ចំណេះដឹងទូទៅ
រូបភាព
ការយល់ដឹងអំពីជម្ងឺរលាកថ្លើមប្រភេទ អឺ
Understanding of Hepatitis E
-ជម្ងឺរលាកថ្លើមប្រភេទ E ជាជម្ងឺថ្លើម បណ្តាលមកពីវីរុស ដែលមានយ៉ាងហោចណាស់បួនប្រភេទផ្សេងៗគ្នា។ ប្រភេទ១ និងប្រភេទ២ ឃើញមានតែនៅក្នុងខ្លួនមនុស្ស។ ប្រភេទ៣ និងប្រភេទ៤ ឃើញមាននៅក្នុងសត្វមួយចំនួន ដូចជាជ្រូក ជ្រូព្រៃ និងសត្វឈ្លូស។ ប្រភេទនេះ វាមិនបណ្តាលឲ្យកើតជម្ងឺទេ ប៉ុន្តែជួនកាលវាឆ្លងមកមនុស្ស។
-ជម្ងឺរលាកថ្លើមប្រភេទ E ឆ្លងតាមមាត់ ជាពិសេស តាមរយៈការប្រើប្រាស់ទឹកដែលមានឆ្លងវីរុស។
តាមប្រភពពីអង្គការសុខភាពពិភពលោក រៀងរាល់ឆ្នាំ នៅលើពិភពលោក ប្រហែលជា ២០លាននាក់ឆ្លងវីរុសរលាកថ្លើមប្រភេទ E ហើយ៣.៣ លាននាក់ កើតជម្ងឺរលាកថ្លើមប្រភេទ E និង 44 ពាន់នាក់ស្លាប់ នៅក្នុងឆ្នាំ 2015 (3.3% នៃករណីស្លាប់ដោយសារជម្ងឺរលាកថ្លើមមកពីវីរុស)។
ជម្ងឺរលាកថ្លើមប្រភេទ E មាននៅទូទាំងពិភពលោក ប៉ុន្តែអត្រាប្រេវ៉ាឡង់ខ្ពស់បំផុត ឃើញមាននៅ អាស៊ីបូព៌ា និងអាស៊ីខាងត្បូង។
-រោគសញ្ញា ជាញឹកញាប់ មិនអាចបែងចែកពីរោគសញ្ញារបស់ជម្ងឺរលាកថ្លើមដទៃទៀតទេ។ រោគសញ្ញាទាំងនោះ មានដូចជា ក្តៅខ្លួន មិនឃ្លានអាហារ ចង្អោ ក្អួត ឈឺពោះ រមាស់លើស្បែក ឈឺតាមសន្លាក់ លឿងលើស្បែក និងភ្នែក ទឹកនោមព័ណ៌ក្រម៉ៅ និងលាមកព័ណ៌សស្លាំង ។
រោគវិនិច្ឆ័យជាក់លាក់ អាចធ្វើឡើងតាមរយៈ ការពិនិត្យឈាមរកមើល IgM antibodies និង វីរុស រលាកថ្លើមប្រភេទ E ដែលទាមទារនូវមន្ទីរពិសោធន៍ឯកទេស។
-ជម្ងឺនេះ ពុំមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយកើតជម្ងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ E គេអាចព្យាបាលដោយប្រើថ្នាំ ដូចជា ribavirin ឬក៏ interferon។
-វិធីការពារ៖
+រក្សាគុណភាពនៃការផ្តគ់ផ្គង់ទឹកស្អាត
+បង្កើតប្រព័ន្ធបន្ទោបង់លាមកឲ្យបានត្រឹមត្រូវ (បង្គន់អនាម័យ)
+អនាម័យខ្លួនប្រាណ ដូចជាលាងដៃនឹងសាប៊ូ មុន និងក្រោយចាប់កាន់អាហារ
+វ៉ាក់សាំងការពារជម្ងឺរលាកថ្លើមប្រភេទ E ត្រូវបានបង្កើតឡើង និងផ្តល់ការអនុញ្ញាតនៅប្រទេសចិន ក៏ប៉ុន្តែមិនទាន់មាននៅកន្លែងណាផ្សេងនៅឡើយទេ។
ប្រភពៈ វេជ្ជបណ្ឌិត សេង ប៊ុនដេត