ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្វែងយល់ពីជំងឺទឹកនោមផ្អែម

23-Aug-2017 03:52 PM

រូបភាព


ដោយ: Uddam

ដូចម្តេចហៅថាជម្ងឺទឹកនោមផ្អែម?

ជម្ងឺទឹកនោមផ្អែម ជាជម្ងឺរ៉ាំរ៉ៃ សំគាល់បានដោយសារមានជាតិស្កនៅក្នុងឈាមឡើងខ្ពស់ខុសធម្មតា។

យន្តការ នៃការកកើតជម្ងឺទឹកនោមផ្អែម

លំពែងមានមុខងារ​បង្កើតអាំងស៊ុយលីន ដែលជំរុញឲ្យមានការដឹកនាំជាតិស្កចូលក្នុងកោសិកា ជាលទ្ធផលធ្វើឲ្យជាតិស្កក្នុងឈាមថយចុះ។ ការមិនមាន​អាំងស៊ុយលីន អាំងស៊ុយលីនមិនគ្រប់គ្រាន់ ឬក៏រាង្គកាយមិនមានសមត្ថភាពប្រើប្រាស់​អាំងស៊ុយលីន​ នាំឲ្យកើតជម្ងឺទឹកនោមផ្អែម។

តើជម្ងឺទឹកនោមផ្អែមមានប៉ុន្មានប្រភេទ?

ជម្ងឺទឹកនោមផ្អែមប្រភេទ១ ដែលកាលពីមុន គេហៅថា ជម្ងឺ​ទឹកនោមផ្អែមដែលត្រូវការអាំងស៊ុយលីន ឬក៏ជម្ងឺទឹកនោមដែលកើតលើមនុស្សវ័យក្មេង
ជម្ងឺទឹកនោមផ្អែមប្រភេទ២ ដែលកាលពីមុន គេហៅថា ជម្ងឺទឹកនោមផ្អែម ដែលមិនពឹងផ្អែកលើអាំងស៊ុយលីន ឬក៏ជម្ងឺទឹកនោមផ្អែម ដែលកើតនៅលើមនុស្សធំពេញវ័យ។
ជម្ងឺទឹកនោមផ្អែមកើតឡើងនៅពេលមានផ្ទៃពោះ។

រោគសញ្ញាជម្ងឺទឹកនោមផ្អែម៖ អ្នកជម្ងឺទឹកនោមផ្អែមមួយចំនួន មិនមានរោគសញ្ញាទេ គេអាចដឹងបានតាមការពិនិត្យឈាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជាពិសេសចំពោះអ្នកជម្ងឺទឹកនោមផ្អែម ដែលមិនបានព្យាបាល រោគរបស់វា មានដូចខាងក្រោម៖

  • នោមច្រើន
  • ស្រេកទឹកខ្លាំង
  • ស្រកទម្ងន់
  • ឃ្លានខ្លាំង
  • អស់កម្លាំង
  • រមាស់លើស្បែក
  • របួសក្រជាសះស្បើយ
  • ងាយឆ្លងរោគផ្សិត
  • ស្ពឹកម្រាមជើង ឬក៏មេជើង។

 

កត្តាប្រឈម  

  • លើសទម្ងន់ ឬក៏ធាត់
  • ទម្លាប់នៅស្ងៀម មិនធ្វើចលនា
  • ប្រវត្តិគ្រួសារមានជម្ងឺទឹកនោមផ្អែម

  • លើសសម្ពាធឈាម
  • ជាតិខ្លាញ់ល្អចុះទាប
  • ជាតិខ្លាញ់ទ្រីគ្លីសេរីដឡើងខ្អស់។

តើផលលំបាកជម្ងឺទឹកនោមផ្អែមមានអ្វីខ្លះ?

  • សន្លប់ពេលលើសជាតិស្ករខ្លាំង
  • ខ្វះជាតិស្ករ ដោយសារតែប្រើអាំងស៊ុយលីន ឬក៏ថ្នាំបញ្វុះជាតិស្ករផ្សេងទៀត
  • ផលលំបាកលើភ្នែកដែលអាចធ្វើឲ្យអ្នកជម្ងឺខ្វាក់ភ្នែក

  • ផលលំបាកលើតម្រងនោម ដែលទាមទារឲ្យមានការលាងឈាម នៅពេលដែលតម្រងនោមគ្មានសមត្ថភាព សំអាត និងច្រោះកាកសំណល់ជាតិពុលចេញពីក្នុងឈាម
    ផលលំបាកលើប្រព័ន្ធប្រសាទ ដែលអាចធ្វើឲ្យម្រាមជើងស្ពឺក ជាលទ្ធផលអ្នកជម្ងឺមិនអាចដឹងបាន នៅពេលមានការប៉ះទង្គិច។

គោលបំណងនៃការព្យាបាល

  • រក្សារកម្រិតជាតិស្កក្នុងឈាម នៅក្នុងដែនកំណត់ធម្មតា
  • ការពារកុំឲ្យមានផលលំបាកកើតឡើង។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត