​ដី​

​ការថែទាំ ៖រក្សាទុក​ផើង​ដំណាំ​ឪឡឹក​នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់។ឪឡឹក​អាច​លូតលាស់​បាន​ក្នុង​សីតុណ្ហភាព​ពី១០ទៅ៣៥​អង្សារចំណែកឯ​សីតុណ្ហភាព​ល្អ​បំផុត​សម្រាប់​ឪឡឹក គឺ​ពី១៨ទៅ៣០​អង្សារ។​
ត្រូវ​ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក និង​ល្ងាច (​ឪឡឹក​ជា​រុក្ខជាតិ ត្រូវការ​ទឹក​ច្រើន ដូច្នេះ អ្នក​ត្រូវ​រក្សាសំណើម​ដី​ជាប្រចាំ ប៉ុន្តែ​កុំ​ឱ្យ​សើម​ទឹក ជោគជាំ​ពេក​)


ត្រូវ​ប្រាកដថា ពុំ​មាន​ទឹក​ដក់​ជាប់​នៅ​បាត​ផើង​របស់​អ្នក ។​
នៅពេល​ផ្លែ​ចាប់ផ្តើម​ចាស់ ទុំ ត្រូវ​កាត់បន្ថយ​ការ​ស្រោច​ទឹក (​អំឡុង​ពេល​នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្នចៀសវាង​ស្រោច​ទឹក​ច្រើន​លើសលប់ និង​ដក់​ទឹក​នៅ​បាត​ក្រោម ដែល​ងាយ​ធ្វើ​ឱ្យ​ផ្លែ​សាប បាត់បង់​រសជាតិផ្អែម​)
ដាក់​ជី​បំប៉ន​ដើមជា​ប្រភេទ​ជីកំប៉ុស្ត ឬ​ជី​លាម​សត្វ នៅពេល​ឪឡឹក​ចេញ​ផ្កា និង​ផ្លែ ។​

​ការប្រមូល​ផល ៖
រយៈពេល​ប្រមូល​ផលគឺ​អាស្រ័យ​លើ​អាកាសធាតុ រដូវ​ដាំ​ដុះនិង​ប្រភេទ​ពូជ​ដំណាំ ។​
ជាទូទៅ ឪឡឹក​នឹង​ចាប់ផ្តើម​ឱ្យ​ផល ចាប់ពី ៨០ ទៅ ៩០​ថ្ងៃ ឬ​ក្រោយ​ពេល​ព្រោះ​គ្រាប់ពូជ ពី ៣០ ទៅ ៥០​ថ្ងៃ បន្ទាប់​ពី​ចេញ​ផ្កា ។​

​វិធី​មើល​ឪឡឹក ៖ផ្លែ​ទុំ ពុំ​មាន​លក្ខណៈ​ពិសេស​ណា​ឱ្យ​យើង​ចំណាំ​ទេ ។ ក្លិន និង​ពណ៌​របស់​ឪឡឹក ក៏​ពុំ​មាន​អ្វី​ផ្លាស់ប្តូរ​កើតឡើង​ច្រើន​ដែរ ។
​វិធី​ទី​មួយ​៖ អ្នក​អាច​យក​ម្រាមដៃ​គោះ​ផ្លែ​ឪឡឹក បើសិន​ជា​សំឡេង​ដូចជា​ប្រហោងៗ នោះ​មានន័យ​ថា ឪឡឹក​របស់​អ្នក​ទុំ​ហើយ ។​
​វិធី​ទី​ពីរ៖អ្នក​អាច​ពិនិត្យមើល​លើ​ទង​ឪឡឹក ទង​តូច ស្ងួត នោះ​មានន័យ​ថា ឪឡឹក​ទុំ​ល្អ ផ្ទុយទៅវិញ បើ​ទង​ឪឡឹក​ត្រង់និង​មាន​រោម នោះ​បញ្ជាក់ថា ឪឡឹក​នោះ​មិនទាន់​ទុំ​ល្អ​ឡើយ ។​


​វិធី​ទី​បី៖ពិនិត្យមើល​លើ​ទម្ងន់​របស់​ឪឡឹក ។ បើ​ទម្ងន់​ឪឡឹក​ធ្ងន់ នោះ​មានន័យ​ថា វា​មាន​សាច់​ណែ​ល្អ ផ្ទុហទៅវិញបើ​ឪឡឹក​មាន​ទម្ងន់​ស្រាល នោះ​មានន័យ​ថា សាច់​របស់​វា​ផុសៗ មិន​ឆ្ងាញ់ ។​
​វិធី​ទី​បួន៖ពិនិត្យមើល​លើ​ចំណុច​លឿង​នៅលើ​ផ្លែ​សំបក​ឪឡឹក ។ បើកាលណា​ចំណុច​នៃ​ពណ៌​លឿង​នេះ កាន់តែ​មាន​ពណ៌​លឿង​ខ្លាំង ឬ​ទឹកក្រូច​ខ្លាំង នោះ​មានន័យ​ថា ឪឡឹក​ទុំ​ហើយ ។​


​វិធី​ទី​ប្រាំ៖មើល​លើ​ក្រឡា​សំណាញ់​ពណ៌​ត្នោត​លើ​សំបក​ឪឡឹក បើកាលណា​សំណាញ់​នេះ​មាន​កាន់តែច្រើននោះ​មានន័​ថា ឪឡឹក​នោះ​កាន់តែ​ផ្អែម ។​វិធី​ទី​ប្រាំមួយ៖ឪឡឹក​មាន​ញី និង​ឈ្មោល។ឪឡឹក​ឈ្មោល​មាន​រាង​ធំ ហើយ​ទ្រវែង និង​មាន​ទឹក​ច្រើន ។ ឪឡឹក​ញីមាន​រាង​មូលនិង​មាន​រសជាតិ​ផ្អែម ។​

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here