ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថបុរាណធម្មជាតិព្យាបាលរលាកថ្លើម

24-May-2018 12:31 PM

រូបភាព


ដោយ: Uddam

តើអ្នកបានយល់ដឹងអ្វីខ្លះហើយអំពី«ជំងឺថ្លើម»? សូមមិត្តអ្នកអានមកស្វែងយល់ពីជំងឺថ្លើមតាមប្រភេទដូចខាងក្រោម៖
១. ជំងឺរលាកថ្លើមប្រភេទA មិនធ្ងន់ធ្ងរតែស្រួចស្រាវ
ជំងឺរលាកថ្លើមប្រភេទ A ជាការឆ្លងមេរោគទៅថ្លើមខ្ពស់ដែលត្រូវបានបង្កឡើងដោយវីរុសរលាកថ្លើម A។ វីរុសជំងឺរលាកថ្លើមប្រភេទ A ជាប្រភេទនៃមេរោគថ្លើមមួយដែលបណ្តាលអោយមានការរលាក ដែលប៉ះពាល់ទៅលើមុខងារសមត្ថភាពនៃថ្លើម។ អ្នកអាចមានការកើតជំងឺរលាកថ្លើមប្រភេទ Aនេះពីអាហារ ឬទឹកដែលមិនស្អាត ឬមានការជិតស្និទ្ធជាមួយនរណាម្នាក់ដែលបានឆ្លងមេរោគថ្លើមប្រភេទនេះរួចហើយ។


*រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ Aដែលជាក់លាក់មិនចេញនោះទេរហូតដល់អ្នកមានវីរុសនោះជាច្រើនខែ។ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ A នេះរួមមានៈ
-អស់កម្លាំង
-ចង្អោរ និងក្អួត


-ឈឺពោះ ឬពោះមិនស្រួល ជាពិសេសនៅតំបន់ថ្លើមគឺផ្នែកខាងស្តាំ ខាងក្រោមឆ្អឹងជំនី
-អត់ចង់ញុំាអី
-គ្រុនក្តៅតិចតួច
-ទឹកនោមក្រម៉ៅ


-ឈឺសាច់ដុំ
-រមាស់
-លឿងស្បែក និងភ្នែក
រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ Aជាធម្មតាមានរយៈពេលយ៉ាងឆាប់២ខែ ប៉ុន្តែយ៉ាង យូរបំផុត៦ខែ។ មិនសុទ្ធតែគ្រប់គ្នាដែលមានជំងឺរលាកថ្លើមប្រភេទ Aនេះវិវត្តនូវរោគ សញ្ញានោះទេ។

២. រលាកថ្លើមប្រភេទ B៖ ប្រឈមមុខខ្ពស់នៅតំបន់អាស៊ី
ជំងឺរលាកថ្លើមប្រភេទ B ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B។ វីរុសនេះស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។


*ការចម្លងរោគ
អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាម មានដូចជា៖
-ឆ្លងពីម្តាយដែលមានមេរោគនេះទៅកូនពេលមានផ្ទៃពោះ និងពេលសម្រាល
-ឆ្លងតាមការរួមភេទ ជាពិសេសការរួមភេទដូចគ្នា


– ការប៉ះពាល់ស្បែកមានរបួសទៅនឹងឈាមដែលមានផ្ទុកមេរោគ
-ការប្រើប្រាស់សឺរ៉ាំងរួមគ្នា (អ្នកប្រើគ្រឿងញៀន) ការបញ្ចូលឈាមដែលមានផ្ទុកមេរោគស្រាប់
-ការប្តូរសរីរាង្គពីអ្នកផ្ទុកមេរោគថ្លើមប្រភេទ B។


*រោគសញ្ញា
ពេលឆ្លងមេរោគនេះដំបូង មិនមានរោគសញ្ញាណាគួរកត់សម្គាល់ទេ។ រោគសញ្ញាដែលគេជួបញឹកញាប់មានដូចជាឈឺក្បាល ឈឺដៃជើង ទ្រោមខ្លួន ដូចនឹងជំងឺផ្តាសាយដែរ ហើយរោគសញ្ញាទាំងនេះ បាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។
រយៈពេលសម្ងំរបស់វាចន្លោះពី ៣០ទៅ១៨០ថ្ងៃ បើគិតជាមធ្យមគឺ៧០ថ្ងៃ ហើយជាទូទៅ ៩០%នៃអ្នកឆ្លងជំងឺនេះ នឹងជាទៅវិញដោយខ្លួនឯង និងបង្កើតអង់ទីក័រការពារខ្លួនបាន ឯ១០%ទៀតនឹងវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ។ ក្នុងនោះ១%នៃអ្នកវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ អាចវិវឌ្ឍបន្តទៅជាក្រិនថ្លើម។
យ៉ាងណាមិញ ការវិវឌ្ឍនៃជំងឺរលាកថ្លើម គឺមិនមានស្តែងចេញជារោគសញ្ញាទៅតាមដំណាក់កាលនីមួយៗនោះទេ ហើយរោគសញ្ញាដែលទាក់ទងនឹងថ្លើម នឹងលេចចេញនៅពេលដែលថ្លើមបានខូចខាតក្នុងកម្រិតធ្ងន់ធ្ងរទៅហើយ។ រោគសញ្ញាទាំងនោះរួមមាន ការឡើងលឿង ទាចទឹក ថ្លើមរឹង ឬក្រិន ទឹកនោមតិចនិងឡើងលឿងចាស់ជាដើម។


៣. ជំងឺរលាកថ្លើមប្រភេទ C
ជំងឺរលាកថ្លើមប្រភេទ C គឺជាការឆ្លងមេរោគដែលត្រូវបានបង្ក ឡើងដោយវីរុស ដែល វាយ ប្រហារទៅលើថ្លើម និងនាំអោយមានការរលាក។ មនុស្សភាគច្រើនដែលត្រូវបាន ឆ្លង មេរោគថ្លើមប្រភេទ Cនេះគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ មនុស្សភាគ ច្រើនមិនដឹងថាពួកគេចមានការរលាកថ្លើមប្រភេទ Cនោះទេរហូតដល់ការខូចខាត ថ្លើម លេចចេញឡើងនូវរយៈពេលក្រោយអំឡុងពេលមើលតេស្តជាទៀងទាត់។
ជំងឺរលាកថ្លើមប្រភេទ C គឺវីរុសថ្លើម ត្រូវបានគេចាត់ទុកជា ទូទៅទៅនឹងចំនោមវីរុសដែល ធ្ងន់ធ្ងរខ្លាំងបំផុត។ ជំងឺរលាកថ្លើមប្រភេទ Cត្រូវបានចំលងតាមរយៈការប៉ះពាល់ ទៅនឹង ឈាម, ភាគច្រើនគឺប៉ះតាមម្ជុលដែលប្រើរួមគ្នាក្នុងការចាក់ថ្នាំញៀន។


*រោគសញ្ញា
ជំងឺរលាកថ្លើមប្រភេទ C ជាធម្មតាគ្មានរោគសញ្ញាក្នុងករណីដំណាក់កាលដែលទើបតែចាប់ផ្តើមនោះទេ។ នៅពេលដែលរោគសញ្ញាលេចឡើង ជាធម្មតាវាមានកំរិតមួយទាប និងដូចជាជំងឺផ្តាសាយធំដែលរួមមានៈ
-អស់កំលាំង
-គ្រុនក្តៅ


-ចង្អោរ ឬអត់ចង់ញុំាអី
-ឈឺសាច់ដុំ និងសន្លាក់
-ស្រគៀរត្រង់តំបន់ថ្លើម

៤. ជំងឺរលាកថ្លើមប្រភេទ E
ជំងឺរលាកថ្លើមប្រភេទ E បណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ ដែលមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទ B និង C ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី ២ ទៅ ៣ខែ ដោយពុំចាំបាច់ទទួលការព្យាបាល។
ជំងឺរលាកថ្លើមប្រភេទ E បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ E។ វាអាចធ្វើឲ្យថ្លើមទៅជាហើមបាន។ អ្នកជំងឺរលាកថ្លើមប្រភេទ E ភាគច្រើននឹងស្រួលបួលមកវិញក្នុងរយៈពេល ពីរបីខែ។ ជាធម្មតា វាមិននាំឲ្យមានជាជំងឺរ៉ាំរ៉ៃ ឬខូចស្លើមដូចជំងឺរលាកថ្លើមផ្សេងឡើយ។ ប៉ុន្តែជំងឺរលាកថ្លើមប្រភេទ E អាចមានគ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជា មនុស្សចាស់ ឬអ្នកដែលកំពុងតែមានជំងឺស្រាប់។


*មូលហេតុ
វីរុសរលាកថ្លើមប្រភេទ E រាលដាលតាមរយៈលាមក។ អ្នកអាចឆ្លងជំងឺនេះបានបើសិនជាអ្នកញ៉ាំ ឬផឹកអាហារដែលធ្លាប់ប៉ះពាល់នឹងលាមករបស់អ្នកជំងឺដែលមានវីរុសមួយនេះ។ ជំងឺរលាកថ្លើមប្រភេទ E ច្រើនតែកើតមានជាញឹកញាប់លើប្រទេសដែលមិនមានការលាងសម្អាតដៃស្អាត និងកង្វះទឹកស្អាតប្រើប្រាស់។ អ្នកក៏អាចឆ្លងជំងឺរលាកថ្លើមប្រភេទ E នេះដែរបើសិនជាញ៉ាំសាច់ឆៅ ជាសាច់សត្វដែលមានជំងឺដូចជា ជ្រូក ឬក្តាន់។ អ្វីដែលមិនកើតឡើងនោះគឺថា អ្នកអាចឆ្លងជំងឺនេះដោយសារតែការញ៉ាំពពួកសត្វមានសំបកឆៅ។


*រោគសញ្ញា
អ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់។ បើសិនជាមានមែន វាប្រហែលជាចាប់ផ្តើមពី ២ ទៅ៦សប្តាហ៍ក្រោយឆ្លងរួច។ រោគសញ្ញាអាចមានដូចជា៖
-ក្តៅខ្លួនស្ទិញៗ
– មានអារម្មណ៍អស់កម្លាំងខ្លាំង


-មិនសូវឃ្លានអាហារ
-មានអារម្មណ៍មិនស្រួលក្នុងក្រពះ
– ឈឺពោះ
-ទឹកនោមខាប់


-លាមកពណ៌ស្លេកៗ
-ឡើងកន្ទួលរមាស់លើស្បែក
– ឈឺសន្លាក់
-ភ្នែក ឬស្បែកទៅជាលឿង។


ក្រោយពីបានស្វែងយល់អំពីជំងឺរលាកថ្លើមនេះហើយ សូមមកស្វែងយល់ពីរូបមន្តធម្មជាតិព្យាបាលរលាកថ្លើម ទាំងអស់គ្នាដូចខាងក្រោម៖
ព្យាបាលជំងឺ៖ រលាកថ្លើម
រុក្ខជាតិ៖ ទន្ទ្រាងខែត្រ (អ្នកខ្លះហៅថា វ៉ាយមឿង ឬដើមទកទោល)។ វាជាប្រភេទតិណជាតិ មានច្រើនដុះតាមវាលទំនេរ ឬព្រៃល្បោះក្នុងភូមិ នៅតំបន់ក្តៅសើម ដីល្បាយខ្សាច់ អាចមានអាយុកាលពី ០១-០៥ ឆ្នាំ


វិធីធ្វើ និងប្រើប្រាស់៖
-យកឫស១០-៣០ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ។
-គេអាចយកស្លឹកវាមកបុកបិតរបួសបានថែមទៀតផង។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល