កសិកម្ម
រូបភាព
សត្វមាន់ជាប្រភេទសត្វដែលងាយឆ្លងជំងឺ។ ដូច្នេះ ក្នុងការចិញ្ចឹមមាន់ ទាមទារឲ្យអ្នកចិញ្ចឹមចេះជ្រើសរើសពូជ ទីតាំងចិញ្ចឹម ការរៀបចំទ្រុង ការថែទាំ និងសម្អាតអនាម័យជាប្រចាំ ការរៀបចំសម្បុក ពិសេសការជ្រើសរើសចំណីប្រកបដោយគុណភាព។
ដើម្បីអាចផលិតចំណីធម្មជាតិសម្រាប់មាន់បាន ចាំបាច់ត្រូវមានវត្ថុធាតុដើមដែលជាក្រុមអាហារសម្បូរជាតិវីតាមីន(ប្រភេទអាហារការពារ)ដូចជាស្លឹកម្រុំ,ត្រកួន,អង្គាដី,កន្ធំថេត,ប្រទាលត្រចៀកជ្រូក,ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ,ស្លឹកខ្ទឹម,ស្លឹកគ្រៃ,ចុងអង្ករ,កន្ទក់ និងសម្បកបង្គា-ល-។
ដើម្បីផលិតចំណីមាន់ប្រកបដោយសារធាតុចិញ្ចឹមដល់សត្វមាន់ឲ្យឆាប់លូតលាស់ និងទទួលបានទិន្នផលស៊ុតគុណភាពខ្ពស់៖«មនុស្សសត្វដូចគ្នា យើងហូបមានសត្វមានបន្លែដូចគ្នា ចឹងសត្វវាក៏ត្រូវការបន្លែ ត្រូវការសត្វ អាហារប្លែកៗដែរ ចឹងដូចស្លឹកកន្ធំថេត ស្លឹកម្រុំ ស្លឹកស្ដៅ ស្លឹកគ្រៃ គឺជាថ្នាំមិនឲ្យមានមានជំងឺ ធំធាត់លឿន»។
+ វិធីផលិតចំណីធម្មជាតិ៖ដំបូងត្រូវយកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង(ដែលក្នុងនោះរួមមាន ត្រកួន ផ្ទី ស្លឹកអង្គាដី ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម)ដោយគិតជាបរិមាណប្រហែល ២០% ហើយប្រភេទបន្លែស្លឹកដែលមានជាតិម្សៅជួយរំលាយអាហារចំនួន១០%(ដែលមានស្លឹកម្រុំ និងស្លឹកកន្ធំថេត)។
បន្ទាប់មកយកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយចុងអង្ករ កន្ទក់ ដោយគិតជាបរិមាណ៤០%និងសម្បកបង្គាចំនួន២០%និងបន្ថែមអំបិល១ខាំដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
សម្រាប់មាន់ចិញ្ចឹមយកស៊ុត ទាមទារមើលថែឲ្យបានដិតដល់ និងទាមទារត្រូវផ្តល់ចំណី១ថ្ងៃ៣ដងគឺពេលព្រឹកចន្លោះពីម៉ោង៧ទៅ៨កន្លះពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង ៣ទៅម៉ោង៤ប៉ុន្តែមុនឲ្យចំណីមាន់ ត្រូវធានាថា ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។
ចំពោះចំណីក៏យើងត្រូវចេះជ្រើសរើសចំណីឲ្យបានត្រឹមត្រូវ កុំឲ្យវាខ្វះសារធាតុមួយចំនួននោះឡើយ ព្រោះអីបើមាន់យើងលែងអោយវាដើរ វាអាចដើរស៊ីសត្វល្អិត ចឹងវាអត់សូវខ្វះទេ។ តែចំពោះមានក់ក្នុងកសិដ្ឋានវិញ យើងចិញ្ចឹមអត់លែងក្រៅទ្រុងចឹង ទាមទារឲ្យមានចំណីទៀងទាត់ ត្រូវឲ្យស៊ីមួយថ្ងៃ ៣ដង ហើយក្នុងចំណីមួយពេលត្រូវមានសារធាតុចិញ្ចឹម និងបន្លែបៃតង បន្ថែមសារធាតុរ៉ែ និងអាហារធម្មជាតិដើម្បីបំប៉នឲ្យវាធំធាត់។
យោងតាមការស្រាវជ្រាវស្ដីពីបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ បានបង្ហាញដែរថា ដើម្បីចិញ្ចឹមមាន់បានល្អ និងទទួលបានទិន្នផលខ្ពស់ចាំបាច់ត្រូវអនុវត្តដូចជាជ្រើសរើសពូជមាន់ល្អមិនធ្លាប់កើតជំងឺឆ្លង ព័ន្ធទ្រុងរបងជុំវិញទីធ្លា ធ្វើទ្រុងសម្រាប់មាន់ដេកនិងធ្នើរសម្រាប់មាន់ក្រាបពងធ្វើទ្រើងដំណាំក្នុងទីធ្លាចិញ្ចឹមមាន់ដើម្បីបង្កើតម្លប់ក្នុងរដូវក្តៅ ធ្វើអនាម័យទ្រុងជាប្រចាំពិសេសត្រូវផ្តល់ចំណីធម្មជាតិចម្រុះដល់មាន់ ដើម្បីឲ្យមាន់ឆាប់ធំ។
សម្រាប់ក្រុមអាហារការពារដែលមានក្នុងចំណីធម្មជាតិដូចជាស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត និងរុក្ខជាតិបៃតងផ្សេងទៀត នឹងផ្តល់វីតាមីនសំខាន់ៗសម្រាប់មាន់ មានដូចជា វីតាមីនអាAវីតាមីនដេDវីតាមីនអឺEនិងវីតាមីនសេ C។ជាតិវីតាមីនទាំងនេះនឹងជួយបង្កើនភាពរឹងមាំប្រឆាំងនឹងមេរោគជួយក្នុងការរំលាយអាហារស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការបន្តពូជ ពិសេសជួយបង្កើនគុណភាពស៊ុតមាន់ខ្ពស់។
លើសពីនេះប្រភេទអាហារជាតិរ៉ែដែលមានក្នុងសម្បកបង្គា ខ្យង លៀស គ្រុំ អំបិល នឹងជួយបង្កើតឆ្អឹង ឈាម រោម និងសម្បកស៊ុត។ដោយឡែក កន្ទក់,ពោត,ស្រូវ និងក្រុមអាហារទ្រទ្រង់ដទៃទៀត នឹងជួយបង្កើតកម្ដៅឲ្យរាងកាយសត្វមាន់កក់ក្តៅ និងសម្រួលដល់ចលនាសកម្មភាពផ្សេងៗរបស់សត្វមាន់។
បច្ចុប្បន្ន សាច់មាន់ និងស៊ុតមាន់ កំពុងពេញនិយមក្នុងការជួញដូរដ៏សកម្មក្នុងទីផ្សារនៅកម្ពុជា ហើយខណៈពលរដ្ឋមួយចំនួន និយមប្រើចំណីគីមី ឬចិញ្ចឹមបែបឧស្សាហកម្ម ដើម្បីឲ្យមាន់ធំលូតលាស់លឿន និងទទួលបានទិន្នផលស៊ុតឆាប់រហ័សនោះ អ្នកបច្ចេកទេសចិញ្ចឹមមាន់ម្នាក់នេះ មិនប្រាថ្នាបែបនេះឡើយ។
ការចិញ្ចឹមមាន់ដោយផ្តល់ចំណីធម្មជាតិលូតលាស់យឺត បើប្រៀបធៀបនឹងការចិញ្ចឹមដោយប្រើចំណីគីមីក៏ដោយ តែវាផ្តល់ឲ្យមានសុខភាពល្អដល់អ្នកបរិភោគ ចំណាយថវិកាតិច។លើសពីនេះសាច់មាន់និងស៊ុតរបស់វាលក់បានតម្លៃថ្លៃ។ដូចនេះសម្រាប់កសិករដែលចាប់អារម្មណ៍ការចិញ្ចឹមមាន់បែបធម្មជាតិ ត្រូវតែចាប់ផ្ដើមពីអ្វីដែលខ្លួនមាន និងត្រូវគិតពីវត្ថុធាតុដើមធម្មជាតិនៅក្បែរខ្លួន ក្បែររបងផ្ទះជាមុនសិន មុននឹងចាប់យកវិធីសាស្ត្រចិញ្ចឹមដោយចំណីគីមី ហើយលោកចង់ឃើញរដ្ឋាភិបាល លើកទឹកចិត្តការចិញ្ចឹមមាន់បែបធម្មជាតិ និងស្វែងរកទីផ្សារនៅពេលដែលកសិករចិញ្ចឹមបានជោគជ័យ៕