ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បច្ចេកទេសដាំដូងឲ្យបានផ្លែច្រើនដោយមិនចាំបាច់ស្រោចទឹក

09-Jun-2020 04:28 AM

រូបភាព


ដោយ: AdminA

ដូងជាដំណាំឈើហូបផ្លែមួយប្រភេទដែលប្រជាជនកម្ពុជានិយមដាំ ។ ចំពោះបច្ចេកទេសនៃការដាំមានខុសៗគ្នាទៅតាមតំបន់ និងបទពិសោធន៍របស់កសិករដែលគាត់ធ្លាប់បានធ្វើកន្លងមក ។ នៅលេខនេះយើងខ្ញុំមានបទពិសោធន៍ថ្មីមួយទៀត ស្តីពីការដាំដូងឲ្យបានផ្លែច្រើនដោយមិនចាំបាច់ស្រោចទឹករបស់លោកអ៊ុំ សែម យឿន រស់នៅ ភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មកបង្ហាញជូនបងប្អូនកសិករ ដើម្បីទុកជាគំនិតសាកល្បង ។

១. របៀបជ្រើសរើសផ្លែដូងសំរាប់ដាំ

ដើម្បីដាំដូងឲ្យបានផលល្អ លោកអ៊ុំបានជ្រើសរើសផ្លែដូងធំ និងមានដុះពន្លកថ្លោសល្អ ។

២. ការរៀបចំរណ្តៅដាំ

ក្នុងការដាំនេះ លោកអ៊ុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំរណ្តៅ ។ រណ្តៅគាត់ជីកទំហំ ១ ម៉ែត្របួនជ្រុង ហើយដាក់សារធាតុផ្សេងៗ ក្នុងរណ្តៅតាមស្រទាប់ ដូចជា :

*ស្រទាប់ទី ១ នៅបាតរណ្តៅ គាត់ដាក់លាមកគោ ៣ បង្គី

*ស្រទាប់ទី ២ ដាក់ស្លឹកឈើ ៦ បង្គី

*ស្រទាប់ទី ៣ ដាក់ផេះ ១ បង្គី

*ស្រទាប់ទី ៤ ដាក់លាមកគោ ៣ បង្គីថែមទៀត

 

*ស្រទាប់ទី ៥ ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២ បង្គី ។

បន្ទាប់មកស្រោចទឹកពីលើឲ្យជោគ ទើបដាក់ដូងដាំដោយកប់ផ្លែឲ្យនៅត្រឹមពន្លក ។

មូលហេតុដែលលោកអ៊ុំបានរៀបចំជារណ្តៅធំដែលមានដាក់សារធាតុផ្សេងៗ ច្រើនស្រទាប់បែបនេះ ព្រោះលោកអ៊ុំយល់ថា :

-លាមកគោជាជីធម្មជាតិដ៏ល្អ វាជួយឲ្យស្លឹកឈើឆាប់រលួយ និងក្លាយជាជីបានយ៉ាងឆាប់រហ័ស

-ការដាក់ផេះជួយដូងដុះលូតលាស់បានល្អ ព្រោះផេះមានជាតិប្រៃ ហើយដំណាំដូងត្រូវការសារធាតុនេះច្រើន

-ដីខ្សាច់ ឬដីល្បាយខ្សាច់អាចរក្សាសំណើមបានយូរហើយត្រជាក់ អាចជួយឲ្យឫសដូងស្រូបយកជីជាតិបានងាយស្រួល ។

ក្រោយពីបានធ្វើការដាំពិសោធន៍សាកល្បងជាច្រើនឆ្នាំមក លោកអ៊ុំបានមានប្រសាសន៍ថា ការរៀបចំរណ្តៅដាំបែបនេះ ធ្វើឲ្យយើងមិនលំបាកក្នុងការស្រោចទឹកទេ គឺស្រោចតែមួយដងគត់នៅពេលដាំ ។ ហើយដាំបានរយៈពេល ៤ ឆ្នាំ ដូងចាប់ផ្តើមផ្តល់ផ្លែរហូតផ្លែច្រើន និងទឹកមានរសជាតិផ្អែមទៀតផង ។

សរុបមក បច្ចេកទេសដាំដូងសំខាន់ៗ របស់លោកអ៊ុំគឺ :

-ជីករណ្តៅដាំឲ្យបានធំ ១ ម៉ែត្របួនជ្រុង

-ដាក់ជីធម្មជាតិឲ្យបានច្រើន ហើយរៀបជាស្រទាប់

-ដាក់ផេះលាយជាមួយជីធម្មជាតិ ៕

ប្រភព cen.com.kh