ឯកសារកសិកម្ម
រូបភាព
N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។
-N= Nitrogen នីត្រូសែន ឬអាសូត

-P= Phosphorus ផូស្វ័រ

-K= Potassium ប៉ូតាស្យូម

១. មុខងារ និងសារៈសំខាន់នៃ N.P.K
ក- មុខងាររបស់អាសូត N: អាហារបំរុងដើម ស្លឹក និងមែក

– ជួយធ្វើអោយដើម និងស្លឹករុក្ខជាតិដុះលូតលាស់បានល្អ ហើយឆាប់រហ័ស និងផ្តល់ទិន្នផលខ្ពស់
– ចំពោះស្រូវធ្វើអោយបែកគុម្ពច្រើន (ការប្រើច្រើនចំពោះពូជស្រូវក្នុងស្រុកធ្វើអោយដើមខ្ពស់ត្រូវទ្រោប ឬដួល និងទិន្នផលថយចុះ)

– ការប្រើជាតិអាសូតនេះច្រើនពេក នាំអោយផ្លែរុក្ខជាតិក្រទុំ
– ចំពោះស្រូវវិញ គឺទុំមិនស្រុះគ្នា គេហៅថាស្រូវបណ្តើរកូន ។

– ចំពោះដំណាំបន្លែយកស្លឹក ត្រូវការចាំបាច់ជាតិអាសូតនេះណាស់ ព្រោះជាតិអាសូតមានមុខងារសំខាន់ក្នុងការបង្កើនស្លឹក (ជីអាសូតនៅក្នុងរុក្ខជាតិ គឺរុក្ខជាតិអាចស្រូបបាន)។ ឯពពួកសណ្តែក ទន្ទ្រាំងខែត្រ លាមកទា ប្រសិនដាក់ធ្វើជាជីមិនអាចធ្វើអោយរុក្ខជាតិស្រូបបានភ្លាម ទេលុះត្រាតែធម្មជាតិទាំងនោះពុកផុយប្រែក្លាយទៅជាអាសូតនីទ្រិច ទើបរុក្ខជាតិយកបាន ឆាប់រហ័ស ។

-កង្វះជាតិអាសូត (N) ធ្វើឲ្យរាំងស្ទះដល់ការលូតលាស់របស់រុក្ខជាតិ ទាំងផ្នែកខាងក្រោម និងខាងលើ ដូច្នេះហើយវាបន្ថយទិន្នផលប្រចាំឆ្នាំ។ ផ្ទុយទៅវិញបើនៅក្នុងដីមាន សមាសធាតុអាសូត (N) ច្រើនហួសហេតុពេកវានឹងបង្កើនឲ្យមានការលូតលាស់ផ្នែកមែក ស្លឹក ហើយទន្ទឹមនឹងនោះវាក៏បន្ថយការចេញ ផ្លែ ផ្កាដែរ ។

ជីអាសូតនៅក្នុងជីគីមីមាន ៖
– ស៊ុលហ្វាត អាម៉ូនីញ៉ូម (ប្រើច្រើនធ្វើអោយដីជូ) : ប្រើលើបន្លែ N = 20% – 21% ។
– ជីអ៊ុយរេ N = 45% – 46% ប្រើបានលើដីគ្រប់ប្រភេទ និងគ្រប់ដំណាំ ។

ប្រភពដែលអាចទាញយកបាន N (អាសូត) គឺនៅក្នុងដី នៅក្នុងដើមរុក្ខជាតិ និងស្លឹក នៅក្នុងឫស ឧ. ពពួកសណ្តែក ក្នុងជាលិការសត្វ។
រុក្ខជាតិមានជាតិអាសូតច្រើនដូចជា: – អង្កាដី អង្កាញ់ ស្នោរ – សណ្តែកបាយ – សណ្តែកខ្មោច – ទន្ទ្រាំងខែត
ជាតិអាសូតក៏មាននៅក្នុង ទឹកនោម អាចម៍ប្រចៀវ កាកសណ្តែក លាមកគោ ក្របី ជ្រូក មាន់ ទា …កាកសំណល់សល់ពីផ្ទះបាយ។

ការគិតជាភាគរយនៃអាសូត ផូស្វ័រ ប៉ូតាស្យូម ដែលមាននៅក្នុងសារជាតិផ្សេងៗ
| លេខ | ឈ្មោះសារធាតុ | អាសូត (N) | ||
| ១ | ជីលាមកគោ | ១ | ||
| ២ | ជីលាមកជ្រូក មាន់ ទា | ៥ | ||
| ៣ | ផេះអង្កាម | ០ | ||
| ៤ | ផេះឈើ | ០ | ||
| ៥ | ផេះ ឆ្អឹង | ០ | ||
| ៦ | អាចម៍ប្រចៀវ | ៨ | ||
| ៧ | កាកសំណល់ពីផ្ទះបាយ | ២ | ||
| ៨ | ទន្ទ្រាំងខែត | ៣ | ||
| ៩ | ម្សៅត្រី | ៩ | ||
| ១០ | ម្សៅកាកសណ្តែកដី | ៧ | ||
| ១១ | ចំបើង | ០,៦ | | |
| ១២ | ជីផ្អាប់ស្មៅស្ងួត | ១,២៣ | ||
| ១៣ | ជីផ្អាប់ពីកំប្លោក | ១,៤៣ | ||
| ១៤ | ជីផ្អាប់ពីស្លឹកអំពិលទឹកបារាំង | ១,៤៥ | ||
| ១៥ | ជីផ្អាប់ពីសំរាមក្រុង | ១,៥២ | ||
| ១៦ | ជីផ្អាប់ពីចំបើង | ០,៨៥ | ||
| ១៧ | ជីអង្កាមរស់ | ១,៦៤ | ||
| ១៨ | ជីបំប៉ន | ២,៦២ |
អត្រាភាគរយ N ដែលបានមកពីការយកកាកសំណល់ទៅផ្អាប់
| ប្រភេទជីផ្អាប់ | អិន (N) | ||
| ជីផ្អាប់ពីសំរាមក្រុង | ១.៥២ | ||
| ជីផ្អាប់ស្មៅស្ងួត | ១.២៣ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកក្របី | ០.៨២ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកគោ | ២.៣៣ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកពពែ | ១.១១ | ||
| ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកសេះ | ០.៨២ | ||
| ស្មៅផ្អាប់ពីស្លឹកអំពិលទឹកបារាំង | ១.៤៥ | ||
| ជីផ្អាប់ពីចំបើង | ០.៨៥ | ||
| ជីផ្អាប់ពីចំបើង បូក លាមកមាន់ | ១.០៧ | ||
| ជីផ្អាប់ពីចំបើង បូក លាមកគោ | ១.៥១ | ||
| ជីផ្អាប់ពីចំបើង បូក លាមកទា | ០.៩១ | ||
| ជីផ្អាប់កំប្លោក | ១.៤៣ | ||
| ជីផ្អាប់ពីកំប្លោក បូក លាមកជ្រូក | ១.៨៥ | ||
| ជីសរីរាង្គ (ក្រុង) បែបទន់ជ្រាយ | ០.៩៥ | ||
| ជីសរីរាង្គ (ក្រុង) បែបកណ្តាល | ១.៣៤ | ||
| ជីសរីរាង្គ (ក្រុង) បែបខ្លាំង | ១.៤៨ |
———


