ចំណេះដឹងទូទៅ
គួរយល់ដឹងពីកត្តាមួយចំនួនដែលជាមូលហេតុធ្វើឲ្យសុខភាពអ្នកចុះខ្សោយ ជាពិសេសចំពោះស្រ្តី!
រូបភាព
កត្តាទាំងនេះហើយដែលធ្វើឱ្យសុខភាពអ្នកចុះខ្សោយ ដែលអ្នកមិនបានចាប់អារម្មណ៍ឡើយ ជាពិសេសនោះចំពោះស្រ្តី។ អ្នកព្យាយាមបរិភោគអាហារដែលមានជីវជាតិ ហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ តែពេលខ្លះកំហុសបន្តិចបន្តួចដែលអាចកើតឡើង តាមទម្លាប់ក៏អាចជាកត្តាដែលនាំឲ្យសុខភាពអ្នកចុះខ្សោយដោយមិនដឹងខ្លួនផងដែរ។ ខាងក្រោមនេះជាមូលហេតុ ដែលអ្នកគួរតែយកចិត្តទុកដាក់៖
១.មិនសូវទទួលទានទឹក
កង្វះជាតិទឹកអាចធ្វើឲ្យអ្នកមានអាការៈស្ងួតមាត់ អស់កម្លាំងជាដើម ព្រោះកាលណាខ្វះជាតិទឹកនោះរាងកាយងាយជួបនឹងជំងឺណាស់។ ដើម្បីជៀសពីជំងឺផ្សេងៗដូចជា អស់កម្លាំង ផ្តាសាយ… គួរញ៉ាំទឹកឲ្យបានច្រើន។ ញ៉ាំទឹក ៦ ទៅ ៨កែវ ក្នុងមួយថ្ងៃ ដើម្បីជៀសវាងការបាត់បង់ជាតិទឹកក្នុងរាងកាយ។
២.ការគេងមិនគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ គឺជាកំហុសសុខភាពដ៏អាក្រក់បំផុតមួយ ដែលមនុស្សភាគច្រើនធ្វើសព្វថ្ងៃនេះ។ កុំវក់នឹងការលេង Facebook មើលរឿងដាច់យប់ដល់ម៉ោង ២-៣យប់ពេក គួរយកពេលសម្រាកឲ្យបានគ្រប់គ្រាន់ ទើបរាងកាយអ្នកមានកម្លាំងរឹងមាំ។
៣.បរិភោគអាហារមិនគ្រប់គ្រាន់
ការបរិភោគចំនីអាហារមិនបានគ្រប់គ្រាន់ ឬការតមអាហារ ជាកត្តាមួយដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺផ្សេងៗណាស់ ព្រោះរាងកាយមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ដើម្បីបង្កើនថាមពលអ្នកគួរតែបរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញាជាតិ ឲ្យបានច្រើន នោះអ្នកមានថាមពលគ្រប់គ្រាន់ប្រឆាំងទៅនឹងជំងឺនានាបាន។
៤.កង្វះអាហារដែលមានសារធាតុចិញ្ចឹម
ការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ នាំឲ្យអ្នកមានអាការៈឈឺក្បាល អស់កម្លាំងជាដើម។ ដូច្នេះគួរតែបរិភោគអាហារណាដែលល្អសម្រាប់សុខភាព តែជៀសវាងការបរិភោគអាហារកាបូអ៊ីដ្រាត ដែលគ្មានសុខភាពល្អដូចជា នំខេក ភេសជ្ជជាតិសូដា នំបុ័ង… ជាដើម។
៥.ទទួលទានប្រូតេអ៊ីនមិនបានគ្រប់គ្រាន់
កង្វះប្រូតេអ៊ីនក៏ជាបញ្ហាចម្បង ដែលនាំឲ្យសុខភាពស្ត្រីចុះអន់ថយ ជាពិសេសចំពោះសុខភាពនៃការមករដូវ ដូចនេះគួរងាកមកទទួលទានអាហារណា ដែលសម្បូរជាតិប្រូតេអ៊ីនឲ្យបានច្រើនទើបល្អចំពោះសុខភាព។
៦.មិនធ្វើលំហាត់ប្រាណ
ការមិនដែលធ្វើលំហាត់ប្រាណសោះ ទើបជាមូលហេតុដែលស្ត្រីភាគច្រើនឈឺ ព្រោះជាតិពុលក្នុងខ្លួនមិនបានបញ្ចេញមកក្រៅ។ ប៉ុន្តែបើអ្នកហាត់ប្រាណច្រើនពេក ក៏អាចបណ្តាលឲ្យសាច់ដុំអ្នកចុះខ្សោយផងដែរ។ ដូចនេះគួរហាត់ប្រាណ ៣ដង យ៉ាងតិចក្នុងមួយសប្ដាហ៍៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។