វិធីងាយៗ ដើម្បីចិញ្ចឹមត្រីអណ្តែកក្នុងលូ !!

717

ការចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​លូ​ស៊ីម៉ង់ត៍ គឺជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ចិញ្ចឹម​ត្រី​មួយបែប​ទៀត ដែល​កសិករ​អាច​ចិញ្ចឹម​បាន​ដោយ​ងាយ សមស្រប​តាម​ស្ថានភាព​របស់​កសិករ​ដែ​ល​មាន​ផ្ទៃដី​តូច ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ទីតាំង​ផងដែរ​។

ថ្លៃដើម​ក្នុងការ​ចិញ្ចឹម​ត្រី ចាប់ផ្ដើម​ពី​ដើមទុន​តិច ហើយ​អាច​ផ្ដល់​ចំណូល​បន្ថែម​សំរាប់​ក្រុមគ្រួសារ ជាពិសេស​ផលកំ​រ៉ៃ​ដែល​ទទួលបាន​មាន​លក្ខណៈ​សមរម្យ​គួរ​ជាទី​ពេញចិត្ត​។​ ​វិធីសាស្ត្រ​ការចិញ្ចឹម​ត្រី​អណ្ដែង​តាម​បេ​ច្ចក​ទេស​នេះ លោកអ្នក​ត្រូវ​ធ្វើតាម​ដំណាក់កាល​ដូចតទៅ​នេះ​៖

១-ឧបករណ៍​៖
-លូ​ស៊ីម៉ង់ត៍​ខ្នាត១ម x០.៥​ម (មួយ​កង់​ៗ)

-ទុយ​យ៉ូ​ខ្នាត១inch ប្រវែង ២ តឹក ចំនួន​មួយ​ដើម និង​ប្រវែង៤តឹកចំនួន​មួយ​ដើម​
-កែង​ទុយ​យ៉ូ១(​សំរាប់​ត​បង្ហូរទឹក​ចេញ​នៅ​បាត​លូ​)
-សំណាញ់(​សំរាប់​ការពារ​ត្រី​លោត​ចេញ​)


-ទឹក​ជី​អ៊ី​អឹម សំរាប់​ជំនួយការ​លូតលាស់​រប​ស់ត្រី​
-ស៊ីម៉ង់ត៍ ខ្សាច់ ថ្ម​
-ចំណី​ត្រី​
-បន្លែ​សំរាប់​ជំនួយ​ជា​ចំណីអាហារ ដូចជា ត្រកួន កំប្លោក ។​ល​។​
-កូន​ត្រី​អណ្ដែង ៧០ទៅ៨០ក្បាល​។​

២.ការរៀបចំ​មុនពេល​ចិញ្ចឹម​៖

២.១-មុនពេល​ដាក់​ត្រី​ចិញ្ចឹម ត្រូវ​បន្សាប​ជាតិ​ស៊ីម៉ង់​ត៍របស់​លូ​ជាមុនសិន ដោយ​យក​គល់​ចេក​ឬ​ដើម​ចេក មក​ហាន់​ជា​ដុំ តូចៗ រួច​យក​លាមក​គោម​កលាយ​អោយចូល​គ្នា រួច​ដាក់​ចូលក្នុង​លូ លាយ​ទឹក​អោយ​ពេញ ហើយ​ត្រាំ​ចោល​ចំនួន​៥​ថ្ងៃ​។​

២.២. យក​ដើម​ចេ ក​និង​លាមក​គោ​ចេញរួច​ដាក់​ទឹក​ថ្មី​ចូល រួច​ត្រាំ​ចោល ១​ថ្ងៃ រួច​បង្ហូរទឹក​ចេញ​អោយអស់ ហើយ​លាង​អោយ​ស្អាត​។​

២.៣-យក​ត្រកួន​មក​ជូត​អោយ​សព្វ​ក្នុង​លូ រួច​ហាល​អោយ​ស្ងួត​។​

៣-ការធ្វើ អ៊ី​អឹម​សំរាប់​ជំនួយការ​លូតលាស់​រប​ស់ត្រី​
-ធុង​ផ្លា​ស្ទិ​កមាន​គំរប​ចំនួន ១
-ស្ករ​ក្រហម ៣ គ​.​ក​
-ល្ពៅ​ចាស់ ៣ គ​.​ក​
-ល្ហុង​ទុំ ៣ គ​.​ក​
-ចេកណាំវ៉ា​ទុំ ៣ គ​.​ក​


៣.១-វិធី​ធ្វើ​៖
​យក​គ្រឿងផ្សំ​ផ្លែឈើ​ខាងលើ​មក​ហាន់​ទាំង​សំបក និង​គ្រាប់​ដាក់ចូល​ក្នុង​ធុង រួច​លាយ​បញ្ចូល​ជាមួយ​ស្ករ ក្រហម អោយចូល​គ្នា​អោយ​សព្វ រួច​បិទ​គំរប​ផ្អាប់​ទុក​ចំនួន ៧​ថ្ងៃ រួច​ទើប​បន្ថែម​ទឹកស្អាត ចំនួន ៩​លីត្រ​ចូល ហើយ​បិទ​គំរប​ផ្អាប់​ទុក​វិញ​ចំនួន ១៥​ថ្ងៃអាច​យកទៅ​ប្រើប្រាស់​បាន​។​

៣.២-ផលប្រយោជន៍​៖​ជា​អ​ម៉ូ​ន​ជួយ​ដល់​ការលូតលាស់​របស់​ដំណាំ​ផ្សេងៗ​ឆាប់​ចេញ​ផ្កាផ្លែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​​ត្រី​គ្មាន​ជំងឺធ្វើអោយ​ត្រី​មិនមាន​ក្លិនឆ្អាប​ខ្លាំង ត្រី​មិនសូវមាន​ខ្លាញ់​ក្នុង​ពោះ ធ្វើអោយ​ត្រី​មាន​រសជាតិ​ឆ្ងាញ់​។​

៤-ចាប់ផ្ដើម​ការចិញ្ចឹម​៖
-យក​លូ​ស៊ីម៉ង់ត៍​ដែល​យើង​បាន​ជូត​ត្រកួន មិនមាន​ជាតិ​កំបោរ ឬ​អាស៊ីត រួច​ដាក់​ទឹក​ចូល​កំពស់ ១​តឹក (​សំរាប់​ដំណាក់កាល​មុនដំបូង​ដែល​យើង​យក​កូន​ត្រី​មក​ដាក់​) រួច​ដាក់​អ៊ី​អឹម​ដែល​យើង​បានធ្វើ​រួច ចំនួន មួយ​ស្លាបព្រា​ក្នុង​ទឹក​។​


-យក​កូន​ត្រី​ដែល​នៅក្នុង​ថង់ មក​ត្រាំ​ក្នុង​ទឹក​ក្នុង​លូ​ដែល​យើង​បានរៀបចំ​រួច​មួយសន្ទុះ ទើប​បើក មាត់​ថង់​តិចៗ អោយ​ត្រី​ហែល​ចេញ​ដោយ​ខ្លួនឯង (​មិនត្រូវ​ចាក់​ត្រី​ចេញពី​ថង់​ចូលក្នុង​ទឹកតែ​ម្តង នោះទេ​)​។​
-ថ្ងៃ​ដំបូង​ដែល​យើង​លែង​កូន​ត្រី មិនចាំបាច់​អោយចំ​ណី​វា​ស៊ី​ទេ​
-ដាក់​ពួក​បន្លែ​ដែល​ត្រី​អាច​ស៊ី​បាន​ដូចជា​ត្រកួន កំប្លោក ក្នុង​លូ​ចិញ្ចឹម ប៉ុន្តែ​កុំអោយ​ច្រើនពេក​
​ការអោយ​ចំណី​ត្រី​១​ក្បាល ចំនួន ៥​គ្រាប់ មួយថ្ងៃ​ពីរដង (​ព្រឹក និង​ល្ងាច​) សំរាប់​រយៈពេល ១​ខែ​កន្លះ​ដំបូង​។ បន្ទាប់មក យើង​ផ្ដល់​ចំណី​តែមួយ​ដង​នៅពេល​ល្ងាច​។​

*​ចំណាំ​៖មុនពេល​អោយចំ​ណី​ត្រី ត្រូវយក​ចំណី​មក​ត្រាំ​ទឹក ១០​ទៅ​១៥​នាទី​។​ផលប្រយោជន៍​៖
-ត្រី​ស៊ី​ចំណី​បាន​ស្មើគ្នា​
-មិន​ធ្វើអោយ​ត្រី​ណែន​ពោះ​
-ត្រី​មិនមាន​ជំងឺ​
-ការលូតលាស់​ប្រហាក់ប្រហែលគ្នា​
-ចំណី​មិនមាន​សេសសល់​ក្នុង​លូ​ដែល​បង្ករ​អោយ​ទឹក​ឆាប់​មាន​ក្លិនស្អុយ​
​ត្រូវ​ប្តូរ​ទឹក​មួយខែ ៣​ដង (​រៀងរាល់​១០​ថ្ងៃ​) ។ នៅពេល​ប្ដូរ​ទឹក ត្រូវដាក់​ទឹក​អ៊ី​អឹម ១​ស្លាបព្រា​ចូល​។​

៦-មុនពេល​ចាប់​លក់​
-មុនពេល​ចាប់​ត្រី​លក់​២​ថ្ងៃ ត្រូវយក​ដី​ក​ណ្ឌេ​ញ​ពណ៌​ក្រហម ឬ​កញ្ជ្រាំង​ស្រូវ​ដាក់ចូល​ក្នុង​លូ និង​ជួយ​ធ្វើ អោយ​ត្រី​មាន​ពណ៌​លឿង​ស្អាត លក់បាន​តំលៃ​ថ្លៃ​។​
-ត្រី​អណ្ដែង​ចិញ្ចឹម​ក្នុង​រយៈពេល ៣​ខែ​កន្លះ ចំនួន ៧០​ទៅ​៨០​ក្បាល បាន​ប្រហែល ១៥​គីឡូ ឬ​ប្រហែល ៤ ក្បាល​មួយ​គីឡូ​។​​ទឹក​ដែល​យើង​ប្ដូរ​ចេញ អាច​យកទៅ​ស្រោច​ដំណាំ​លក្ខណៈ​គ្រួសារ ជួយ​អោយ​ផលដំណាំ​លូតលាស់​បានល្អ ព្រោះ​មាន​ល្បាយ​អ៊ី​អឹម​ស្រាប់​ ៕

អត្ថបទដោយ: អ៊ាង សុផល្លែត​

សូមរក្សាទំរង់អត្ថបទដើម បើបងប្អូនយកទៅផូសបន្តរ !!

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here