រោគសញ្ញាមួយចំនួន​ ដែលបង្ហាញពីជំងឺខ្វះជាតិស្ករ ដែលអ្នកគួរតែយកចិត្តទុកដាក់

387

ជំងឺខ្វះជាតិស្ករជាទូទៅត្រូវគេបែងចែកជាពីរប្រភេទ គឺជំងឺខ្វះជាតិស្ករដែលមិនមែនមកពីជំងឺទឹកនោមផ្អែម និងជំងឺខ្វះជាតិស្ករដែលកើតមកពីជំងឺទឹកនោមផ្អែម ។ ជំងឺទាំងពីរនេះបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតបាន បើសិនជាលោកអ្នកធ្វេសប្រហែស ។ខាងក្រោមនេះ គឺជាសញ្ញានៃជំងឺខ្វះជាតិស្ករទាំងពីរប្រភេទ ដែលលោកអ្នកគួរតែស្វែងយល់មានដូចជា ៖

 

១. ជំងឺខ្វះជាតិស្ករដែលមិនមែនជាជំងឺទឹកនោមផ្អែម៖
ជាករណីកង្វះជាតិស្ករតិចតួច ដែលបណ្តាលមកពីការនឿយហត់ ការបរិភោគមិនគ្រប់គ្រាន់ ឃ្លានជ្រុល ការដេកមិនបានគ្រប់គ្រាន់ រហូតបង្កឱ្យចុះជាតិស្ករ ។

 

២. ជំងឺទឹកនោមផ្អែម៖
អ្នកជំងឺទឹកនោមផ្អែមដែលកំពុងព្យាបាល ដូចជាការលេបថ្នាំដើម្បីឱ្យជាតិស្ករថយចុះហួសកម្រិត ការចាក់ថ្នាំអាំងស៊ុយលីនព្យាបាលជំងឺទឹកនោមផ្អែមដោយមិនគោរពតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវជាដើម ។

 

ការតមអាហារជ្រុលពេកក៏បណ្តាលឱ្យខ្វះជាតិស្ករដែរ។ មួយវិញទៀតការហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករខ្លាំងពេកក៏ធ្វើឱ្យកម្រិតជាតិស្ករថយចុះដែរ។ ចំពោះអ្នកជំងឺទឹកនោមផ្អែម ត្រូវដាក់គ្រាប់ស្ករតាមខ្លួនជាប់ជានិច្ច ដើម្បីចៀសវាងប្រការដែលមានដោយសារខ្វះជាតិស្ករ ។

 

ចំពោះសញ្ញានៃបញ្ហាខ្វះជាតិស្ករមានដូចជា៖

– បែកញើស

ញ័រដៃ ញ័រជើង

– វិលមុខ

អារម្មណ៍ប្រែប្រួល

– ស្លេកស្លាំង

– ឃ្លាន

– ស្រវាំងភ្នែក

ឈឺក្បាល

– អស់កម្លាំងល្ហិតល្ហៃ ។

លោកអ្នកត្រូវចាំថា គេអាចដឹងថាខ្វះជាតិស្ករ ឬជាតិផ្អែមបានដោយការពិនិត្យអត្រាជាតិស្ករក្នុងឈាម ដែលឃើញមានកម្រិតជាតិស្ករនៅក្រោម ៧០មីលីក្រាម ក្នុង ១មីលីលីត្រឈាម និងអាចដឹងតាមរយៈរោគសញ្ញាផ្សេងៗដែលកើតមាននៅលើខ្លួនអ្នកជំងឺ ។ ជាទូទៅកម្រិតជាតិស្ករនៅក្នុងសរីរាង្គកាយរបស់មនុស្សម្នាក់ៗ មានកម្រិតចន្លោះពី៧០ ទៅ ១២០ មីលីក្រាម ក្នុង ១មីលីលីត្រឈាម ។ ដើម្បីបានលទ្ធផលត្រឹមត្រូវការពិនិត្យត្រូវធ្វើឡើងនៅពេលព្រឹកមិនទាន់ទទួលទានអាហារ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here