បច្ចេកទេសល្អៗក្នុងការដាំដំណាំស្ពៃខៀវ ដើម្បីទទួលបានទិន្នផលខ្ពស់

99

១.​ការ​រៀបចំដី និងការដាំដុះ
ចំពោះ​ដី​សំរាប់​ដាំ​ស្ពៃ​ខៀវ ត្រូវធ្វើ​​ការ​ភ្ជួរ​រាស់​ឱ្យ​​រាប​ស្មើ និង​ម៉ដ្ឋ​ល្អ រើស​ស្មៅ​​ចេញ​ឱ្យ​អស់​ រួច​​ដាក់​​ជីទ្រាប់បាតដូចជា ជីអាចម៍គោ។ បន្ទាប់មក​លើ​ក​ជា​រង ដែល​​មានទទឹង​​ពី​ ១ ទៅ ​១,២​ម៉ែត្រ កំពស់​​ ២ទឹក បណ្តោយ​ទៅ​តាម​ទំហំ​ដី និង​ចន្លោះ​ពីរង​មួយទៅ​មួយ​​ ០,៥ម៉ែត្រ។

គេមិនធ្វើ​ការ​សាប​កូនទេ ​ព្រោះ​​គ្រាប់​យក​តែ​ម្តង​​ ដោយយក​គ្រាប់​​លាយ​ជា​មួយ​​ផេះ ដើម្បីសាប​ឱ្យ​​បានស្មើ​ល្អ។ ក្រោយពី​​ព្រោះ​គ្រាប់​រួចហើយ ត្រូវ​យកចំបើង​គ្របពី​លើ ដើម្បីការពារ​សត្វ​ល្អិត​​ចង្រៃ និង​ជំងឺ​ផ្សេងៗ។ រួច​ស្រោចទឹក​​មួយថ្ងៃ ​​២ដង ព្រឹក​ម្តង និង​ល្ងាច​ម្តង។ ​ក្រោយពី​​ព្រោះគ្រាប់​បាន​១សប្តាហ៍ ត្រូវ​ដក​​ចំបើង​ចេញវិញ​ ហើយ​នៅពេល​ដែលស្ពៃដុះ​​បាន​​រយៈ​ពេល​​ពី​​ ១៥​ ទៅ​ ២០​ថ្ងៃ គាត់​ចាប់ផ្តើម​​​ធ្វើ​ការ​​ដក​រំលោះ​​កូនស្ពៃ ដោយទុក​តែ​កូន​ស្ពៃ​ណា​​ដែល​​ថ្លោស​ល្អ​ និង​រក្សា​ចំងាយពី​ដើម​​មួយទៅ​​មួយប្រវែង​​​ ២​តឹក។​

២.​ការថែទាំ
ចំពោះការថែទាំ នៅ​តែបន្ត​ការ​ស្រោច​​ទឹក​មួយថ្ងៃ ​​២ដង​ដដែល​។ រហូត​ដល់​ស្ពៃ​ធំ ត្រូវ​បន្ថយ​​ការ​ស្រោច​ទឹក​​នៅមួយ​ថ្ងៃ​​ម្តង​។ បន្ទាប់​ពីធ្វើ​ការ​​រំលោះ​កូនស្ពៃ​រួច​មក គេ​ចាប់​ផ្តើម​​ធ្វើ​ការ​​ដក​ស្មៅ​ជ្រុំ​គល់ និង​ដាក់ជីបំប៉ន​​បន្ថែម​​លើ​ដំណាំ​ដោយ​ប្រើ​​ជីអ៊ុយរ៉េ ១​ស្លាបព្រា​ លាយទឹក ​​​១ប៉ោត ស្រោច​បន្ថែម​​ជួយ​ដល់​ការ​លូតលាស់។ ចំពោះ​ជី​ធម្មជាតិ (លាម​ក​សត្វ​​គាត់ដាក់​ទ្រាប់បាត​​រង​តែ​ម្តង​ប៉ុណ្ណោះ)។​

ចំពោះសត្វ​ល្អិត​​ដែលបំផ្លាញ​​ដំណាំ​មាន​ដូច​​ជា សត្វ​ទៀកគូ ដង្កូវ​ស៊ីត្រួយ​ ដង្កូវ​ស៊ីស្លឹក ដង្កូវ​​យោ​ល​ទោង។ រី​ឯជំងឺ​ដែលគេ​​ធ្លាប់ជួប​ប្រទះ​​មាន​​ដូចជា ក្រា​ភ្លើង ក្រហមបណ្តូល ​និង​របួស​ត្រួយ។ ចំពោះ​វិធានការ​​កំចាត់​គឺ​ត្រូវឧស្សាហ៍​ចុះត្រួត​ពិនិត្យ​​ចាប់​ដង្កូវ និង​ដក​ដើមដែល​មាន​ជំងឺ​ចោល។

៣.ការប្រមូល​ផល​
គិតពី​​ដាំ​រហូត​ដល់​ប្រមូល​ផល​មាន​រយៈ​ពេល​​ ៤០ ​ទៅ ​​៥០ថ្ងៃ។ ដោយគេ​ធ្វើ​ការ​​កាត់​ត្រឹម​​​គល់​ស្ពៃ​ ហើយ​​ប្រមូល​ផលតែ ​​១សា ទាំង​អស់តែ​ម្តង។ ដោយ​មិនបាន​ទុក​ពូជទេ នៅរដូវ​ក្រោយ​គេ​នឹងទិញ​​ពូជ​ពី​ផ្សារ​មក​ដាំ​​ទៀត ។

សរុប​មកបច្ចេក​ទេស​សំខាន់ៗ​ក្នុងការ​ដាំ​ស្ពៃ​មាន៖
-​ភ្ជួរ​រាស់​​​ដោយ​កៀរ​ឱ្យ​ស្មើល្អ ទើប​លើក​​​ជា​រង​ដាំ
-ព្រោះ​​គ្រាប់​លើ​រង ដោយយកគ្រាប់​​លាយ​ជា​មួយ​ផេះ ហើយសាប​គ្រាប់​ឱ្យបានស្មើ​ល្អ
-​យក​ចំបើង​គ្រប​ពី​លើ​គ្រាប់ ដែល​​ទើប​ព្រោះ​​នោះ ​​​​ដើម្បី​កុំ​ឱ្យ​ខ្ទាត​​គ្រាប់​នៅពេលស្រោច​ទឹក

-​នៅពេលកូនស្ពៃ​ដុះ ត្រូវដក​​​កូនចេញ​ខ្លះ ដោយ​ទុក​តែកូន​ស្ពៃ​​ដែលថ្លោស​ល្អ និង​ទុ​ក​ចន្លោះ​​ពីដើម​​មួយទៅ​មួយ​​ប្រវែង ​២តឹក
-​ធ្វើ​ការ​ថែ​ទាំ​​ដកស្មៅ ​ជាពិសេស​នៅពេល​កូន​ស្ពៃ​នៅ​តូច​​​
-​ដាក់​​ជីលាមក​​សត្វទ្រាប់​​បាតរង និងស្រោច​ទឹក​បំប៉ន​តាមការ​កំណត់​​​ឱ្យ​បានត្រឹមត្រូវ​ ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here