នៅមុខកុំព្យូទ័រយូរពេក អាចបណ្ដាលឲ្យកើតជំងឺច្រើនមុខណាស់!

33

មាន​ការ​ងារ​ជា​ច្រើន​ដែល​តម្រូវឲ្យ​មួយ​ថ្ងៃៗ​ មនុស្ស​អង្គុយ​ធ្វើ​ការ​​យូរមុខ​អេក្រង​កុំព្យូទ័រ។ ប៉ុន្តែ​​ប្រហែល​ជា​ពេល​ខ្លះ​អ្នក​មិន​បាន​​​ដឹង​​ទេ​ថា​ ទង្វើ​ប្រចាំ​ថ្ងៃ​ទាំង​នេះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​​​​ដល់​​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ដូច្នេះ​ហើយ​បាន​​ជា​អ្នក​វិទ្យាសាស្ត្រ​ព្រម​ទាំង​អ្នក​ជំនាញ​ផ្នែក​​សុខភាព បាន​ហាមប្រាម​កុំ​ឲ្យ​អង្គុយ​យូរ​ពេក ដើម្បី​ជៀស​វាង​កើត​ជំងឺ​ដូច​ខាង​ក្រោម​នេះ។

១. គាំង​បេះដូង៖ពេល​អ្នក​អង្គុយ​យូរ ប្រព័ន្ធ​​រំលាយ​អាហារ​នឹង​​ដំណើរការ​​យឺត​ជាង​មុន ចលនា​ឈាម​​ក៏​ថយ​ចុះ​​ធ្វើ​ឲ្យ​ឈាម​រត់​យឺត​ទៅ​កាន់​សាច់​ដុំ ដែល​​ពិបាក​ក្នុង​ការ​ដុត​បំផ្លាញ​​កាឡូរី​នៅ​ក្នុង​រាង​កាយ។ ជាតិ​ខ្លាញ់ ធ្វើ​ឲ្យ​សាច់​ដុំ​ និង​ចរន្ត​ឈាម​រាំង​ស្ទះ ពេល​ដែល​​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​ឡើងៗ ​​ជា​ហេតុ​​អាច​​បង្ក​ឲ្យ​គាំង​បេះ​ដូង ជា​ពិសេស​​សម្រាប់​អ្នក​ដែល​​អង្គុយ​ធ្វើ​ការ​លើស​ពី​ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ​យល់​ល្អ​អ្នក​គួរក្រោក​ពី​កៅអី​ យ៉ាង​​ហោច​ណាស់​ឲ្យ​បាន​ ៣០​ នាទី​ក្នុង​មួយ​ថ្ងៃ។

២. ទឹក​នោម​​ផ្អែម៖​​ទឹក​នោម​ផ្អែម​ជា​ជំងឺ​ដែល​​​អាច​កាត់​ផ្តាច់ ​អាយុ​ជីវិត​ច្រើន​ជាង​គេ នៅ​លើ​ពិភព​លោក។ ​ពេល​អ្នក​អង្គុយ​ លំពែង​នឹង​ចុះ​​ខ្សោយ ហើយ​​ផលិត​​​​អាំងស៊ុយលីន​តិច​ជាង​មុន ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​​រាង​កាយ​កើន​ឡើង។ បើ​អ្នក​មាន​សកម្មភាព​បែប​នេះ​ដដែលៗ​​រៀងរាល់​ថ្ងៃ អត្រា​កើត​ទឹកនោមផ្អែម កាន់​តែ​កើន​​ឡើង។

៣. មហារីក៖​ជាពិសេស​សម្រាប់​ស្រ្តី ​នឹង​ងាយ​កើត​ជំងឺមហារីក​សុដន់ មាត់​ស្បូន និង​​ពោះ​វៀន ព្រោះ​​រាង​កាយ​មិន​សូវ​បាន​បញ្ចេញ​សកម្មភាព ធ្វើ​ឲ្យ​ការ​ប្រឆាំង​​អុកស៊ីតកម្ម​ថយ​ចុះ អាំង​ស៊ុយលីន​ផលិត​តិច​ជាង​ធម្មតា ដែល​អាច​បង្ក​ឲ្យ​មាន​កោសិកា​មិន​ល្អ និង​បណ្តាល​ឲ្យ​កើត​​មហារីក​។ដូច្នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​ឧស្សាហ៍​ ងើប​ពី​កៅអី​ខ្លះ។

៤. មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​៖​អង្គុយ​យូរ​​ពេក​​ផ្តល់​សម្ពាធ​ដល់​ក្រពះ​យ៉ា​ង​ខ្លាំង ធ្វើ​ឲ្យ​ការ​កិន​រំលាយ​អាហារ​មាន​ភាព​យឺតយ៉ាវ ហើយ​​​អាច​ទល់លាមក ជា​ពិសេស​ពោះវៀន​ក៏​​ពិបាក​​ដំណើរការ​ជាង​មុន។

៥. ខួរក្បាល​ថយ​ចុះ៖ខួរក្បាល​ថយ​ចុះ​ដោយសារ មិន​ទទួល​បាន​នូវ​​ការ​ផ្គត់ផ្គង់​​ឈាម​ និង​អុកស៊ីសែន​គ្រប់​គ្រាន់ សម្រាប់​បណ្តេញ​ជាតិ​​ពុល​នៅ​ក្នុង​រាងកាយ។

៦. ឈឺ​រោយ​នៅ​លើ​រាងកាយ៖នេះ​គឺ​ជា​អ្វី​ដែល​មិន​មែន​កើត​ឡើង​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​ឃើញ​លទ្ធផល​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ទៅ​ខាង​មុខ ដូចជា​អាការៈ​ឈឺ​ក​ ស្មា ឬ​​ឈឺ​ឆ្អឹង​ខ្នង ព្រោះ​​វា​​បាន​ទ្រាំ​ទ្រ​នឹង​រាងកាយ​ទាំង​មូល​ពេល​ដែល​អ្នក​អង្គុយ​​យូរ។

៧. កូឡេសស្តរ៉ូល៖​បន្ទាប់​ពី​អ្នក​ធ្វើ​ការ​បាន​មួយ​ឆ្នាំ ​ជាតិ​ខូឡេសស្តរ៉ូល​​ នៅ​ក្នុង​រាង​កាយ​នឹង​កើនឡើង​ គួរ​ឲ្យ​កត់​សម្គាល់ ព្រោះ​​​ការ​អង្គុយ​​​យូរ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​មុខងារ​​នៃ​​ការ​រំលាយ​អាហារ និង​កាត់​បន្ថយ​បម្រែបម្រួល​អាំងស៊ុយលីន។

៨. ភាព​ធាត់៖អង្គុយ​រាប់​ម៉ោង​​ប៉ះពាល់​សុខភាព​ណាស់ ព្រោះ​​រាងកាយ​មិន​​បាន​​​បញ្ចេញ​ថាមពល ហើយ​សាច់ដុំ​ក៏​មិន​មានដំណើរការ​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ​រាង​កាយ​​មិនអាច​​ដុត​បំផ្លាញ​ជាតិ​កាឡូរី។ ដូច្នេះ​គួរងើប​ពី​កៅអី​ឲ្យ​បាន​ ៥ នាទី​ជា​ញឹក​ញាប់​ សឹម​ត្រលប់​​មក​ធ្វើ​ការ​វិញ​ទើប​ល្អ។

៩. ស្រ្តេស៖ប្រាកដ​ណាស់ វា​នឹង​បំផ្លាញ​អារម្មណ៍​​អ្នក​ ហើយ​​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​​​គិត​ច្រើន បាត់​បង់​​នូវ​ការ​ផ្តោត​​សំខាន់​ទៅ​លើ​កិច្ចការ​ផ្សេងៗ និង​អាច​នាំ​ឲ្យ​អ្នក​កើត​ទុក្ខ​ក្រៀម​ក្រំ​ច្រើន។

១០. ស្ពឹក​ស្រពន់៖​អង្គុយ​យូរ​មិន​ត្រឹមតែ​​ ស្ពឹក​​ស្រពន់​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​​សុខភាព​មាន​បញ្ហា​នៅ​ថ្ងៃ​ខាង​មុខ​ ប៉ុន្តែ​បើ​អ្នក​ចង់​ជៀស​ពី​បញ្ហា​ទាំង​អស់​​​នេះ អ្នក​ត្រូវ​ខំ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន វា​ល្អ​ទាំង​សុខភាព ហើយ​​អាច​ជំរុញ​ឲ្យ​អ្នក​ងើប​​​​​ទៅ​​​ចូល​បន្ទប់​​ទឹក​​ផង​ដែរ។ ម្យ៉ាង​ទៀត​ដើម្បី​​​ទប់​ស្កាត់ កុំ​ឲ្យ​​កើត​ជំងឺផ្សេងៗដោយ​សារ​​​ការ​អង្គុយ​យូរ អ្នក​គួរ​ក្រោកឈរ រាល់​ ៣០ នាទី​ម្តង៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here