កសិកម្ម
រូបភាព
១-ការដាំនិងការរៀបចំរណ្តៅដាំ៖ក្នុងការដាំស្វាយចន្ទីគេរានដីរួចកាប់ជារណ្តៅទំហំ១ម៉ែត្របួនជ្រុងនិងជំរៅ១ម៉ែត្រ។នៅក្នុងរណ្តៅគេបានដាក់សំរាមស្លឹកឈើងាប់ៗលាមកសត្វនិងដីព្រៃ(ដីស្រទាប់លើ)។ជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព៦ម៉ែត្រនិងចន្លោះជួរ៩ម៉ែត្រ។ក្រោយពីជីករណ្តៅហើយយកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង។
២-ការថែទាំ៖ក្រោយពីដាក់គ្រាប់ដាំ ហើយគេបានធ្វើការស្រោចទឹករហូតដល់ដុះ។ត្រូវបន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាដំណាំស្វាយចន្ទីជិតស្ងួតទឹកហើយត្រូវបូមទឹកស្រោចនៅគល់ឱ្យជោកធ្វើបែបនេះនៅរាល់២ ទៅ៣សបា្តហ៍ម្តងចាន់ទីនឹងលូតលាស់លឿន។នៅដំណាក់កាលដំណាំអាយុចាប់ពី១ឆ្នាំឡើងទៅត្រូវធ្វើជីកំប៉ុស្ត៍ទឹកនិងប្រើជីប៉ូវផ្សំពីរុក្ខជាតិដើម្បីជួយជំរុញដល់ការលូតលាស់របស់កូនស្វាយចន្ទីបន្ថែម។
++ប្រភេទជីដែលផ្សំមានដូចខាងក្រោម៖
-របៀបផ្សំជីកំប៉ុស្ត៍ទឹក៖
ធាតុផ្សំជីកំប៉ុស្ត៍ទឹក៖ជ្រើសរើសប្រភេទស្លឹកឈើស្រស់និងទឹកឬលាយទឹកនោម។
របៀបធ្វើ៖ចិញ្ច្រាំស្លឹកឈើស្រស់ឱ្យល្អិតរួចយកទៅដាក់នៅក្នុងពាងនិងចាក់ទឹកពីលើ។រក្សាទុករហូតដល់រយៈពេល២០ទៅ៣០ថ្ងៃទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន។
++របៀបប្រើ៖ គឺយកទឹកជី១លីត្រលាយជាមួយទឹកធម្មតា២៥ ទៅ៣០លីត្រស្រោចទៅលើគល់ស្វាយចន្ទី។
-របៀបផ្សំជីជំនួយផ្លែ៖ធាតុផ្សំ៖ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី៣មុខឡើងទៅ ចំនួន៣គីឡូក្រាម និងទឹកស្កររងូ១គីឡូក្រាម។
របៀបផ្សំ៖យកផ្លែឈើទុំហាន់ឱ្យល្អិតៗ។យកធាតុផ្សំទៅច្របល់ឱ្យសព្វរួចយកទៅដាក់នៅក្នុងកែវគ្របឱ្យជិតរក្សាទុករយៈពេលពី១៥ថ្ងៃឡើងទៅអាចយកទៅប្រើបាន។
++របៀបប្រើ៖យកទឹកថ្នាំ១ស្លាបព្រាបាយលាយទឹកចំនួន១០លីត្រ ឬទឹកជី១កំប៉ុងទឹកដោះគោលាយទឹកចំនួន២០០លីត្រ។
-ថ្នាំពុលធម្មជាតិសម្លាប់សត្វកណ្តៀរ៖ធាតុផ្សំ៖មេ្ទស១ក្តាប់ដៃ ស្ករត្នោតរងូ១លីត្រ ទឹកខ្មេះ១លីត្រ ស្រា.ស១លីត្រ ។
++របៀបធ្វើ៖យកម្ទេសទៅបុកឱ្យម៉ដ្ឋលាយស្ករត្នោតចាក់ទឹកចូលនិងលាយបញ្ចូលគ្នាឱ្យសព្វរួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី(ក្នុងការផ្សំត្រូវប្រើស្រោមដៃដើម្បីចៀសវាងជាតិម្ទេសជាប់ដៃក្រហាយ)។ក្រៅពីប្រើថ្នាំធម្មជាតិគាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទីដើម្បីបណ្តេញកណ្តៀរ។
៣-លទ្ធផលទទួលបាន៖ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅអាយុចាប់ពី១ឆ្នាំឡើងទៅគ្រាន់តែបានផ្លែតិចឬច្រើនប៉ុណ្ណោះ។ប៉ុន្តែចំពោះផ្លែដែលពេញល្អគឺនៅអាយុ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន៩០០ដើមគាត់អាចប្រមូលផលបាន២,៥តោន(២៥០០គីឡូក្រាម)ឬប្រហែល២ទៅ៣គីឡូក្រាមក្នុង១ដើម។ដោយក្នុង១គីឡូក្រាមលក់បាន៣៩០០រៀល (តំលៃនេះប្រែប្រួលទៅតាមឆ្នាំ)។
៤-ការជ្រើសរើសពូជដាំបន្ត៖ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម។យកគ្រាប់ពូជទៅហាលថ្ងៃឱ្យស្ងួត។រក្សាទុកនៅក្នុងបាវឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំងនិងស្ងួតខ្លាំង។ការក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ។
៥-ចំណាប់អារម្មណ៍៖ចំពោះការដាំដំណាំស្វាយចន្ទីនេះការលំបាកគឺនៅឆ្នាំដំបូង និងការថែទាំ។ប៉ុន្តែដំណាំនេះមិនឱ្យមានភាពរវល់រាល់ថ្ងៃទេក្នុង១ឆ្នាំលំបានតែ១ទៅ២ខែប៉ុណ្ណោះ។ដូចនេះដំណាំនេះជាដំណាំដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ។
++សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីគឺជីករណ្តៅដាំធំៗដើម្បីដាក់ជីធម្ម
ជាតិនៅបាតរណ្តៅឱ្យបានច្រើន។ដាំដោយទុកចន្លោះគុម្ពឱ្យបានធំ។ថែទាំស្រោចទឹកលះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់និងការពារកណ្តៀរស៊ីគល់ដោយប្រើថ្នាំធម្មជាតិនិងប្រើអំបិល៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។