ឱសថបុរាណធម្មជាតិ
រូបភាព
ជួយព្យាបាលរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង យ៉ាងពិសេស!
និយមន័យរដូវទៀង និងរដូវមិនទៀង
ជាធម្មតាឈាមរដូវធ្លាក់មករៀងរាល់ខែ ខួបរដូវជាមធ្យម ២៨ថ្ងៃ គឺនៅចន្លោះគម្លាតពី២១ ទៅ៣៥ថ្ងៃ ហើយរដូវមានរយៈពេល ៣ ទៅ៤ថ្ងៃ។ ជាឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២៨ថ្ងៃ រៀងរាល់២៨ថ្ងៃគាត់មកម្ដង ឬ៣០ថ្ងៃមកម្ដង។ នៅខែក្រោយរដូវគាត់មកមុន២ថ្ងៃ ឬលើសពី២ថ្ងៃ នុះមិនជាបញ្ហាអ្វីទេ។ ករណីនេះ បងប្អូនស្ដ្រីមិនបាច់មានការព្រួយបារម្ភទេ។ ករណីខួបរដូវមកលើសពី៣៥ថ្ងៃ ឬតិចជាង២១ ថ្ងៃ យើងហៅថា រដូវមិនទៀង។ ការធ្លាក់ឈាមរដូវមានច្រើនបែបច្រើនសណ្ឋាន។ ស្ដ្រីត្រូវដឹងថារដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿង ធម្មតា និងរដូវមិនទៀងប្រភេទណា ដែលយើងចាត់ទុកថា ជារឿងមិនធម្មតា។
ប្រភេទរដូវមិនទៀង
មានកត្ដាមួយចំនួន ដែលធ្វើឱ្យរដូវស្ដ្រីមកមិនទៀងទាត់។ ការទទួលទានអាហារមិនគ្រប់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរដូវ។ ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រីមកមិនទៀងទាត់បានដែរ។ ម្យ៉ាងទៀត រដូវ មិនទៀងអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។ ប្រការដែលនឹងរៀបរាប់ខាងក្រោមនេះ ជាប្រការដែលរដូវស្ដ្រីមកមិនទៀង មានលក្ខណៈមិនធម្មតា ស្ដ្រីគួរមានការកត់សម្គាល់ផងដែរ។
– រដូវធ្លាក់ញាប់ ៖ ខួបរដូវខ្លី ការមករដូវមានរយៈពេលពី១៨ ទៅ២១ថ្ងៃម្ដង តែចំណុះឈាមរដូវមកប៉ុនគ្នា ហើយរយៈពេល៣ ទៅ៤ថ្ងៃក៏ដូចគ្នាដែរ។ លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្យាបាល។
– រដូវរង្វើល ៖ គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃទើបមករដូវម្ដង។ អ្នកខ្លះ៣ ឬ៤ខែទើបមកម្ដង តែមករដូវមានរយៈ ពេល៣ ទៅ៤ថ្ងៃដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាលទេ នេះគ្រាន់តែខួបរដូវមានរយៈពេលវែងប៉ុណ្ណោះ។ តែវាមានផលវិ បាកបន្ដិចត្រង់ថាគាត់ ពិបាកក្នុងការបង្កកំណើត (ពិបាកឱ្យមានកូន)។
– រដូវមកច្រើន ៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំង។ ករណីនេះ ស្ដ្រីច្រើនតែកើត មានជម្ងឺសរីរាង្គប្រដាប់បន្ដពូជ ដូចជាជម្ងឺស្បូន ជម្ងឺមហារីកជាដើម។ ស្ដ្រីត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
– ឈាមរដូវធ្លាក់មិនស៊ីសង្វាក់គ្នា ៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវ៣ទៅ៤ដង ករណីនេះច្រើនតែកើតមាននៅលើស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រីនៅវ័យក្មេងក៏អត់មានបញ្ហាដែរ។ ប៉ុន្ដែចំពោះស្ដ្រីចំណាស់អាចមានជម្ងឺដុំសាច់ក្នុងស្បូន ឬជំងឺមហារីក។
រដូវមិនទៀង ពេលចូលវ័យអស់រដូវ
ជាធម្មតា ស្ដ្រីអស់រដូវនៅវ័យចាប់ពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។ ប្រសិនបើស្ដ្រីមករដូវមិនទៀង រដូវរបស់គាត់មកក្នុង១ខែ ពី២ទៅ៣ដង នៅវ័យជិតអស់រដូវ ករណីនេះ គាត់អាចនឹងមានជម្ងឺសរីរាង្គបន្ដពូជដែរ គាត់ត្រូវទៅជួបគ្រូពេទ្យជំនាញ។ លក្ខណៈសម្គាល់ថា គាត់អស់រដូវ លុះត្រាតែគាត់អស់រដូវមួយឆ្នាំពេញ ទើបហៅថាអស់រដូវមែនទែន។
ខាងក្រោមនេះជាឱសថធម្មជាតិរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង !
ព្យាបាល៖ រាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង
រុក្ខជាតិ៖ ក្រវាញជ្រូក
* កំរិតប្រើ៖ យកមើមស្ងួត -៤ក្រាម ហាលឲ្យស្ងួតដាំទឹក១លីត្រផឹក ព្រឹក ថ្ងៃ ល្ងាច១កែវៗ។
– មើមវាត្រាំស្រាផឹកសម្រួលសសៃឈាមបំបាត់ឈឺចង្កេះ និងជំនួយផ្លូវភេទទៀតផង (សម្រាប់បុរស)។
– យកវាទៅលីង ហើយបុកអោយម៉ត់រួចលាយជាមួយទឹកឃ្មុំហើយសូនប៉ុនម្រាមដៃហើយញាំជាមួយទឹកក្តៅ ហើយវាក៏អាចព្យាបាលសម្រាប់អ្នកកើត ម្រេញកូនកណ្តុរបាន។
– ផ្សំជាមួយស្លាលិញ ម្លូរបៀកកំបោរ យកមកស្ដោះ ពូកែខាងព្យាបាលគ្រេចកប់ថ្លោះ ខ្លាំងណាស់ វាថែមទាំងជួយបំបាត់ការឈឺរធ្មេញថែមទៀតផងដោយដំមើមវាយកមកដាក់កន្លែងឈឺ។
**សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា