ឱសថបុរាណធម្មជាតិ
រូបភាព
យើងគ្រប់គ្នាគួរយល់ និងស្គាល់នូវប្រភេទនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ។
ក) ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារចែកចេញជា ពីរប្រភេទៈ
១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ (តាមមាត់) គឺគិតចាប់ពីដើមបំពង់អាហារផ្នែកខាងលើ ឆ្លងកាត់តាមក្រពះរហូតដល់ដើមពោះវៀនតូច។
២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម គឺគិតពីដើមពោះវៀនតូច ឆ្លងកាត់តាមពោះវៀនធំ រហូតដល់ទ្វារធំ (រន្ធគូថ)។
ខ) សភាពនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ៖
១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ មានលក្ខណៈជា៖
– ការក្អួតឈាមខ្មៅ ដុំៗ
– ឈាមខ្មៅលាយចំណីអាហារ
– រឺក៏ឈាមស្រស់ៗ ច្រើន រឺ តិច ទៅតាមការក្អួត។
បញ្ជាក់៖ ជាទូទៅការធ្លាក់ឈាមខាងលើ ក៏អាចជម្រុញអោយឈាមមានការធ្លាក់មកតាមបាតដែរ ដោយភាគច្រើនលាមកមានពណ៌ខ្មៅ ឬ ខ្មៅលាយឈាមក្រហម(ករណីនេះបណ្ដាលមកពីរលាកដំបៅបំពងអាហារ ក្រពះ និងដើមពោះវៀនតូច ឬ ដុះសាច់ក្នុងបំពង់អាហារ ដុះសាច់ក្រពះ ដើមពោះវៀនតូច ឬ រហែកសាច់ដុំបំពង់អាហារ បែកសរសៃរឈាមបំពង់អាហារ បែកសរសៃរឈាមក្នុងបាតក្រពះ)។
២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម វាស្ដែងចេញជា៖
– ឈាមស្រស់ៗ (លាមក លាយឈាមស្រស់)
– ជួនកាល ក្នុងលាមកក៏មានឈាមខ្មៅផងដែរ ការធ្លាក់ឈាមប្រភេទនេះ គេគិតថាបណ្ដាលមកពី ពោះវៀនមានរលាកដំបៅ ដុំសាច់ មានថ្នក់ពោះវៀន រហែកសាច់ដុំរន្ធគូថ រឺ មានឬសដូងបាត។
ព្យាបាល៖ ក្រពះចេញឈាម
រុក្ខជាតិ៖ ស្លឹកងប់
វិធីធ្វើ និងប្រើប្រាស់៖
ប្រើប្រាស់១០-១៥ក្រាម ម្សៅស្ងួត លាយជាមួយទឹក ៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា ២០០៦
លើសពីនេះ ទឹកស្លឹកងប់ស្រស់ អាចព្យាលបាលជំងឺបាន ដូចជា ឈឺក្រពះ ក្ដៅក្នុង រដូមកមិនទៀង
ឈឺសសៃដៃ សសៃជើង .ល.។ ដោយបុកពូតយកទឹកផឹក១ពែងកាហ្វេក្នុង១ថ្ងៃ។
យើងអាចយកស្លឹកវាផ្សំជាបន្លែក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភពផងដែរ។ ដែលវាមានផ្ទុកសារធាតុរ៉ែដែលសំខាន់នោះរួមមានដូចជា៖ សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ដែក ម៉ាញ៉េស្យូម ទង់ដែង ស័ង្កសី និងម៉ង់ហ្គាណែស។
គេប្រើប្រាស់ ស្លឹក ផ្លែ ឫស ផ្កា នៃដើមងុបធ្វើជាឱសថព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ជំងឺតាមផ្លូវនោម ហើម ហ៊ឹងត្រចៀក ឈឺត្រចៀក ទល់លាមក ឈឺខ្លួនប្រាណ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត