ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីសាស្ត្រនៃការបណ្ដុះផ្សិតចំបើងតាមវិធីខាងក្រោមនេះ..!!

21-Jun-2019 12:04 PM

រូបភាព


ដោយ: Uddam

ផ្សិតជាដើមរុក្ខជាតិម្យ៉ាងដែលគេចាត់ទុកថាជាអាហារដ៏ពេញនិយមមួយនៅក្នុងតំបន់អាស៊ី។ ចំពោះវិធីបណ្ដុះផ្សិត មានប្រជាជនខ្មែរមួយចំនួនពុំសូវយល់ដឹងពីការបណ្ដុះផ្សិតនេះទេ។ម្យ៉ាងទៀតកសិករមួយចំនួន បណ្តុះផ្សិតមិនបានលទ្ធផលដូចដែលយើងចង់បានឡើយ។

បើតាមគម្រោងបង្ហាញបច្ចេកវិទ្យាដើម្បីបង្កើនផលិតផលជុំវិញតំបន់ទន្លេសាប បានឱ្យដឹងថាវិធីបណ្ដុះផ្សិតចំបើងមានលក្ខណៈសុំាញុំាបន្តិច ប៉ុន្តែទោះជាយ៉ាងណា នេះជាបទពិសោធន៍បណ្ដុះផ្សិតចំបើងទៅតាមបែបធម្មជាតិដែលធ្វើឱ្យផ្សិតលូតលាស់បានល្អ។ជាទូទៅផ្សិតត្រូវការលក្ខខណ្ឌអាកាសធាតុក្តៅ ហើយសើម សម្រាប់ការលូតលាស់របស់វា។

មុននឹងរៀបចំបណ្ដុះផ្សិតគឺត្រូវរៀបរោងបណ្ដុះផ្សិតជាមុនសិន។រោងបណ្ដុះផ្សិតជារោងរក្សាកំដៅ។រោងនេះគឺធ្វើពីបង្គោលឈើ ឬឬស្សី សម្រាប់ធ្វើបង្កោងដំបូល ដូចដំបូលទូកនេសាទ។ដំបូលនិងជញ្ជាំងរោងធ្វើពីថង់កៅស៊ូប្លាស្ទិច។ ដើម្បីរក្សាកំដៅឱ្យបានល្អ គេអាចសង់រោងនេះមានទទឹងពី៣ទៅ៤ម៉ែត្រ បណ្ដោយពី៥ទៅ៦ម៉ែត្រ និងកំពស់ពី១,៥ទី១,៧ម៉ែត្រ។

រោងបណ្តុះត្រូវគ្របការពារកំដៅនិងភ្លៀង ដោយរោងប្រក់ស្លឹកពីលើមួយទៀត។

ដោយឡែក វិធីបណ្ដុះផ្សិតចំបើងត្រូវប្រើល្បាយចំហុយនិងផ្អាប់ក្នុងរោងហប់បិទជិត។ការបណ្ដុះផ្សិតចំបើងដោយប្រើល្បាយចំហុយនិងផ្អាប់ក្នុងរោងហប់បិទជិត មាន៦ជំហានដូចតទៅ៖

ទី១៖ការលាយល្បាយនិងរៀបចំដុំល្បាយកំប៉ុស្ដិ៍វត្ថុធាតុដើមសម្រាប់ផ្សំលាយធ្វើល្បាយកំប៉ុស្ដិ៍បណ្ដុះផ្សិតចំបើងរួមមាន៖ចំបើងឬគល់កញ្ជ្រាំង១០០គីឡូក្រាម កន្ទក់ម៉ត់ចំនួន៨ទៅ១០គីឡូក្រាម ចុងអង្កឬម្សៅដំណើប១គីឡូក្រាមកំបោសចំនួន០,៥គីឡូក្រាមជីអ៊ុយរ៉េចំនួន០៥គីឡូក្រាមឬជីលាមកសត្វក្រៀមពី៥ទៅ១០គីឡូក្រាមនិងទឹកស្អាតលាយល្បាយដែលមានជាតិសំណើមពី៦០%ទី៧០%។

វិធីសាស្ត្រនៃការលាយល្បាយ គឺយកវត្ថុធាតុដើមមានដូចជាចំបើង កំបោរសនិងទឹកស្អាតមកលាយ ចូលគ្នា រួចផ្អាប់ទុករយៈពេលពី៥ថ្ងៃទៅ៧ថ្ងៃទើបយកទៅលាយជាមួយច្របល់គ្នានឹងវត្ថុធាតុដើមផ្សេងទៀត ឱ្យបានសព្វល្អសើមល្មម។ បន្ទាប់មកយកពូត លុះត្រាណាមិនមានស្រក់ទឹក។ នៅពេលដែលលាយរួច ត្រូវគ្របផ្អាប់ទុកពី១២ទៅ២៤ម៉ោង ដើម្បីឱ្យវាទន់ចូលគ្នាល្អ មុននឹងយកទៅជាន់ពុម្ភ និងច្រកថង់ដាក់ចំហុយ។

ជំហានទី២៖ការចំហុយដុំល្បាយកំប៉ុស្ដិ៍ បណ្ដុះផ្សិតចំបើងដុំល្បាយចាំបាច់ត្រូវចំហុយឱ្យបានឆ្អិនល្អ ដើម្បីកុំឱ្យដុះផ្សិតអាចម៍គោ។ដើម្បីចំហុយបានងំឆ្អិនល្អ និងសន្សំសំចៃអុស អ្នកបណ្ដុះផ្សិត ត្រូវរៀបចំចង្ក្រានគុកដោយប្រើអង្កាម។បន្ទាប់ពីចំហុយបានឆ្អិនសព្វល្អហើយ ស្រង់ដុំល្បាយទុកសំដិលឱ្យត្រជាក់ ប្រហែលពី៦ទៅ៨ម៉ោង។

ជំហានទី៣៖ការបញ្ចូលមេផ្សិតចូលក្នុងថង់កំប៉ុស្តិ៍ត្រូវប្រើមេផ្សិត មានគុណភាពល្អសម្រាប់បណ្ដុះផ្សិត។ជ្រើសរើសកន្លែងស្អាត បិទជិត គ្មានខ្យល់បក់សម្រាបើបញ្ចូលមេផ្សិត។ អ្នកបញ្ចូលមេផ្សិត ត្រូវលាងដៃនិងសំភារៈជាមួយអាល់កុល។ ស្រាយមាត់ថង់ដុំល្បាយម្ខាងម្ដងៗ ដើម្បីដាក់បញ្ចូលមេផ្សិត។ បន្ទាប់ពីបញ្ចូលមេផ្សិតរួច ដាក់កងទុយោទីបជ័ររួចគ្របក្រដាស មុននឹងចងមាត់ថង់នឹងកៅស៊ូកង។

ជំហានទី៤៖ការបន្ទុំដុំល្បាយកំប៉ុស្តិ៍ការបន្ទុំដុំល្បាយ ត្រូវការកន្លែងបិទបាំងជិត មិនមានខ្យល់ចេញចូល និងមានកំដៅខ្លាំងជ្រុល។យកតង់កៅស៊ូមកក្រាល បន្ទាប់មកយកដុំល្បាយដែលបញ្ចូលមេរួច មកតំរៀបទល់មុខគ្នាជាជួរហើយដាក់គរលើគ្នាដូចរាងសាជី។បន្ទាប់មកបត់ជាយតង់កៅស៊ូខ្ចប់រុំដូចជាភួយ។ ត្រូវតាមដានកំដៅដុំល្បាយ ធ្វើយ៉ាងណាឱដុំល្បាយហប់ ក្ដៅងំល្អ ហើយត្រលប់បង្វិលថង់ល្បាយ។

ជំហានទី៥៖ការព្យួរនិងថែទាំដុំល្បាយកំប៉ុស្តិ៍ក្នុងរោងបណ្ដុះផ្សិតនៅពេលដែលសសៃមេផ្សិតដើរសព្វជុំវិញផ្ទៃដុំល្បាយបានល្អហើយ ត្រូវស្រាយលាថង់ស្រោបពីខាងក្រៅដុំល្បាយចេញ ហើយស្រោចទឹកលើដុំល្បាយ ឱ្យបានជោគសព្វល្អ។បន្ទាប់មក ថ្ពក់ខ្សែដុំល្បាយនឹងទំពក់ដែក រួចហើយព្យួរដុំល្បាយនឹងស្នូរឬស្សីម្ដងមួយៗ កុំឱ្យប៉ៈគ្នាក្នុងរោងបណ្ដុះបន្ទាប់ពីព្យួររួចត្រូវបិទរោងបណ្ដុះឱ្យជិតហើយសង្កត់ជើងថង់ជាជញ្ជាំងឱ្យជិតជាប់ដី។

ពិនិត្យតាមដានកំដៅនិងសំណើមរោងបណ្ដុះបើសិនជាឃើញដុំណាមួយស្ងួតពេកត្រូវបាញ់ផ្សើមដោយចំហាយទឹក។ចំពោះដុំស្ងួត ដែលមានដុះពកចេញកូនផ្សិតហើយ ហាមបាញ់ទឹកចំលើដុំ តែត្រូវបាញ់ទឹកផ្សើមដីនៅចំពីក្រោមត្រូវរក្សាកំដៅក្នុងរោងបណ្ដុះឱ្យបានសមស្របជានិច្ចពី៣៥ទៅ៣៨អង្សារសេ។បើក្ដៅពេក ត្រូវបើកបង្ហើបថង់ជើងជញ្ជាំងរោង ឱ្យកំដៅចេញខ្លះ តែបើត្រជាក់ពេក ត្រូវបើកគម្របរោងឱ្យត្រូវពន្លឺថ្ងៃឬបិទហុំរោងបន្ថែមកុំឱ្យប៉ៈខ្យល់ត្រជាក់ខាងក្រៅ។

ជំហានទី៦៖ការប្រមូលផលនិងការថែទាំក្រោយពេលព្យួរពី៨ទៅ១០ថ្ងៃ ផ្សិតចាប់ផ្ដើមដុះ។ គេត្រូវបេះផ្សិតពីព្រលឹមដោយកាត់យកកញ្ចុំណាដែលមានផ្សិតធំៗ។នៅថ្ងៃទី១និងថ្ងៃទី០២ តែនៅថ្ងៃទី០៣ ត្រូវឆ្គឹះដកយកទាំងធំ ទាំងតូច។បន្ទាប់មក ត្រូវបាញ់ ផ្សើមទឹកជីកំប៉ុស្តិ៍ លើដុំល្បាយដែលបេះអស់នីមួយៗ ហើយបន្តថែទាំកំដៅនិងសំណើម។បើតាមធម្មតាក្នុង១សារឬ១រដ្ដជីវិតផ្សិត មានរយៈពេលពី៣០ថ្ងៃទៅ៤៥ថ្ងៃ។