ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ រោគគេងមិនលក់។ មនុស្សដែលកើតរោគគេងមិនលក់គឺមានបញ្ហានៅក្នុងការគេងឱ្យឆាប់លក់ ឬលក់ហើយឆាប់ភ្ញាក់ឡើងវិញ ភ្ញាក់នៅកណ្តាលយប់ ហើយនឹងមានការពិបាកក្នុងការខំគេងឱ្យលក់វិញណាស់។ លទ្ធផលនៃការរំខាននៅក្នុងការគេង ភាគច្រើនតែងតែជាការមួម៉ៅ វិបត្តិផ្លូវចិត្តអារម្មណ៍មិននឹងន ឬខ្សោយការចងចាំ។
ប្រភេទរុក្ខជាតិ៖ ផ្លែ/ផ្កាប៉ាស្យុង
លក្ខណៈរុក្ខជាតិ: វាជារុក្ខជាតិវល្លិតោងឡើង។ ស្លឹកឆែក ឆ្លាស់គ្នា ដែលមានកំពក។ ផ្កាទោល មានទំហំធំល្មមស្រស់ស្អាត ដោយមានសណ្ឋានដូចម្កុដ ឬបាំងឆ័ត្រពណ៌ស លាយស្វាយ។ ផ្លែមានរាងមូល មានអង្កត់ផ្ចិត ៥ ទៅ ៨សង់ទីម៉ែត្រ មានសារជាតិទឹក និងគ្រាប់នៅខាងក្នុង។ សាច់នៅខាងក្នុងផ្លែមានក្លិនឈ្ងុយ ហើយអាចធ្វើភេសជ្ជៈយ៉ាងឆ្ងាញ់ពិសា ថែមទាំងសំបូរទៅដោយវីតាមីនសេទៀតផង។
កន្លែងដាំដុះ: ផ្លែ/ផ្កាប៉ាស្យុងមាននៅស្ទើរទែគ្រប់ប្រទេសទាំងអស់នៅតំបន់ត្រូពិក។
វិធីធ្វើ និងរបៀបប្រើ៖ ការពិសាជាតិទឹកពីផ្លែប៉ាស្យុង ៤៥នាទី មុនពេលចូលគេងអាចជួយដល់បញ្ហាគេងមិនលក់។ ប្រសិនបើនៅទីផ្សារនៅតំបន់លោកអ្នកមានលក់ជាតិផ្កាប៉ាស្យុង ចូរលាយ ៣០ ទៅ ៦០តំណក់ជាមួយទឹកមួយកែវប្រមាណជា ៤៥នាទី មុនចូលគេង។
ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត៖ ការពារ ឬព្យាបាលការកន្ត្រាក់នៃសាច់ដុំរញីរញ័រ ឬការប្រកាច់,ការឈឺក្បាល,ការឈឺចាប់សរសៃប្រសាទ,ជួយឱ្យស្ងប់អារម្មណ៍,ខ្សោយ,ការរំលាយអាហារ,ដំបៅពោះវៀន និងសរសៃប្រសាទ ជាពិសេសសរសៃប្រសាទតាមផ្ទៃមុខ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។