ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខជាតិនេះអាចព្យាបាលជម្ងឺទឹកនោមផ្អែមយ៉ាងស័ក្កសិទ្ធ

11-Nov-2017 11:42 AM

រូបភាព


ដោយ: Uddam

មុននឹងបង្ហាញបងប្អូនពីវិធីព្យាបាលជំងឺទឹកនោមផ្អែមតាមបែបធម្មជាតិ សូមមកស្វែងយល់ពីជំងឺទឹកនោមផ្អែមជាមុនសិន។
ដូចម្តេចហៅថាជម្ងឺទឹកនោមផ្អែម?

ជម្ងឺទឹកនោមផ្អែម ជាជម្ងឺរ៉ាំរ៉ៃ សំគាល់បានដោយសារមានជាតិស្កនៅក្នុងឈាមឡើងខ្ពស់ខុសធម្មតា។

យន្តការ នៃការកកើតជម្ងឺទឹកនោមផ្អែម

លំពែងមានមុខងារ​បង្កើតអាំងស៊ុយលីន ដែលជំរុញឲ្យមានការដឹកនាំជាតិស្កចូលក្នុងកោសិកា ជាលទ្ធផលធ្វើឲ្យជាតិស្កក្នុងឈាមថយចុះ។ ការមិនមាន​អាំងស៊ុយលីន អាំងស៊ុយលីនមិនគ្រប់គ្រាន់ ឬក៏រាង្គកាយមិនមានសមត្ថភាពប្រើប្រាស់​អាំងស៊ុយលីន​ នាំឲ្យកើតជម្ងឺទឹកនោមផ្អែម។

តើជម្ងឺទឹកនោមផ្អែមមានប៉ុន្មានប្រភេទ?

ជម្ងឺទឹកនោមផ្អែមប្រភេទ១ ដែលកាលពីមុន គេហៅថា ជម្ងឺ​ទឹកនោមផ្អែមដែលត្រូវការអាំងស៊ុយលីន ឬក៏ជម្ងឺទឹកនោមដែលកើតលើមនុស្សវ័យក្មេង
ជម្ងឺទឹកនោមផ្អែមប្រភេទ២ ដែលកាលពីមុន គេហៅថា ជម្ងឺទឹកនោមផ្អែម ដែលមិនពឹងផ្អែកលើអាំងស៊ុយលីន ឬក៏ជម្ងឺទឹកនោមផ្អែម ដែលកើតនៅលើមនុស្សធំពេញវ័យ។
ជម្ងឺទឹកនោមផ្អែមកើតឡើងនៅពេលមានផ្ទៃពោះ។

រោគសញ្ញាជម្ងឺទឹកនោមផ្អែម៖ អ្នកជម្ងឺទឹកនោមផ្អែមមួយចំនួន មិនមានរោគសញ្ញាទេ គេអាចដឹងបានតាមការពិនិត្យឈាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជាពិសេសចំពោះអ្នកជម្ងឺទឹកនោមផ្អែម ដែលមិនបានព្យាបាល រោគរបស់វា មានដូចខាងក្រោម៖

-នោមច្រើន

-ស្រេកទឹកខ្លាំង

-ស្រកទម្ងន់

-ឃ្លានខ្លាំង

-អស់កម្លាំង

-រមាស់លើស្បែក

-របួសក្រជាសះស្បើយ

-ងាយឆ្លងរោគផ្សិត

-ស្ពឹកម្រាមជើង ឬក៏មេជើង។

កត្តាប្រឈម

-លើសទម្ងន់ ឬក៏ធាត់

-ទម្លាប់នៅស្ងៀម មិនធ្វើចលនា

-ប្រវត្តិគ្រួសារមានជម្ងឺទឹកនោមផ្អែម

-លើសសម្ពាធឈាម

-ជាតិខ្លាញ់ល្អចុះទាប

-ជាតិខ្លាញ់ទ្រីគ្លីសេរីដឡើងខ្អស់។

តើផលលំបាកជម្ងឺទឹកនោមផ្អែមមានអ្វីខ្លះ?

-សន្លប់ពេលលើសជាតិស្ករខ្លាំង

-ខ្វះជាតិស្ករ ដោយសារតែប្រើអាំងស៊ុយលីន ឬក៏ថ្នាំបញ្វុះជាតិស្ករផ្សេងទៀត

-ផលលំបាកលើភ្នែកដែលអាចធ្វើឲ្យអ្នកជម្ងឺខ្វាក់ភ្នែក

-ផលលំបាកលើតម្រងនោម ដែលទាមទារឲ្យមានការលាងឈាម នៅពេលដែលតម្រងនោមគ្មានសមត្ថភាព សំអាត និងច្រោះកាកសំណល់ជាតិពុលចេញពីក្នុងឈាម
-ផលលំបាកលើប្រព័ន្ធប្រសាទ ដែលអាចធ្វើឲ្យម្រាមជើងស្ពឺក ជាលទ្ធផលអ្នកជម្ងឺមិនអាចដឹងបាន នៅពេលមានការប៉ះទង្គិច។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

បើគ្រូពេទ្យមិនអាចជួយបានទេ សូមកុំទាន់អស់សង្ឃឹម សាកល្បងតាមវិធីខាងក្រោមនេះបាន៖
គ្រឿងផ្សំ៖
– មើមគុយឆាយយកទាំងឬសរបស់វា
– ទឹកស្អាតមួយកែវ។


របៀបធ្វើ៖
-លាងសម្អាតដើមគុយឆាយ អោយបានស្អាតល្អ
-បន្ទាប់មក យកវាទៅដាក់ចានមួយ
-ចាក់ក្នុងទឹកនោះរហូតដល់លិច គ្របឱ្យជិត
-ត្រាំទុកចោលរយៈពេលមួយថ្ងៃ (24ម៉ោង)។


របៀបប្រើប្រាស់៖
-បន្ទាប់ពី 24 ម៉ោង អ្នកត្រូវយកដើមវាចេញ ឬក៏អ្នកអាចត្រងយកទឹកនោះក៏បានដែរ។
– អ្នកនឹងមានអារម្មណ៍ធូរស្បើយនៅពេលទទួលវាពេលទទួលទានថ្ងៃដំបូង។ ប្រសិនបើអ្នកទទួលបានភាពធូរស្បើយមែន ត្រូវបន្តផឹកជារៀងរាល់ថ្ងៃ រហូតបានជាសះស្បើយទាំងស្រុង។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ក្រៅពីនេះ គូឆាយផ្តលអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

-ជួសជុលឆ្អឹង និងការពារជំងឺមហារីក
-គូឆាយ ជាបន្លែដែលយកទៅធ្វើជាអាហារជាច្រើនប្រភេទ ដូចជា ឆាគូឆាយ ឬយកទៅធ្វើនំគូឆាយ ដែលប្រើស្លឹកសំប៉ែតៗរបស់វាជាដើម ។ នៅតាមបណ្ដោយនៃស្លឹកពណ៌បៃតងស្រស់ របស់គូឆាយសំបូរទៅដោយកាល់ស្យូម និងស្វូសហ្វ័រ ដែលជាសារធាតុសំខាន់មួយផលិត និងជួសជុលឆ្អឹងនៅតាមរាងកាយ ។ វាក៏សម្បូរទៅដោយវីតាមីនB វីតាមីនC និងធាតុដែកដ៏មានប្រយោជន៍ផងដែរ។ ជាពិសេសវា មានលក្ខណៈសំខាន់ ដែលរាងកាយត្រូវការ ដើម្បីផលិតវីតាមីន A គឺសារធាតុបេតាខេរ៉ូទីន ដែលគេមានជំនឿថា អាចការពារជំងឺមហារីកបាន ។

ចំណែកផ្កា គូឆាយ វិញក្រៅពីសំបូរទៅដោយ កាបូហាយដ្រេត វាក៏មានសារធាតុដទៃ មិនចាញ់ស្លឹកវាឡើយ ដូចជា បេតាខេរ៉ូទីន វីតាមីន B1 ធាតុដែក និងហ្វូសហ្វ័រ។ អ្វីដែលសំខាន់បំផុត គឺវាមានចំណែកសំខាន់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានតុល្យភាពល្អ ព្រោះវាមានកាកសរសៃអាហារច្រើន ជួយឲ្យការរំលាយ និងការបន្ទោរបង់ប្រព្រឹត្តទៅស្រួល និងជួយកាត់បន្ថយការទល់លាមកព្រមទាំងកម្ចាត់សារធាតុពុលចេញពីរាងកាយ ដែលជាហេតុធ្វើឲ្យយើងមានសុខភាពល្អ មានស្បែកស្អាត និងគេចផុតពីជំងឺមហារីកពោះវៀនធំទៀតផង។

ក្រៅពីនេះតាមការស្រាវជ្រាវឱ្យដឹងថាស្លឹកគូឆាយផ្ដល់ប្រយោជន៍ដល់សុខភាពរាងកាយ របស់មនុស្សយ៉ាងច្រើន ជាពិសេសស្លឹកគូឆាយមិនត្រឹមតែជាបន្លែដែលមានរសជាតិឆ្ងាញ់ ប៉ុណ្ណោះ ទេ ថែមទាំងជា ឱសថសម្រាប់ព្យាបាលអាការរោគមួយចំនួនបានទៀតផងមានដូចជា ៖

–បំបាត់អាការហើមពោះ៖ ជា ធម្មតាស្លឹកគូឆាយជួយបន្ថយអាការហើមពោះ និងចុកពោះ។ គេយកស្លឹកវាបុកឱ្យម៉ដ្ឋរួចច្របាច់យកតែទឹកវាមកពិសា ឬយកទេឆាទទួលទានតែម្ដងក៏បានព្រោះថា គូឆាយមានសារធាតុសរសៃច្រើនដែលជួយឱ្យពោះវៀនមានដំណើរការល្អ។

-ជួយកាត់បន្ថយអាការហើមជាំ៖ គេយក ស្លឹកគូឆាយទៅបុកឱ្យម៉ដ្ឋ រួចយកទៅបិទពីលើបរិវេណដែលមានអាការជាំសម្រាប់កាត់បន្ថយការឈឺ ចាប់ និងជួយបំបាត់កុំឱ្យឈាមកកនៅបរិវេណប៉ះទង្គិច ។

–ជួយបំបាត់អាការស្ទះនោម៖ គេយក គ្រាប់គូឆាយទុំ(គ្រាប់ស្ងួត)ទៅស្ងោរ ឬធ្វើជាថ្នាំគ្រាប់សម្រាប់ទទួលទានក៏បានដែលជួយឱ្យអ្នកកើត អាការ ស្ទះនោមអាចនោមបាន ស្រួលវិញ ។

–ព្យាបាលជំងឺដំបៅអំបែក៖ បើលោកអ្នកមានជំងឺដំបៅអំបែកក្នុងត្រចៀកនោះ លោកអ្នកគ្រាន់តែប្រើទឹកដែលបានពីការច្របាច់ស្លឹកគូឆាយស្រស់ទៅ លាបនៅក្នុងរន្ធត្រចៀកក៏អាចព្យាបាលបានដែរ ។

–ធ្វើជាគ្រឿងប៉ូវក្នុងទឹកដោះ៖ កាលពីសម័យបុរាណមនុស្សជាច្រើនមានជំនឿថា ម្ដាយដែលមានកូនតូចបំបៅទទួលទានសម្លស្លឹកគូឆាយដើម្បីជួយបន្ថែម ជីវជាតិដល់ទឹកដោះ ដែលអាចផ្ដល់ថាមពលរឹងមាំដល់ទារក។

+អាហារសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម

១.អាហារហូបមិនបាន (ស្ករល្បឿនលឿន)
-មីសួរ បាយដំណើប នំធុង នំប៉័ង បារី
-ផ្លែសេដា អំពៅ ធុរ៉េន ឪឡឹក ស្វាយទុំ ចេកទុំ ទឹកឃ្មុំ ដំឡូងបារាំង
-ខ្នុរទុំ ទៀបខ្មែរ ល្ហុងទុំ ផ្លែមៀន ផ្លែសាវម៉ៅ ផ្លែម្នាស់ ផ្លែមង្ឃុត ផ្លែល្មុត
២.អាហារហូបបានតិចតួច (ស្ករល្បឿនមធ្យម)
-ទៀបបារាំង ទឹកត្រី ល្ពៅទុំ ប្រេងខ្យង សាច់ក្រក ពោត ស្រា ស្រាបៀរ បាយសំរ៉ូប
-ដំឡូងជ្វា ដំឡូងឈាមមាន់ ដំឡូងដូង ត្រាវ មី គុយទាវ ផ្លែស្រការនាគ ខ្លាញ់ជ្រូក
៣.អាហារអាចហូបបាន (ឬស្ករមានល្បឿនយឺត)
-ទំពាំងបាយជូរ ក្រូច ត្របែក ផ្លែប៉ោម
-ស្ពៃ ខាត់ណា សាលាដ សណ្ដែកបាយ ល្ង សណ្ដែកសៀង សណ្ដែកអង្គុយ សណ្ដែកដី
-សណ្ដែកបណ្ដុះ ពពាយ សណ្ដែកគួ ភ្លៅកង្កែប ក្ដៀង កញ្ឆែត ត្រប់គ្រប់ប្រភេទ
-ស្លឹកម្រុំ ម្រះព្រៅ ម្អម ស្លឹកផ្ទី ស្លឹកងុប ស្លឹកបាស ក្រសាំងទាប ស្លឹកអំពិល ស្លឹកអង្គាដី ស្លឹកគ្រៃ
-ប្រេងសណ្ដែក ប្រេងផ្កាឈូករ័ត្ន ប័រសណ្ដែកដីធម្មជាតិ ធាងក្ដាត ធាងត្រាវ
-ផ្កាកំប្លោក ប៉េងប៉ោះ ម្ទេស ម្ទេសប្លោក ត្រួយល្ពៅ ត្រួយស្អំ ត្រួយស្ដៅ ត្រួយរាំង
-ទឹកកក ទឹកតែ ទឹកសាប ទឹកសណ្ដែកគ្មានស្ករ ទឹកប៉េងប៉ោះ ទឹកដោះគោគ្មានស្ករ
-ត្រកួន ព្រលិត រំចង់ ក្រអៅឈូក ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកកាឆាយ ស្លឹកខ្ទឹម
-ត្រយ៉ូងចេក ទំពាំង ផ្កាខាត់ណា ខ្ញី រំដេង រមៀត ម្ជូរសណ្ដាន់ ម្ជូរអំពិល ម្ជូរថ្មឹង ស្វាយខ្ចី ក្រូចឆ្មារ
-ផ្សិត ខ្នុរខ្ចី ខ្នុរសម្ល ឆៃថាវ ម្រះ ត្រសក់ ឪឡឹកខ្ចី ឃ្លោក ត្រឡាច ចេកខ្ចី ល្ហុងខ្ចី
-ប្រហិត តៅហ៊ូ ខ្យង ខ្ចៅ ក្ដាម ស៊ុត គ្រុំ ងាវ លៀស
-អន្ទង់ បង្កង បង្គា កំពិស ត្រីខ្លាញ់ សាច់មាន់ សាច់ទា សាច់ជ្រូក សាច់គោ
នេះ ជាតារាងអាហារសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមដែលមានគ្លុយកូស (ស្ករ) ខ្ពស់ពេក ប៉ុន្តែពុំមានកើតជម្ងឺអ្វីផ្សេង ទៀតទេ ដូចជាកូលេស្តេរ៉ុលខ្ពស់ជាដើម។ អ្នកត្រូវដឹងកម្រិតគ្លុយកូសរបស់អ្នកដោយខ្លួនឯង និងគ្រប់គ្រងវាឱ្យបានល្អ។ ការហូបអាហារណាដែលមានសុខភាពល្អ ព្រមទាំងធ្វើលំហាត់ប្រាណ និងប្រើថ្នាំឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់ គ្រូពេទ្យ នោះនឹងអាចធ្វើឱ្យកម្រិតគ្លុយកូស ឬស្កររបស់អ្នកមានលំនឹងបានល្អឡើងវិញ។
ប្រភព៖ Chhean Phana
ចំណាំ៖
-សូមហាត់ប្រាណ ឬធ្វើពលកម្មផ្សេងៗឱ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
-លេប ឬចាក់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវទៀងទាត់រៀងរាល់ថ្ងៃ
-ត្រូវពិក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិនដើម្បីទទួលបាននូវការប្រើប្រាស់ដែលត្រឹមត្រូវ និងសុវត្ថិភាព។

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត