ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺស្បូនស្រុត

16-Dec-2019 04:43 AM

រូបភាព


ដោយ: AdminA

មុននឹងស្វែងយល់អំពីរូបមន្តធម្មជាតិព្យាបាលជំងឺស្បូនស្រុត សូមមកសិក្សាបន្តិចអំពីជំងឺនេះដូចខាងក្រោម៖

 

ស្បូនស្រុត កើតឡើងនៅពេលសាច់ដុំអាងត្រគាក និងសរសៃពួរយារធ្លាក់ និងចុះខ្សោយ ដែលមិនអាចទ្រទ្រង់ស្បូនបាន ដែលជាហេតុធ្វើឲ្យស្បូនត្រូវស្រុតចុះទៅក្នុង ឬចេញពីទ្វារមាស។

 

ស្បូនស្រុតអាចកើតឡើងចំពោះស្ត្រីគ្រប់វ័យ ប៉ុន្តែជាញឹកញាប់វាច្រើនកើតមានឡើងចំពោះស្ត្រីក្រោយអស់រដូវដែលធ្លាប់សម្រាកកូនតាមទ្វារមាសម្ដង ឬច្រើនដង។

ការចុះខ្សោយនៃសាច់ដុំឆ្អឹងអាងត្រគាកដែលនាំឲ្យស្បូនស្រុតអាចបណ្តាលមកពី ៖

 

-ការខូចខាតជាលិកាទ្រទ្រង់ក្នុងអំឡុងពេលមានផ្ទៃពោះ និងការសម្រាលកូន

-ធ្វើការធ្ងន់

-ការបាត់បង់អ័រម៉ូន estrogen។

ការស្បូនស្រុតកម្រិតស្រាលនឹងមិនផ្ដល់ជាសញ្ញាដែលជាផលរំខានដល់ការរស់នៅរបស់ស្រ្តីនោះឡើយ ហើយក៏មិនត្រូវធ្វើការព្យាបាលនោះទេ។

 

ប៉ុន្តែប្រសិនបើការស្បូនស្រុតមានភាពធ្ងន់ធ្ងរ ស្ត្រីអាចមានរោគសញ្ញាដូចជា ៖

-មានអារម្មណ៍ធ្ងន់ៗ ឬមានអ្វីមួយទល់ចេញមកក្រៅនៅក្នុងឆ្អឹងអាងត្រគាក

-ជាលិកាលៀនចេញពីទ្វារមាស

-បញ្ហានោម ដូចជា ការលេចទឹកនោម ឬស្ទះទឹកនោម

-បញ្ហានៃចលនាពោះវៀន

- ការឈឺឆ្អឹងខ្នង

- មានអារម្មណ៍ថាដូចជាកំពុងអង្គុយនៅលើគ្រាប់បាល់តូចមួយ ឬដូចជាកំពុងមានអ្វីមួយចេញពីទ្វារមាស

- មានអារម្មណ៍ថាដូចជាធូររលុងនៅពេលរួមភេទ

-រោគសញ្ញានឹងធូរស្រាលនៅពេលព្រឹក និងកាន់តែធ្ងន់ធ្ងរនៅពេលយប់។

ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិព្យាបាលជំងឺស្រុតស្បូន៖

ព្យាបាល៖ ស្បូនស្រុត

ឈ្មោះរុក្ខជាតិ ៖ អំព្រំប្រែក្រោយ

 

លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិដើមតូច មែកខ្លីមានរោមតិចៗ

ស្លឹកៈ ១ទងមាន ៣ស្លឹក រាងពងក្រពើមូលចុង មានរោមតិចៗ គែមស្លឹកមានរាងទឹករលក។ ជិតចេញផ្កាមានស្លឹកតូចៗដូចប្រាក់កាក់។

   

ផ្កាៈ ពណ៌ស នៅចុងមែក ឬប្រគាបស្លឹក

កន្លែងដាំដុះ : ច្រើនដុះវាលស្មៅ ជើងភ្នំ ខ្ពង់រាប

ផ្នែកប្រើប្រាស់៖ ឫស

កំរិតប្រើ៖ 30gស្ងោរផឹកក្នុង១ថ្ងៃ។

 ក្រៅពីជំងឺស្រុតស្បូន រុក្ខជាតិនេកបនឹងជម្ងឺផ្សេងទៀតមានដូចជា រលាកថ្លើម ត ព្រូនស៊ីឈាម ធ្លាក់អណ្ដើក ក្ដៅខ្លួន ផ្ដាសាយ គ្រុនញាក់ ឈឺឆ្អឹងឆ្អែង គ្រាំគ្រា។ ការប្រើប្រាស់គឺដូចគ្នា។

*ស្ត្រីមានផ្ទៃពោះហាមប្រើ។

 

               

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ