វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បាយស ១ចានចង្កឺះ,កាពិ ២ស្លាបព្រាបាយ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ។ គ្រឿងផ្សំ សាច់បីជាន់ឆាផ្អែម៖ សាច់បីជាន់ ១៥០ក្រាម ហាន់ស្តើងៗល្មម,ទឹក ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ,ស្ករត្នោត ៣ស្លាបព្រាបាយ។ គ្រឿងបន្ថែមសម្រាប់ញ៉ាំជាមួយ៖ ស៊ុតក្រឡុកចៀន ហាន់ជាសរសៃៗ,ពងទាប្រៃស្ងោរ,សាច់ក្រក់ចៀន ហាន់ជាបន្ទះៗ,បង្គាក្រៀម(លីងក៏បាន អត់ក៏បាន),ស្វាយ សាប់ ឬហាន់ជាសរសៃៗ,សណ្តែកកួរ ហាន់ល្អិតៗ,ត្រសក់ ចិតជាបន្ទះៗ,ខ្ទឹមក្រហម ម្ទេស ហាន់ និងក្រូចឆ្មារ (តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.ឆាផ្អែមសាច់បីជាន់ ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ស្ករត្នោតចូលកូរឲ្យរលាយសិន រួចដាក់សាច់បីជាន់ ទឹក និងទឹកស៊ីអ៊ីវចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី ឆ្អិនហើយដួសដាក់ចានទុកមួយអន្លើ។
២.ដាក់ប្រេងឆាចូលខ្ទះបន្តិច ដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ រួចដាក់កាពិចូលច្របល់ឲ្យរលាយ ហើយដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចាន
៣.រួចរាល់អស់ហើយរៀបចំសម្រាប់ទទួលទាន យកចានដាក់រៀបបាយឆាកាពិ ដួសសាច់បីជាន់ឆាផ្អែម និងគ្រឿងបន្ថែមទាំងអស់ (គ្រឿងបន្ថែមអាចតាមចំណូលចិត្តដាក់ ឬមិនដាក់មួយណាក៏បាន)៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។