ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីការពារមេរោគក្នុងក្រពះ

24-Dec-2019 11:15 AM

រូបភាព


ដោយ: AdminI

មនុស្សភាគច្រើនតែងតែយល់ច្រលំអំពីការឈឺក្រពះធម្មតា និងជំងឺមេរោគក្នុងក្រពះ។ ពេលខ្លះអ្នកមានមេរោគក្នុងក្រពះ តែអ្នកបែរជាគិតថាគ្រាន់តែជាជំងឺក្រពះ ដោយសារមិនទទួលទានអាហារមិនទៀងពេលទៅវិញ។ ដោយការកើតមេរោគក្នុងក្រពះ អ្នកមិនអាចលេបថ្នាំក្រពះធម្មតាជាសះស្បើយបានឡើយ ហើយអាការៈនេះនឹងនៅតែបន្តការឈឺចុកចាប់រហូតខ្លាំងឡើងៗ ប្រសិនជាគ្មានការព្យាបាលឱ្យបានត្រឹមត្រូវនោះទេ ហើយអាចប្រឈមមុខនឹងហានិភ័យនៃជំងឺធ្លាយដំបៅក្រពះ ពោះវៀន និងជំងឺមហារីកបានថែមទៀតផង។

មេរោគក្នុងក្រពះដែលភាសាបច្ចេកទេសពេទ្យមានឈ្មោះថា H. Pylori (Helicobacter pylori) នោះគឺជាអ្វី? មូលហេតុអ្វីដែលបណ្តាលឱ្យអ្នកកើតមានជំងឺមួយនេះ? តើមានរោគសញ្ញាចម្បងអ្វីខ្លះ? 

១.មេរោគក្នុងក្រពះ H.Pylori ជាអ្វី?

មេរោគក្រពះជាមេរោគដែលរស់នៅជាមួយមនុស្សយើងរាប់ពាន់ឆ្នាំមកហើយ ដោយមេរោគនេះមាននៅគ្រប់ទិសទី ហើយធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទឹកមាត់ ការទទួលទានចំណីអាហាររួមគ្នា ជាពិសេសអាចឆ្លងតាមរយៈលាមកបានផងដែរ។ ដោយភាគច្រើននៃការឆ្លងជំងឺ បណ្តាលមកពីមិនបានរក្សាអនាម័យខ្លួនប្រាណ និងទទួលទានអាហារមិនស្អាតដូចជា៖

-មិនបានធ្វើការលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ

-ប៉ះពាល់តាមរយៈការប្រើសំភារៈបង្គន់ដែលមានមេរោគ និងមិនបានសម្អាតដៃនឹងសាប៊ូឱ្យបានត្រឹមត្រូវ

-ទទួលទានចំណីអាហារកខ្វក់ដែលជាប់មេរោគ

-ផឹកទឹកមិនស្អាត ឬទឹកដែលមិនបានដាំពុះក្នុងសីតុណ្ហភាពដែលមានសុវត្ថិភាព។

តាមរយៈចំនុចខាងលើអ្នកនឹងអាចឆ្លងមេរោគក្រពះបានយ៉ាងងាយ ដែលមេរោគនេះនឹងចូលទៅក្នុងរាងកាយរបស់អ្នក ជ្រាបចូលទៅក្នុងក្រពះហើយបង្កឱ្យអាស៊ីតក្នុងកោសិកាក្រពះអសកម្ម និងធ្វើឱ្យរលាកកោសិកាភ្នាសក្រពះ។ នៅពេលដែលអ្នកទុកអាការជំងឺនេះកាន់តែយូរទៅដោយមិនធ្វើការព្យាបាលនោះទេ វានឹងបណ្តាលឱ្យមានការវិវឌ្ឍន៍ទៅជាជំងឺដំបៅក្រពះ និងមហារីកក្រពះបានផងដែរ។

២.រោគសញ្ញានៃការកើតជំងឺមេរោគក្នុងក្រពះ

មានតែវេជ្ជបណ្ឌិតជំនាញតែប៉ុណ្ណោះ ដែលអាចបូមឈាមរបស់អ្នកហើយពិនិត្យរកឃើញថា អ្នកមានមេរោគក្នុងក្រពះឬក៏អត់ ព្រោះតែមេរោគក្នុងក្រពះមានរោគសញ្ញាមិនសូវច្បាស់លាស់ប៉ុន្មាននោះទេ ហើយរាងកាយរបស់មនុស្សមួយចំនួនថែមទាំងអាចអត់ធន់នឹងមេរោគនេះបានផងដែរ ដែលនេះជាហេតុធ្វើឱ្យអ្នកមានការភាន់ច្រលំពីមេរោគក្រពះ ជាជំងឺក្រពះធម្មតា។ប៉ុន្តែអ្នកក៏អាចសម្គាល់នៃរោគសញ្ញាមេរោគក្នុងក្រពះបានផងដែរ ប្រសិនជាអ្នកមានការសង្ស័យ មុននឹងពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយរោគសញ្ញាដែលអាចបញ្ជាក់ថាអ្នកមានមេរោគក្នុងក្រពះរួមមាន ឈឺចុកចាប់នៅក្នុងពោះ,ការឈឺចាប់នៅត្រង់បរិវេណពោះរឹតតែអាក្រក់ឡើង នៅពេលដែលអ្នកមិនទាន់បានទទួលទានអាហារចូលទៅក្នុងពោះ,មានអារម្មណ៍ថាចង់ក្អួតចង្អោរ ឬក្អួតចង្អោរតែម្តង(ពេលខ្លះក្អួតចេញឈាម),បាត់បង់ចំណង់អាហារ(មានអារម្មណ៍ថាមិនស្រួលក្នុងពោះ ឬក្រពះដោយមិនចង់ទទួលទានអ្វីទាំងអស់),មានអាការហើមពោះ,ចុក ឬឆ្អល់ចុងដង្ហើម(ក្នុងករណីខ្លះអាចឈឺត្រង់ឆ្អឹងជំនី),ឧស្សាហ៍រាគរូស និងមានលាមកពណ៌ខុសពីធម្មតា,អស់កម្លាំង ល្ហិតល្ហៃ,ខ្យល់ដង្ហើមមិនល្អ(ក្លិនមាត់),ស្រកទម្ងន់ខុសពីធម្មតា និងរោគសញ្ញាដទៃផ្សេងៗជាច្រើនទៀត។

 

អ្នកអាចការពារសុខភាពរបស់អ្នកពីមេរោគបាក់តេរីក្នុងក្រពះបាន ដោយការលាងដៃឱ្យបានស្អាត ទទួលទានចំណីអាហារ និងទឹកដែលមានអនាម័យល្អ។ អ្វីដែលពិសេសនោះ មានវិធីតាមបែបបធម្មជាតិមួយមុខផងដែរ ដែលអាចធ្វើការប្រឆាំង ការពារ និងបង្ការមេរោគក្នុងក្រពះបាន។ មកតាមដានវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖

 

គ្រឿងផ្សំ៖ ផ្កាខាត់ណាខៀវ ១ទំហំល្មម,អំបិល ២ស្លាបព្រាកាហ្វេ,ទឹកដាំពុះ ១កែវ។

វិធីធ្វើ៖ យកផ្កាខាត់ណាខៀវកាត់ជាដុំល្មម រួចលាងទឹកឱ្យស្អាត។ យកទៅស្ងោរក្នុងទឹកដែលកំពុងពុះ រួចបន្ថែមអំបិល ២ស្លាបព្រាកាហ្វេចូល ហើយទុកឱ្យពុះរយៈពេល ២-៣នាទីបន្ថែមទៀត សឹមបិទភ្លើង រួចចាក់ច្រោះយកទឹកវាមកប្រើការ។ អ្នកគួរតែទទួលទាន ១កែវ ពេលព្រឹក និង ១កែវទៀត នៅពេលយប់មុនពេលចូលគេង។

ទឹកចម្រាញ់ពីផ្កាខាត់ណាខៀវ និងការយកខ្ញី ឬខ្ទឹមស ជារបបអាហារប្រចាំថ្ងៃអាចមានប្រសិទ្ធភាពការពារ និងប្រឆាំងមេរោគផ្សេងៗបាន ជាពិសេសមេរោគក្នុងក្រពះតែម្តង មិនតែប៉ុណ្ណោះថែមទាំងជួយថែរក្សាសុខភាពរបស់អ្នកជាច្រើនមុខបានផងដែរ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។