ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
- ការបន្តពូជ និងការជ្រើសរើសពូជ
- ដំណាំល្ហុងបន្តពូជដោយគ្រាប់
- ជ្រើសរើសផ្លែល្ហុងណាដែលទុំ ឬស្រគាល (មិនមែនទុំជោរពេកទេ) មកពុះយកគ្រាប់លាងទឹកឱ្យអស់រំអិល
- បើមិនយកទៅបណ្តុះភ្លាមទេ ត្រូវយកគ្រាប់ទៅសំដិលហាលថ្ងៃ ឬខ្យល់ឱ្យស្ងួតសិន ទើបរក្សាទុក
- គ្រាប់ល្ហុងអាចរក្សាទុកបានរយៈពេល ២ ទៅ ៣ខែ ។
- បណ្តុះកូន
- ដំណាំល្ហុង អាចដាំដោយបណ្តុះកូនជាមុន ឬក៏អាចដាំផ្ទាល់តែម្តងក៏បាន
- អាចបណ្តុះកូនក្នុងថង់ប្លាស្ទិក ផើង ឬថ្នាលក៏បាន
- ដីដែលបណ្តុះ គឺជាដីមានជីជាតិច្រើន
- ក្រោយពីដាក់គ្រាប់បណ្តុះហើយ ត្រូវលុបដីសើរៗ ពីលើឱ្យស្តើងបំផុត ដើម្បីឱ្យគ្រាប់ឆាប់ដុះ ។
- នៅពេលគ្រាប់ដុះ ត្រូវដករំលោះកូនចេញខ្លះ ទុកតែដើមណា ដែលរឹងមាំល្អ
- លុះដល់កូនដុះបានកំពស់១ទៅ២តឹក (ស្លឹក៥-៦ធាង) ទើបគាស់យកទៅដាំនៅចំការ
- នៅចំការ ត្រូវរក្សាទុកដើមល្ហុងឈ្មោលខ្លះ គឺយ៉ាងតិចបំផុតក្នុងចំណោមល្ហុងពី២៥ដើម ក៏មានល្ហុងឈ្មោលមួយដើមដែរ ។
- របៀបរៀបចំដីដាំ
- កាប់រណ្តៅ ដែលមានទំហំកន្លះម៉ែត្របួនជ្រុង ចំងាយពីរណ្តៅមួយទៅមួយពី ២,៥ ទៅ ៣ម៉ែត្រ
- កាយដីក្នុងរណ្តៅដាក់មាត់រណ្តៅ
- ក្នុងរណ្តៅដាក់ជីលាមកគោស្ងួត ស្មៅស្ងួត ដោយច្របល់ជាមួយដីឱ្យបានកន្លះរណ្តៅ
- យកអំបែងក្បឿងបន្ទះប៉ុនបាតដៃ ឬ១តឹកបួនជ្រុង ដាក់ឱ្យចំកណ្តាលរណ្តៅ
- បន្ថែមជី និងដីទៀតរហូតដល់ពេញរណ្តៅ ។
- របៀបដាំ
- មុនដាំត្រូវកាប់ដី ឬភ្ជួរហាលចោលពី ៥ ទៅ ៧ថ្ងៃ ដើម្បីឱ្យដីស្រស់ទឹកល្អ
- កាប់រណ្តៅ ដែលមានទំហំកន្លះម៉ែត្របួនជ្រុង និងរណ្តៅឃ្លាតពីគ្នា ៣ម៉ែត្រមួយ
- ក្នុងរណ្តៅ ត្រូវដាក់ជីកំប៉ុស្ត ឬជីលាមកសត្វបន្ថែម
- ច្របល់ជាមួយដីឱ្យសព្វ
- ដាក់កូនដាំ
- ជ្រើសរើសយកកូនល្ហុង ដែលបានត្រៀមទុក ដោយយកតែកូនណាដែលថ្លោសល្អមកដាំ
- នៅពេលដាំ លៃយ៉ាងណាឱ្យឫសល្ហុងនៅចំពីលើអំបែងក្បឿងនោះ កុំឱ្យកូនល្ហុងបាក់ដើម ឬដាច់ឫស
- ក្រោយពីដាំហើយ ត្រូវសង្កត់ដីជុំវិញកូនល្ហុងឱ្យណែន រួចស្រោចទឹកឱ្យជោគ
- ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ថ្ងៃ កូនល្ហុងអាចដុះឫស ពង្រឹងដើមបានខ្លះ
- ក្នុងអំឡុងពេលនេះ ប្រសិនបើគ្មានភ្លៀង ត្រូវប្រញាប់ស្រោចទឹក ដើម្បីកុំឱ្យកូនល្ហុងក្រិន ។
- មូលហេតុនៃការអំបែងក្បឿងកណ្តាលរណ្តៅ៖
- ដាំល្ហុងដោយដាក់ឫសកែវចំអំបែងក្បឿង ជួយឱ្យឫសកែវក្រិន ហាក់បីដូចជាបានគ្រៀវឫសនោះដែរ បើកូនល្ហុងនោះជាល្ហុងឈ្មោល ក៏ក្លាយជាល្ហុងញីដែរ
- ផ្ទុយទៅវិញ ប្រសិនបើទុកឱ្យឫសកែវចាក់ចុះទៅ ក្នុងដីជ្រៅ ធ្វើឱ្យដើមខ្ពស់ពេលមានផ្លែ ឬខ្យល់ដើមនឹងរលំបាក់
- ការកាប់រណ្តៅធំ ដាក់ជីធម្មជាតិ ច្រើនជួយឱ្យល្ហុងដុះលឿន មានដើមថ្លោស និងឆាប់ផ្តល់ផល
- នៅពេលដែលដើមល្ហុងមានផ្លែច្រើន ត្រូវបេះផ្លែដែលមិនសូវល្អចោលខ្លះ ដើម្បីឱ្យផ្លែដែលនៅសល់ធំៗល្អ
- ការដាំល្ហុងឱ្យមានដើមទាប និងផ្លែច្រើននេះ គឺដោយសារ ដាក់អំបែងក្បឿងឱ្យចំឫសកែវ កាប់រណ្តៅឱ្យធំដាក់ជីធម្មជាតិ និងបេះផ្លែចោលខ្លះ ដើម្បីឱ្យផ្លែនៅសល់ធំៗ ។
- ពេលវេលាដាំ
- អាចដាំដំណាំល្ហុងបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើន គេនិយមដាំដើមរដូវភ្លៀង និងចុងរដូវភ្លៀង ពិសេសចៀសវាងកុំឱ្យកូនល្ហុងទទួលការជាំទឹកបាន ។
- វិធីថែទាំ
- ស្រោចទឹក ដាក់ជីបំប៉ន ពូនគល់ និងជំរះស្មៅ ។ល។
- ការស្រោចទឹក ៖
- ក្រោយពីកូនល្ហុងដុះលូតលាស់ល្អហើយ ត្រូវបន្តការស្រោចទឹកទៀត
- សេចក្តីត្រូវការទឹករបស់វា អាស្រ័យទៅតាមអាយុ និងអាកាសធាតុ
- នៅរដូវវស្សា មិនចាំបាច់ស្រោចទឹកទេ ព្រោះល្ហុងមិនត្រូវការដីជាំទឹកទេ
- នៅរដូវប្រាំង គួរស្រោចទឹក៥ថ្ងៃម្តង ចំពោះដើមល្ហុងណាដែលផ្តល់ផ្លែ
- ប្រសិនបើទឹកពុំគ្រប់គ្រាន់ ក្នុងរយៈពេលនេះ អាចធ្វើឱ្យផ្លែល្ហុងតូចៗ ដើមរៀវតូច និងផ្លែតិច ។
- ការស្រោចទឹក ៖
- ការដាក់ជី
- ការដាក់ជីយើងអាចដាក់នៅពេលដាំ និងដាក់ជីបំប៉ន
- សេចក្តីត្រូវការជីនៃដំណាំល្ហុង អាស្រ័យទៅតាមអាយុរបស់វា
- ល្ហុងអាយុកាន់តែច្រើន សេចក្តីត្រូវការជីកាន់តែច្រើនដែរ
- វិធីដាក់ជី គេច្រើនដាក់នៅជុំវិញ ទំហំស្លឹក ឬក្បែរគល់ ក្រោយពីដាក់ហើយ ត្រូវលប់ដីភ្លាម ហើយស្រោចទឹកឱ្យជោក
- សំខាន់បំផុត នៅពេលល្ហុងលូតធំ ត្រូវពូនជុំវិញគល់បន្ថែមដោយប្រើដីមានជីជាតិ ឬជីកំប៉ុស្ត ។
- ការពូនគល់ ៖
- ត្រូវធ្វើជាប់ជានិច្ច លៃយ៉ាងណាកុំឱ្យឃើញមានឫសចេញមកខាងលើផ្ទៃដី។ ការពូនរបៀបនេះ ធ្វើឱ្យឫសដែលដុះចេញមកអាចស្រូបយកជីជាតិ និងទឹកបានគ្រប់គ្រាន់ល្អ ។
- ការប្រមូលផល
- អាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែឡើងទៅ
- ពេលល្ហុងចាប់ផ្តើមផ្កាផ្លែ អាចបេះរហូតពេញមួយឆ្នាំ
- ល្ហុងឱ្យផលច្រើននៅពេលមានអាយុពី ២ ទៅ ៣ឆ្នាំ
- ចាប់ពីអាយុ ៤ ទៅ ៥ឆ្នាំ ដើមរបស់វាចាប់លូតលាស់ខ្សោយ ផ្កាផ្លែក៏ចុះថយដែរ
- វិធីបេះ គឺត្រូវកាត់ផ្លែនៅទងសណ្តង់ឱ្យកៀកជិតដើម រួចសឹមកាត់ទង ដែលសល់វែងនោះចោល។ វិធីប្រមូលផលបែបនេះ ទើបត្រូវតាមក្បួនខ្នាត៕
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
☞☞ សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។