បច្ចេកទេសក្នុងការដាំដុះម្ទេសប្លោក

246

១.ជី និងលក្ខណៈអាកាសធាតុ

ដំណាំម្ទេសប្លោកដុះលូតលាស់ល្អនៅរដូវត្រជាក់ (អាកាសធាតុត្រជាក់) លើដីដែលមិនជាំទឹក និងសំបូរដោយជីជាតិសរីរាង្គ ជាពិសេសដីដែលសមស្របសំរាប់ម្ទេសប្លោក គឺដីឥដ្ឋពណ៌ក្រហម ឬដីកណ្ដេង និងមានភាពធន់ទ្រាំទៅនឹងដីអាស៊ីត និងជាតិអាល់កាឡាំង។ ម្ទេសប្លោកអាចលូតលាស់នៅក្នុងម្លប់ (វាអាចធន់នឹងម្លប់បានប្រហែល ៤៥ភាគរយ)។ នៅតំបន់ដែលមានកំពស់ទឹកភ្លៀងពី ៦០០ ទៅ ១២៥០មីលីម៉ែត្រ ក្នុង១ឆ្នាំ អាចដាំដុះម្ទេសប្លោកបានល្អ។

២.ការដាំ និងការបន្តពូជ

ម្ទេសប្លោកបន្តពូជដោយគ្រាប់។ គេអាចប្រមូលផលម្ទេសយកគ្រាប់ទុកធ្វើពូជបានក្នុងរយៈពេល ២អាទិត្យ ក្រោយពីទុំ។ គ្រាប់របស់វាអាចរក្សាទុកបានរហូតដល់ ២ ទៅ ៣ឆ្នាំ ប្រសិនបើយើងរក្សាទុកដាក់គ្រាប់ មិនបានល្អ ដូចជាទុកនៅកន្លែងដែលមានសីតុណ្ហភាព (កំដៅ) ខ្ពស់ពេក ឬកន្លែងដែលមានសំណើមខ្ពស់។

ក្នុងការដាំ ជាទូទៅគេច្រើនដាំវាដោយកូនដែលគេបានបណ្ដុះនៅក្នុងផើង ឬក្នុងថ្នាល។ គេអាចសាបគ្រាប់ម្ទេស ៥ក្រាម នៅលើផ្ទៃដី ១ ម៉ែត្រការ៉េ។ កូនម្ទេសអាចដកយកទៅដាំនៅពេលវាមានស្លឹកពី ៧ ទៅ ៨សន្លឹក។ ការស្ទូងកូន ឬដាំកូនគួរដាំនៅពេលមេឃស្រទុំ ឬល្ងាចត្រជាក់ ក្រោយពីដាំហើយត្រូវស្រោចទឹកភ្លាម ដើម្បីឲ្យដីមានសំណើម ឫសឆាប់ចាប់ជាប់ទៅនឹងដី។ ចំនួនដើមដែលគេច្រើននិយមដាំ គឺពី ១០០០០ ទៅ ១៣០០០០ដើមក្នុង ១ហិកតា វាអាស្រ័យទៅតាមតំបន់។

៣.ការដាំចំរុះ

ដំណាំម្ទេសប្លោក គេអាចដាំចំរុះបានទិន្នផលល្អជាមួយដំណាំប៉េងប៉ោះ ខ្ទឹមបារាំង ពោត ខ្ទឹមស និងពពួកស្ពៃ។

៤.ការលូតលាស់របស់រុក្ខជាតិ

ជាទូទៅគ្រាប់អាចដុះពន្លកក្នុងរយៈពេលពី ៦ ទៅ ១៥ថ្ងៃ ក្រោយពីសាប ហើយចាប់ផ្ដើមចេញផ្កាក្នុងរយៈពេលពី ៦០ ទៅ ៩០ថ្ងៃ បន្ទាប់ពីសាប។ រយៈពេលលូតលាស់របស់ដំណាំម្ទេសប្លោក ចាប់ពីដាំរហូតដល់ប្រមូលផលមានរយៈពេលពី ៤ ទៅ ៧ខែ អាស្រ័យទៅតាមពូជ។

៥.ការប្រមូលផល

ផ្លែម្ទេសអាចបេះបានក្រោយពីចេញផ្កាបានរយៈពេលពី ៣ ទៅ ៦អាទិត្យ។ ចំពោះម្ទេសប្លោកគេប្រមូលផលពេលផ្លែខ្ចី៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here