ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក៏មានផលប៉ះពាល់ចំពោះសុខភាពរបស់អ្នកដែរ!

24-Jan-2020 10:37 AM

រូបភាព


ដោយ: AdminI

ប្រសិនបើអ្នកចូលចិត្តប្រើម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ អ្នកគួរតែកាត់បន្ថយហើយ។ ម៉ាស៊ីនត្រជាក់ក៏មានផលប៉ះពាល់ចំពោះសុខភាពដែរ ដែលអ្នកមិនបានចាប់អារម្មណ៍ឡើយ។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីផលប៉ះពាល់ទាំងនោះមានអ្វីខ្លះ៖

១.ការខ្សោះជាតិទឹក៖ ដោយសារតែរាងកាយរបស់អ្នកទទួលរងនូវភាពត្រជាក់ស្ងួតពីម៉ាស៊ីនត្រជាក់នោះហើយ ដែលធ្វើឲ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនៅក្នុងខ្លួន និងស្បែកនោះ។ អ្នកមានអារម្មណ៍ថាចង់ផឹកទឹកច្រើន នៅពេលម៉ាស៊ីនត្រជាក់កាន់តែត្រជាក់។ អត្រានៃការខ្សោះជាតិទឹកនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ខ្ពស់ជាងបន្ទប់ដែលប្រើកង្ហារ។ ដើម្បីឲ្យស្បែក និងរាងកាយរបស់អ្នកមានសំណើម អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអ្នកធ្វើបាន។ 

២.អស់កម្លាំង៖ អ្នកគួរតែកាត់បន្ថយម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ ឬកន្លែងធ្វើការខ្លះហើយ ព្រោះវាធ្វើឲ្យអ្នកអស់កម្លាំងដោយការខ្សោះជាតិទឹក។ អ្នកអាចមានអារម្មណ៍ថាខ្ជិលធ្វើការ និងគ្មានកម្លាំងកំហែង។

៣.ភ្នែកស្ងួត៖ ភ្នែកស្ងួតអាចធ្វើឲ្យរមាស់ និងឈឺ ពេលខ្លះវាក៏អាចធ្វើឲ្យការមើលឃើញរបស់អ្នកកាន់តែយ៉ាប់ទៅៗ។ ហើយអ្នកដែលមានបញ្ហានេះច្រើនដោយសារតែការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន និងមិនបានសម្អាតឲ្យទៀងទាត់។

៤.ស្បែកស្ងួត និងរមាស់៖ នៅពេលដែលអ្នកត្រូវកម្តៅថ្ងៃក្តៅខ្លាំងគួបផ្សំជាមួយនឹងម៉ាស៊ីនត្រជាក់ទៀតនោះ ស្បែកអ្នកនឹងរមាស់ និងស្ងួត។ ភាពត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់អាចធ្វើឲ្យស្បែករបស់ឡើងស្ងួត រមាស់ និងពេលខ្លះអាចនឹងមានបញ្ហារបកស្បែកផងដែរ។

៥.ឈឺក្បាល និងរោគប្រកាំង(ឈឺមួយចំហៀងក្បាល)៖ ផលប៉ះពាល់ខ្លាំងបំផុត គឺអ្នកប្រើម៉ាស៊ីនត្រជាក់ច្រើនតែឈឺក្បាល។ ការឈឺក្បាលនោះអាចបណ្តាលមកពីការខ្សោះជាតិទឹកខ្លាំងពេក និងមេរោគនៅជាប់ម៉ាស៊ីនត្រជាក់។ 

៦.បញ្ហាដង្ហើម៖ ច្រមុះ ភ្នែក និង បំពង់កអ្នកអាចនឹងឧស្សាហ៍ឈឺ ដោយសារតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក។ អ្នកអាចមានអាការៈតឹងច្រមុះ ស្ងួតបំពង់ក ឬអាចឈានដល់ការរលាកច្រមុះ។ ដូចដែលការសិក្សាបានបង្ហាញឲ្យឃើញថា ២៨% នៃអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់មានបញ្ហាដង្ហើម និងការរលាក។

៧.ជំងឺហឺត និងប្រតិកម្ម (Allergies)៖ ម៉ាស៊ីនត្រជាក់ក៏អាចធ្វើឲ្យអ្នករងប្រតិកម្ម និងមានជំងឺហឺតថែមទៀតផង។ សម្រាប់ដែលប្រតិកម្មតែងតែកន្តាស់គ្រប់ពេល ជាពិសេសនៅពេលដែលម៉ាស៊ីនត្រជាក់មិនស្អាត។

៨.ងាយនឹងឆ្លងជំងឺ៖ ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ដែលចូលទៅក្នុងសួត និងចរន្តត្រជាក់វិលវល់ៗនៅតែក្នុងបន្ទប់មួយបិទជិត អាចធ្វើឲ្យមេរោគបាក់តេរី វីរុស និងជំងឺផ្សេងៗងាយនឹងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកណាស់។ នោះបានន័យថាមេរោគទាំងឡាយនឹងមិនទៅណានោះទេ ហើយប្រសិនជាមាននរណាម្នាក់មានជំងឺ វានឹងឆាប់ឆ្លងទៅមនុស្សម្នាក់ផ្សេងទៀតលឿនណាស់ ជាពិសេសគឺ ជំងឺក្អក និងផ្តាសាយតែម្តង។

៩.រាងកាយលែងស៊ាំនឹងកម្តៅ៖ នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេកទៅ រាងកាយរបស់អ្នកឆាប់ស៊ាំនឹងបរិយាកាសត្រជាក់ណាស់។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ មិនអាចទប់ទល់នឹងភាពក្តៅស្អុះស្អាប់បានដូចមុន ដោយងាយនឹងបែកញើស ពិបាកទ្រាំនឹងអាកាសធាតុក្តៅ បើទោះជាកម្តៅអាចទ្រាំបានយ៉ាងណាក៏ដោយ ជាពិសេសរដូវក្តៅខ្លាំងតែម្តង។

១០.រោគខ្ជិលច្រអូស៖ ខ្យល់ និងចំហាយត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកមានបញ្ហាស្ពឹកស្រពន់ និងខ្ជិលច្រអូសបាន។ ដូច្នេះហើយបានជាអ្នកជំនាញ បានធ្វើការណែនាំឱ្យអ្នកដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ គួរតែចំណាយពេលខ្លះយ៉ាងហោច ៣ ទៅ ៤ម៉ោង ក្នុងមួយថ្ងៃនៅបរិយាកាសធម្មតានៅខាងក្រៅ ដើម្បីសម្រួលរាងកាយ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។