ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បច្ចេកទេសដាំត្រប់ស្រួយ

11-Jul-2018 05:30 PM

រូបភាព


ដោយ: Uddam

១.ការធ្វើដីបណ្តុះកូន
– ធ្យូងអង្កាមត្រាំទឹក ២យប់ទុកអោយស្រស់ចំនួន៣ធុងស្ពេត្រូ
– លាមកគោស្ងួតដែលម៉ត់ល្អចំនួន ២ធុងស្ពេត្រូ
– ដីមានជីជាតិ ឬជីកំប៉ុស្ត ឬដីតំបូក ដែលម៉ត់ល្អ ចំនួន ១ធុងស្ពេត្រូច្របល់ដីទាំងនោះអោយបានសព្វល្អរួចយកវាទៅ លីង ឬចំហុយឬក៏ជ្រកថង់រួចចង់មាត់អោយជិតល្អដាក់នៅក្រោមកំដៅថ្ងៃរយះពេល ១សប្តាហ៍ ទើបយកមកបណ្តុះបាន។
++ សារៈប្រយោជន៍នៃការលាយល្បាយដីបណ្តុះកូន
– គ្រាប់ងាយដុះ ឬដុះលូតលាស់ល្អ
– កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់
– សម្លាប់មេរោគ (ជម្ងឺ) ដែលបង្ករអោយកូនបន្លែរលួយ
– សម្លាប់គ្រាប់ស្មៅចង្រៃ
– សម្លាប់ពង និងសត្វល្អិតចង្រៃក្នុងដី


២. ការធ្វើរោងបណ្តុះកូន
ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចអោយគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបាន
ពីការឆ្លង់មេរោគពីពពួកសត្វល្អិតចង្រៃ។
++ រោងបណ្តុះកូនអាចធ្វើបានតាមទំហំ ខាងក្រោម៖
– តំបូលសម្រាបគ្របរានកំពស់ពី ១.៨ ទៅ ២ម៉ែត្រ
ដើម្បីងាយស្រួលចេញចូលថែទាំកូនដំណាំ
– កំពស់រានពី ០.៨ ទៅ ១០ម៉េត្រពីដី
– ទទឹងរានពី ០.៨ ទៅ១ម៉ែត្រ
– មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃ (ជាការ
ប្រសើរប្រើសំណាញ់មាន ពណ៌បៃតង់)
– មានជញ្ជាំងធ្វើពីសំណាញ់មុនការពារសត្វល្អិត។


៣.ការណ្តុះកូន
– យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក ហើយរុំ
គ្រាប់អោយហប់ល្អ។
– ស្រោចទឹករៀងរាល់ថ្ងៃអោយក្រណាត់សើមល្អ ហើយដាក់
នៅកន្លែងហប់។
– ផ្អាប់គ្រាប់រយះពេល ២ ទៅ ៣យប់
– ជ្រើសរើសគ្រាប់ដែលបែកមាត់ចាប់បណ្តុះមុន
– បណ្តុះកូនមួយគ្រាប់ក្នុងមួយរន្ធ បន្ទាប់មកដាក់លើរានបណ្តុះ
រួចគ្របសំណាញ់សត្វល្អិតពណ៌ស។
– ស្រោចទឹកអោយគ្រប់គ្រាន់ជាពិសេសនៅថ្ងៃត្រង់។ ហាមស្រោច
ទឹកពេលល្ងាចព្រោះវានឹងអាចបង្កអោយគ្រាប់ ឬកូនបន្លែ
រលួយបាន។
– កូនត្រប់អាយុបាន ១៥ថ្ងៃប្រើជី ១៨-៤៦-០ ចំនួនកន្លះ
ស្លាបព្រាបាយលាយទឹក ១០លីត្រសំរាបស្រោចកូន។ ត្រួវ
ស្រោចទឹកធម្មតាបន្ទាប់ពីស្រោចជីហើយ។

៤. ការធ្វើរង
– កំពស់រងរដូវប្រាំង ២០ស.ម និងកំពស់រងរដូវវស្សា ៤០ស.ម
– ទទឹងរង១ម៉ែត្រ
– ច្របល់ជីលាមកសត្វពុកផុត ឬជីកំបុស្ត ៣គីឡូក្រាម
ក្នុង៣ម៉ែត្រការ៉េ និងលាយជី ២០-២០-១៥ ចំនួន ៣ម៉េត្រការ៉េ
រួចស្រោចទឹកអោយជោគទើបគ្របចំបើង ឬប្លាស្ទិចគ្របដី ។
៥. ការដាំកូនត្រប់
– ដាក់កូនត្រប់អោយត្រូវពន្លឺថ្ងៃ (លើកលែងថ្ងៃត្រង់) និងកាត់
បន្ថយការស្រោចទឹកកូនអោយបាន ៥-៧ថ្ងៃ មុដាំ។
– កូនត្រប់អាយុ ២៥-២៨ថ្ងៃ (មានស្លឹកពី) អាចយកទៅដាំបាន។
– ដាំមួយជួរក្នុងមួយរង និងមានចន្លោះពីគុម្ពមួយទៅ
មួយមានប្រវែង ១ម៉ែត្រ។


៦. ការដាក់ជីបំប៉ន
– ដាក់ជីរៀងរាល់ ១០ថ្ងៃម្តង និងឈប់ដាក់ជី១ខែមុន
បញ្ចប់ការប្រមូលផល។
– ប្រភេទជីដែលត្រូវប្រើមានបីប្រភេទធំៗដូចជា ៤៦-០-០, ២០-២០-១៥, ០-០-៦០។ (កំរិតប្រើប្រាស់សូមមើលរូបភាព)។
៧. ការដោតចំណារ និងការតាក់តែងមែក
– បន្ទាប់ពីដាំកូនត្រប់ហើយត្រូវដោតចំណារមានកំពស់ប្រមាណ ០.៨ម៉ែត្រវាជួយដើមត្រប់កុំអោយដួលមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់កាត់បន្ថយជំងឺនិងសត្វល្អិត និងងាយស្រួលប្រមូលផល។
– កាត់ខ្នែង និងស្លឹកចេញពីគល់ដើមរហូតដល់ខ្នែងផ្កាថ្វាយព្រះ។
៨. សត្វល្អិតចង្រៃ
+ ទ្រីប
++ វិធានការការពារ
– ដាំអោយរង្វើលសំអាតស្មៅចេញពីចំការ
– កប់ចោលកាកសំណល់បន្លែបានប្រមូលផលហើយ
– ស្រោចថ្នាំ ថ្យាមេថូហ្សាម (Thiamethoxam) និងគល់
កូនបន្លែពេលព្រឹក និងដាំកូនពេល ល្ងាច។
++ វិធីកំចាត់
– ជ្រើសរើសថ្នាំពុលកំចាត់សត្វល្អិតណាមួយលាយនិងទឹក
ស្អិតហើយបាញ់នៅពេលត្រជាក់ ដូចជាថ្នាំ៖ ថ្យាមេថូហ្សាម, ហ្វីប្រូនីល អ៊ីមីដាក្លរព្រីដ ឬ អាបាមិចទីន ដោយបាញ់ឆ្លាស់គ្នា។
+ រុយស
++ វិធានការការពារ
– គួរដាំដោយប្រើគំរបប្លាស្ទិចគ្របដី
– កំចាត់ស្មៅ និងដំណាំជំរករបស់វាចេញពីចំការ
– កប់ចោលកាកសំណល់ដំណាំនៅសល់បន្ទាប់ពីប្រមូលផល
ហើយ។


++ វិធានកំចាត់
– ដកដើមដែលកើតជំងឺនេះយកកប់ចោល
– ជ្រើសរើសថ្នាំកំចាត់សត្វល្អិតណាមួយឆ្លាស់គ្នា លាយនិងទឹកស្អិតហើយបាញ់នៅពេលត្រជាក់ដូចជាថ្នាំ ថ្យាមេថូហ្សាម អ៊ីមីដាក្លរព្រីដ អាបាមិចទីន ដាយណូតធឺហ្វូរ៉ាន់ អេម៉ាមិចទីន ឬថ្នាំបុយប្រូហ្វេហ្សីន។
៩. ការប្រមូលផល
ដើម្បីរក្សារសជាត់ គុណភាព និងទម្ងន់ផ្លែ កសិករគួរបេះផ្លែនៅពេល
ព្រឹក ឬនៅពេលល្ងាច។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ Agri-Patho តែម សម្បត្តិ