ឱសថបុរាណធម្មជាតិ
រូបភាព
ការដុះសាច់ច្រមុះ ជារឿងធម្មតា វាមិនមែនជាសាច់មហារីកនោះទេ ហើយវាមានរាងដូចដំនក់ទឹកភ្នែកដែលដុះនៅក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះ ដែលជាកន្លែងបើកចូលទៅក្នុងប្រហោងច្រមុះ។ ជាទូទៅ វាតែងតែជាប់ទាក់ទងជាមួយនឹងជំងឺអាលែកស៊ី ឬជំងឺហឺត។ ការដុះសាច់ច្រមុះអាចគ្មានរោគសញ្ញាអ្វីនោះទេ ជាពិសេស ប្រសិនបើវានៅតូច ហើយវាមិនតម្រូវអោយមានការព្យាបាលនោះទេ។ ប៉ុន្តែ ការដុះសាច់ច្រមុះដែលមានទំហំធំអាចរាំងស្ទះការបង្ហូរទឹកពីប្រហោងឆ្អឹងធម្មជាតិ។ នៅពេលដែលទឹករំអិលស្ទះច្រើនពេកនៅក្នុងប្រហោងឆ្អឹង វាអាចក្លាយទៅជាការបង្ករោគ ដែលធ្វើអោយបរិមាណទឹកកាន់តែច្រើនឡើងៗ ហើយប្តូរទៅជាពណ៌បៃតងលាយលឿង និងខាប់នៅក្នុងច្រមុះ និងបំពង់ក។
រោគសញ្ញានៃការដុះសាច់ច្រមុះរួមមាន ៖
- ការស្ទះច្រមុះ
- តឹងច្រមុះ
- កណា្ដស់
- មានដុំសាច់រាងតំណក់ទឹកនៅបំពង់ក
- ហៀរសំបោរ
- ឈឺមុខ
- ថយចុះសមត្ថភាពក្នុងការស្រង់ក្លិន
- បាត់បង់ការដឹងក្លិន
- បាត់បង់ការដឹងរសជាតិ
- រមាស់នៅជុំវិញភ្នែក
- ការឆ្លងមេរោគរ៉ាំរ៉ៃនៅក្នុងច្រមុះ។
តើអ្នកកើតហឺត រលាកច្រមុះ កើតផ្តាសាយម្តងហើយម្តងទៀត ឬ កើតអាឡែរស៊ីច្រមុះ? បើអ៊ីចឹងមែន លោកអ្នកកំពុងប្រឈមដុះសាច់ច្រមុះហើយ។ កុំទាន់អាលភ័យ! ទោះបីការពិតដុះសាច់ច្រមុះអាចក្លាយទៅជាមហារីក ប៉ុន្តែមនុស្សដែលដុះសាច់ច្រមុះ ឬឫសដូងច្រមុះនឹងមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ និយាយមួយបែបទៀត ដុះសាច់ច្រមុះគឺជាដុំសាច់ស្លូតមួយតែប៉ុណ្ណោះ មិនមានគ្រោះថ្នាក់ទេ។
ប៉ុន្តែដុះសាច់ច្រមុះបង្កការរំខានណាស់។ វាធ្វើឱ្យអ្នកឧស្សាហ៍តឹងច្រមុះ ពិបាកដកដង្ហើម និងពិបាកនិយាយស្តី។ វាថែមទាំងធ្វើឱ្យអ្នកថមថយការហិតក្លិន និងបាត់បង់រសជាតិទៀតផង។ អ្នកខ្លះអាចប្រែទៅជាឈឺក្បាល និងដេកស្រម៉ុក។
ដំណឹងល្អគឺថាដុះសាច់ច្រមុះមានលទ្ធភាពខ្ពស់ណាស់ដែលថាអាចព្យាបាលជាសះស្បើយ។ ដុះសាច់ច្រមុះអាចធ្វើឱ្យស្វិតទៅវិញបានតាមរយៈថ្នាំបន្តក់ច្រមុះ។ បើដុះសាច់ច្រមុះនោះមានលក្ខណៈតូចនៅឡើយគឺអាចព្យាបាលជាតាមរយៈវិធីធម្មជាតិ តែបើវាមានសភាពធំហើយនោះ គឺមានតែត្រូវវះកាត់ចេញតែប៉ុណ្ណោះ។
ដំណឹងអាក្រក់គឺថា ដុះសាច់ច្រមុះនៅតែអាចដុះមកវិញដដែល ក្រោយព្យាបាលជាសះស្បើយហើយនោះ!
* វិធីព្យាបាលដុះសាច់ច្រមុះបែបធម្មជាតិ៖
១. ឆ្ពុង
ចាក់ទឹកក្តៅចូលក្នុងទឹកមួយកូនឆ្នាំងតូច។ ឱនក្បាលពីលើឆ្នាំងនោះ ហើយយកភួយគ្របឱ្យជិតក្បាល។ ចាប់ផ្តើមស្រូបយកចំណាយទឹកក្តៅដើម្បីបំបាត់រោគសញ្ញាដុះសាច់ច្រមុះ។ អនុវត្តរាល់ថ្ងៃ។
២. ងូតទឹកក្តៅឧណ្ហៗ
ងូតទឹកក្តៅឧណ្ហៗជួយបន្ថយអាការៈដុះសាច់ច្រមុះឱ្យស្វិតទៅវិញបាន។ ប៉ុន្តែត្រូវបិទបន្ទប់ងូតទឹកឱ្យជិតដើម្បីឱ្យបន្ទប់ហប់គ្រប់គ្រាន់សម្រាប់ព្យាបាលដុះសាច់ច្រមុះ។
៣. ទឹកខ្មេះប៉ោម
លាយទឹកខ្មេះប៉ោម ៣ ស្លាបព្រាបាយ និង ទឹកឃ្មុំ ៣ ស្លាបព្រាបាយ ជាមួយទឹកក្តៅមួយកែវ បន្ទាប់មកផឹកសន្សឹមៗ។ ពិសាបីបួនដងក្នុងមួយសប្តាហ៍ដើម្បីព្យាបាលដុះសាច់ច្រមុះ។
៤. ប្រេងល្ហុងខ្វង
លោកអ្នកអាចកម្ចាត់ដុះសាច់ច្រមុះ ឬធ្វើឱ្យស្វិតសាច់ច្រមុះវិញដោយលេបប្រេងល្ហុងខ្វង ១ ស្លាបព្រាកាហ្វេរាល់ព្រឹកមុនពេលទទួលទានអាហារ។ ពិសារាល់ថ្ងៃទាល់តែលែងតឹងច្រមុះដោយសារសាច់ចម្រុះហើម។
៥. ខ្ទឹមស
ពិសាខ្ទឹមសមួយកំពឹសរាល់ថ្ងៃក៏ជួយព្យាបាលដុះសាច់ច្រមុះដែរ ព្រោះវាសម្បូរអង់ទីប៊ីអូទិកបែបធម្មជាតិដ៏ពូកែ។
៦. ខ្ទឹមបារាំង
ដូចខ្ទឹមសដែរ វាជួយកម្ចាត់ពពួកមីក្រុបដែលបង្កឱ្យសាច់ច្រមុះហើមស្ទុល និងធ្វើឱ្យតឹងច្រមុះ។ គួរពិសាខ្ទឹមបារាំងស្រស់ឱ្យបានទៀងទាត់រាល់ថ្ងៃ។
៧. រមៀត
រមៀតសម្បូរទៅដោយគុណសម្បត្តិប្រឆាំងរលាក ដូច្នេះហើយទើបរមៀតមានអត្ថប្រយោជន៍បំផុតសម្រាប់ព្យាបាលរលាក និងដុះសាច់ច្រមុះ។ លាយម្សៅរមៀតមួយស្លាបព្រាកាហ្វេជាមួយទឹកដោះក្តៅឧណ្ហៗ ពិសាពេលព្រឹកមុនពេលបាយ និងមុនចូលគេងពីរម៉ោង។ ពិសារាល់ថ្ងៃត្រឹមពីរសប្តាហ៍ដំបូងនឹងឃើញលទ្ធផលមានប្រសិទ្ធភាពទៅហើយ។
ប្រភព៖ KhmerRead
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។