ចំណេះដឹងទូទៅ
រូបភាព
+គ្រឿងផ្សំ
-ផ្លែត្រសក់ស្រូវខ្ចីស្រស់ចំនួន ១០គីឡូក្រាម
-អំបិល ៩ខាំ (ប្រើអំបិលគ្រាប់)
-ស្ករសចំនួន ១គីឡូក្រាម
-ទឹកមិនកំណត់ច្បាស់លាស់ គឺល្មមត្រឹមត្រាំត្រសក់លិចផ្លែ។+សំភារត្រូវមាន
-ឆ្នាំងដាំទឹក-ពាង ឬក្រឡសំរាប់ដាក់ត្រសក់ចាវ-កញ្ច្រែង ឬចង្អេរសំរាប់ដាក់ត្រសក់ហាលថ្ងៃ-កូនកាំបិត
+របៀបធ្វើ
-ជ្រើសរើសយកផ្លែត្រសក់ស្រូវខ្ចីល្អ ទើបឆ្ងាញ់ជាងត្រសក់ចាស់
-យកត្រសក់មកលាងទឹកសំអាត រួចស្រង់យកមកឆូតសំបកវាបណ្តោយផ្លែ៣-៤កន្លែងឃ្លាតពីគ្នាប្រហែលពីរធ្នាប់ដៃ ប៉ុន្តែជៀសវាងកុំឆូតជ្រៅដល់បណ្តូលត្រសក់ ពីព្រោះវានាំឲ្យធ្លាយគ្រាប់ចេញមកក្រៅ-ការឆូតនេះ ដើម្បីងាយនៅពេលដាក់អំបិល និងស្ករជ្រាបចូលទៅក្នុងសាច់
-ដាក់អំបិលចូលទៅក្នុងឆ្នាំងទឹក រួចដាក់ដាំលើចង្ក្រានរហូតទឹកអំបិលពុះមួយសន្ទុះទើបលើកចុះ
-ទុកទឹកអំបិលដាំរួចនោះឲ្យត្រជាក់បន្តិច (ក្តៅឧណ្ហៗ) ហើយចាក់ត្រសក់ចូលត្រាំទឹកមួយយប់ ប៉ុន្តែចាក់ទឹកកុំឲ្យលិចត្រសក់ ព្រោះត្រសក់អាចចេញទឹកថែមទៀតនៅពេលត្រាំទឹកអំបិល
-បន្ទាប់មកស្រង់ត្រសក់ដាក់ហាលថ្ងៃរហូតទល់ល្ងាចទើបយកវាមកដាក់ត្រាំទឹកអំបិលម្តងទៀត ប៉ុន្តែមុននឹងដាក់ត្រសក់ត្រាំ ត្រូវដាំទឹកអំបិលនោះឲ្យពុះឡើងវិញដើម្បីកុំឲ្យវាផ្អូម
-ធ្វើបែបនេះរយៈពេល ៤-៥ដង រហូតទាល់តែផ្លែត្រសក់ស្វិតនៅតូចទើបឈប់ត្រាំទឹកអំបិល និងហាលថ្ងៃ-យកត្រសក់ដែលបានរៀបចំដូចខាងលើមកដាក់ត្រាំទឹកក្តៅឧណ្ហៗប្រហែល ២ថ្ងៃបន្ថែមទៀត (ទឹកសាបគ្មានអំបិល) ធ្វើបែបនេះឲ្យវារីកដើម្បីឲ្យស្ករអាចជ្រាបចូលក្នុងសាច់បានល្អ និងឆាប់បរិភោគបាន
-បន្ទាប់មកស្រង់យកត្រសក់ដាក់តំរៀបក្នុងក្រឡហើយចាក់ស្ករសចូលដោយមិនចាំបាច់ដាក់ទឹកទេ ព្រោះវានឹងចេញទឹកពីស្ករសនៅពេលក្រោយ
-ទុកត្រសក់ត្រាំទឹកស្ករសរួចនេះនៅក្នុងម្លប់ និងហាលថ្ងៃម្តងម្កាលដើម្បីកុំឲ្យដុះផ្សិត រយៈពេលកន្លះខែ ទៅមួយខែគឺយើងអាចយកមកបរិភោគបាន
-យើងអាចបរិភោគដោយផ្ទាល់តែម្តង បើចង់ធ្វើឲ្យមានរសជាតិឆ្ងាញ់ថែមទៀត គឺយើងអាចយកត្រសក់ចាវមកចិតជាចំណិតស្តើងល្មម ហើយដំខ្ទឹមស ហាន់ម្ទេស ដាក់ទឹកក្រូចឆ្មា ឬទឹកខ្មេះចូល បើចង់បានផ្អែម ថែមស្ករសឬស្ករត្នោតចូលរួចទុកចោលមួយថ្ងៃសឹមយកមកហូប នោះនឹងឆ្ងាញ់ពិសា+ការរក្សាទុក
-ត្រសក់ចាវនេះអាចរក្សាទុកបានរយៈពេលយូរដល់ទៅមួយឆ្នាំ ឬលើសពីមួយឆ្នាំ ប៉ុន្តែត្រូវឧស្សាហ៍ដាក់វាត្រូវថ្ងៃម្តងម្កាលដើម្បីកុំឲ្យដុះផ្សិត
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។