បច្ចេកទេសដាំស្ពៃចង្កឹះក្នុងធុងស្នោដោយបណ្តុះគ្រាប់

585

ការរៀបចំដាំ៖
– ធុងស្នោមួយ ឬច្រើនតាមតម្រូវការ
– គ្រាប់ពូជ (អាចរកទិញពីហាងកសិកម្ម ឬតាមទីផ្សារ)
– ដីក្រហម ឬដីទន្លេ ដីផុសល្អ ដីធូរ មានលាយជីកំប៉ុស។ បើសិនជាយកដីបាតទន្លេមកដាំដុះ ត្រូវហាលឱ្យស្ងួតដើម្បីសម្លាប់មេរោគ។


ការដាំដុះ៖
– ចោះបាតធុងស្នោរត្រូវ ដើម្បីឱ្យទឹកហូរចេញ
– ចាក់ដីចូលក្នុងធុងស្នោរឱ្យពេញល្មម
– ស្រោចទឹកឱ្យជោកដីដែលយើងប្រុងនឹងដាក់បណ្តុះគ្រាប់ពូជស្ពៃ

– ដាក់រោយគ្រាប់ពូជ
– រោយដីលុបពីលើ
– ត្រូវស្រោចទឹកមួយថ្ងៃ៣ដង រយៈពេល ២ ទៅ ៣ថ្ងៃដំបូង រហូតស្ពៃដុះកូន

ការថែទាំ៖
– រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
– ស្រោចទឹកឱ្យបានជាប្រចាំ ២ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច) តែកុំជោកពេក ព្រោះដំណាំប្រភេទនេះ មិនត្រូវការទឹកច្រើនពេកទេ
– នៅពេលស្ពៃដុះកូនតូចៗ បំបែកកូនចេញខ្លះ


– យកឫសកំប្លោកកាប់ឱ្យតូចៗហាលឱ្យស្ងួត ឬហាន់ចំបើងឱ្យតូចៗ មកគ្របពីលើគល់កូនស្ពៃឱ្យជិត ការពារពេលស្រោចទឹកធ្វើឱ្យរលើងឫស និងរក្សាសំណើមឱ្យបានយូរ
– បើសិនជាមានសំណល់ទឹកលាងត្រី សាច់ ទឹកអង្ករ ត្រូវយកទៅស្រោចគល់ដំណាំឱ្យបានរាល់ថ្ងៃ ព្រោះសំណល់ទាំងនេះ មានជីវជាតិល្អ អាចបំប៉នស្ពៃឱ្យបានលូតលាស់
– សម្អាតស្មៅជុំវិញគុម្ពស្ពៃ និងជ្រួយដីឱ្យធូរដើម្បីរក្សាសំណើមឱ្យបានល្អ
– គួរធ្វើសំណាញ់ព័ទ្ធជុំវិញធុងដំណាំ ដើម្បីការពារសត្វចាប ឬសត្វស្លាបផ្សេងទៀតមកចិកបំផ្លាញដំណាំ។

ការប្រមូលផល៖
– ប្រមាណជិត១ខែ យើងអាចប្រមូលផលបានហើយ
– ចំពោះការប្រមូលផលដើម្បីទុកពូជ គឺត្រូវច្រូតដើមមកហាលរហូតស្ងួត បន្ទាប់មកហែកសម្អាតយកគ្រាប់ និងហាលថ្ងៃឱ្យស្ងួតរយៈពេល ២ ទៅ ៣ថ្ងៃ ទើបខ្ចប់ពូជទុកបាន ៕

(រៀបរៀងដោយ៖ គង់ ឧត្តម)

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here