បច្ចេកទេសក្នុងដាំដំណាំឆៃថាវផ្អែម

235

ឆៃថាវមានពីរប្រភេទ គឺពូជមានរយៈពេល ៦០ថ្ងៃ និង ៤៥ថ្ងៃ។ ពូជ ៦០ថ្ងៃ ភាគច្រើនគេដាំនៅរដូវប្រាំង និងពូជ ៤៥ថ្ងៃ គេដាំនៅរដូវវស្សា ប៉ុន្តែពូជទាំងពីរនេះ កំពុងពេញនិយមលើទីផ្សារប្រចាំថ្ងៃដូចគ្នា។

១.ការរៀបចំដីដាំ

-មុនដាំត្រូវត្រៀមដីដោយរាស់បំបែកឲ្យល្អិតលាយជីលាមកសត្វ ផេះ ឬជីកំប៉ុស ហើយហាលសំដិលដីនោះមួយសប្ដាហ៍។
-បើចង់ឲ្យដំណាំឆៃថាវកាន់តែឆាប់លូតលាស់ល្អ ត្រូវភ្ជួររាស់ដីយ៉ាងហោចណាស់ ៣ ទៅ ៤លើក ដើម្បីឲ្យដីធូរមានខ្យល់ចេញចូលគ្រប់គ្រាន់ ងាយជ្រាបទឹកបានល្អ ហើយក៏ត្រូវលើករងឲ្យមានកម្ពស់ ១តឹក និងទទឹង ១ម៉ែត្រ ៨តឹក អាស្រ័យលើទំហំដី។

២.ការដាំ

-ជីករណ្តៅទទឹងប្រមាណមួយចំអាមរាក់ៗ បន្តក់គ្រាប់ពូជដែលអាចរកទិញបានតាមទីផ្សារមួយរណ្ដៅ ២ ឬ ៣គ្រាប់។
-វិធីមួយទៀតគឺមិនបាច់ជីករណ្តៅក៏បាន គឺព្រោះគ្រាប់យកតែម្តង តែត្រូវយកដីលាយជីលាមកសត្វ បាចពីលើឲ្យលុបគ្រាប់ពូជប្រមាណជាមួយថ្នាំងម្រាមដៃ រួចស្រោចទឹកឲ្យជោគ ទើបយកចំបើង ឬស្មៅស្ងួត ក្រាលគ្របពីលើស្តើងៗមួយស្រទាប់។
-កាលណាដុះស្លឹកមួយដើម ៥ស្លឹកហើយ ទើបដកដើមណាដែលមិនស្អាតចោល ទុកតែដើមដែលរឹងប៉ឹងជាងគេឲ្យឃ្លាតពីដើមមួយទៅដើមមួយប្រមាណជាង ១ចំអាម ឬប្រមាណ ៣តឹក។

៣.ការថែទាំ
-ដើម្បីថែទាំដំណាំឆៃថាវឲ្យបានទាន់តម្រូវការទីផ្សារ ចាំបាច់ត្រូវតែស្រោចទឹក ១ថ្ងៃ ១ដង គឺពេលថ្ងៃ បោចស្មៅ ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដីរក្សាសំណើមបានយូរ ធ្វើឲ្យមើមឆៃថាវអាចស្រូបយកជីជាតិស្រួល។
-ពេលវាដុះហើយត្រូវស្រោចវា តែឆៃថាវនេះវាមិនត្រូវការទឹកពេកទេ គ្រាន់តែស្រោចវាឲ្យល្មម ឲ្យសើមបានហើយ តែបើខែប្រាំងវិញ យើងដាំត្រូវតែស្រោចទឹកតែពេលថ្ងៃបានហើយ។

៤.ការប្រមូលផល
ឆៃថាវអាយុបាន ៤៥ ឬ ៦០ថ្ងៃ អាស្រ័យលើពូជដែលដាំ គឺចាប់ផ្ដើមប្រមូលផលម្តងទាំងអស់ មិនទុកដូចដំណាំដទៃនោះឡើយ ព្រោះអាចធ្វើឲ្យឆៃថាវស្ពោត។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here