ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បច្ចេកទេសដាំរមៀត និងគុណប្រយោជន៏ចំពោះមនុស្ស សត្វ​ រុក្ខជាតិ

13-Jul-2018 05:36 PM

រូបភាព


ដោយ: Uddam

*រមៀត​ជា​ដំណាំ​គ្រឿងទេស ដែលមាន​តំលៃថោក​ ប៉ុន្តែ​វា​មាន​សារៈប្រយោជន៍​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។​ដំណាំ​នេះ​ត្រូវបាន​ប្រជាជន​កម្ពុជា​ស្គាល់​គ្រប់ៗ​គ្នា ហើយ​កសិករ​និយម​ដាំ​នៅ​គ្រប់​តំបន់​តាម​សួន​គ្រួសារ ។​*

**សំរាប់​បរិភោគ***​

-មើម​របស់​វា​គេ​ប្រើ​ធ្វើជា​គ្រឿងផ្សំ​សំរាប់​ស្ល ដូចជា សម្លម្ជូរគ្រឿង កកូរ ប្រហើរ​ដែល​ខ្មែរ​យើង​និយម​បរិភោគ​ជាទីបំផុត ។ ប្រសិនបើ​ខ្វះ​វា មិនអាច​ធ្វើ​ឲ្យ​សម្ល​មាន​រសជាតិឆ្ងាញ់​ទេ ។​

​***ប្រើ​ជា​ឳ​សថ​ព្យាបាល​ជំងឺ***
​-គេ​យក​មើម​របស់​វា​កាត់​ឫស​តូចៗ​ចេញ ហើយ​ហាន់​ជា​ចំណិតៗ ដែលមាន​កំរាស់​ស្ដើងៗ​រួច​យកទៅ​ហាលថ្ងៃ​សំ​ងួ​ត ឬក៏​យក​មើម​ទៅ​ដាក់​ស្រុសទឹកក្ដៅ​រហូត​ឆ្អិន (​មើម​ទន់​) រួចហើយ​ដាក់​ហាលថ្ងៃ​សំ​ងួ​ត​ទុក​សំរាប់​ប្រើប្រាស់​ដូចជា​៖

– ព្យាបាល​ជំងឺ​ហើមពោះ ទល់ខ្យល់ ពិបាក​រំលាយ​អាហារ ឆ្អល់ពោះ រាក​មូល ស្ត្រី​ពិបាក​ពេល​មាន​រដូវ ដោយ​ប្រើ មើម​រមៀត​ស្រស់ ឬ​ស្ងួត​ដាំទឹក​ផឹក ។​
– ព្យាបាល​ជំងឺ​កមរមាស់ រលាក​ដំបៅ សត្វ​ទិច ឬ​ខាំ ដោយ​បុក​មើម​រមៀត​ស្រស់​លាប ឬ​ប្រើ​ម្សៅ​រមៀត​លាយ​ទឹក បន្តិច​សំរាប់​លាប ។​

​***ប្រើ​ជា​ឳ​សថ​ព្យាបាល​សត្វ***

-​ ព្យាបាល​ជំងឺ​ក្អក​លើ​សត្វ​មាន់ ទា និង​សត្វ​ទំពារ​អៀង ដោយ​ប្រើ​មើម
– ព្យាបាល​ជំងឺផ្សិត រាក និង​ជំងឺឆ្លង​ផ្សេងៗ​លើ​ពពួកសត្វ​បក្សី (​មាន់​, ទា​) ដោយ​ប្រើ​មើម

– ​ព្យាបាល​ជំងឺ​ភ្នែក របួស​បែក​ឈាម​លើ​សត្វ​ទំពារ​អៀង គោ ក្របី​ដោយ​ប្រើ​មើម ។​

​***លក្ខណៈ​ទូទៅ***
​-រមៀត​ជា​រុក្ខជាតិ​ប្រភេទ​ស្មៅ​ដែលមាន​កំពស់ ៦​តឹក រហូតដល់ ១​ម៉ែត្រ

-ស្លឹក​រលីង​ពណ៌​បៃតង​ទាំងសងខាង រាង​ស្ទប​ត្រង់​គល់ស្លឹក

-កញ្ចុំ​ផ្កា​រមៀត​រៀង​រាង​ជា​បំពង់​ចេញ​ត្រង់​ចន្លោះ​ស្លឹក

-ស្រទាប់ផ្កា​ពណ៌​បៃតង ឬ​ពណ៌​ស ពណ៌​ផ្កាឈូក​ខាង​កំពូល

-មើម​ធំ (​ក្បាល​រមៀត​) បែក​ជាដើម​ខ្នែង​រលីង​ពណ៌​លឿងទុំ

-មើម​រមៀត​មាន​សាច់​ក្នុង​ពណ៌​លឿងទុំ

-ក្បាល​រមៀត​មាន​រាង​មូល​វៀវ ស្រួច​ផ្នែក​ខាងក្រោម

-ខ្នែង​មើម​រមៀត​មាន​ទំហំ​តូច​ជាង​ក្បាល​រមៀត រាង​មូល​ទ្រវែង​ប៉ុន​ម្រាមដៃ​រលីង

-មើម​របស់​វា​មាន​ក្លិនក្រអូប​ឆួល ពិសេស​មាន​រស់ជាតិ​ល្វីង​តិចៗ

**មៀត​អាច​ដាំ​បាន​នៅ​លើដី​ច្រើន​ប្រភេទ

-យក​ល្អ​ដី​ដែល​ដាំ​ត្រូវជា​ដី​ធូរ ដីល្បាយខ្សាច់ ដីល្បាប់​ជា​ប្រភេទ​ដី​មិន​លិច​ទឹក

-ទីកន្លែង​ដាំ​រមៀត​ត្រូវ​ជិត​ប្រភព​ផ្ដល់​ទឹក​សំរាប់​ស្រោច​គ្រប់គ្រាន់ និង​មិន​ឲ្យ​ជោរ​ទឹក​ផង

-រមៀត​អាច​ដុះ​លូតលាស់​ក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ថ្ងៃ​ក៏បាន

​***វិធី​ដាំ​***
​- រមៀត​ជា​ដំណាំ​ដែល​បន្ត​ពូជ​ដោយ​មើម គេ​អាច​ដាំ​ដោយ​ប្រើ​ក្បាល​រមៀត ឬ​ប្រើ​ខ្នែង​មើម​រមៀត​ក៏បាន​ដូចគ្នា

-ក្នុង​ការដាំ គេ​ត្រូវ​កាប់​ជ្រោយ​ដី​ឲ្យ​ផុស​ល្អ ឬ​លើក​ជា​រង​ដាំ​ក៏បាន

-កសិករ​ភាគច្រើន​បាន​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេងៗ នៅ​ពីក្រោម ដំណាំ​ដែល​ត្រូវការ​ពន្លឺ

***ពេលវេលា​ដាំ​***
​- ពេលវេលា​ដាំ​ដែល​ល្អ គឺ​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា

-ក្រោយពេល​ដាំ​ត្រូវ​ថែទាំ​ស្រោច​ទឹក​រយៈពេល ១៥​ថ្ងៃ

-មើម​រមៀត​នឹង​ចាប់ផ្ដើម​ដុះ​ចេញ​ខ្នែង​ថ្មី​មួយខែ​ក្រោយ​ដាំ

​***ការប្រមូល​ផល***​
​- មើម​រមៀត​លូតលាស់​លឿន​ក្នុង​រយៈពេល ៤​ខែ

-មើម​របស់​វា​នឹង​រីក​ធំ​ល្អ​ចាប់ពី​អាយុ​៧ ទៅ ៩ ខែក្រោយ​ពេល​ដាំ

-ប៉ុន្តែ​យក​ល្អ​គេ​ប្រមូល​ផល​នៅពេល​អស់​ទឹកភ្លៀង​ចុងឆ្នាំ ចាប់ពី​ខែធ្នូ ដល់​ខែ កុម្ភៈ ជា​បន្តបន្ទាប់

-សរុបមក​រមៀត ជា​ដំណាំ​គ្រឿងទេស​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​សមស្រប​ល្អ​ងាយស្រួល​ក្នុង​ការដាំ និង​មាន​ផលប្រយោជន៍​ច្រើន​ដូចជា​៖

– មិនសូវ​រើស​ដី អាច​ដាំ​បាន​នៅលើ​ដី​ច្រើន​ប្រភេទ​
-​ វា​អាច​ដុះ​លូតលាស់​នៅក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ថ្ងៃ​ក៏បាន ដែលជា​លក្ខណៈ​ងាយស្រួល​ឲ្យ​យើង​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេង ទៀត​នៅក្នុង​សួន​
– មិន​ទាមទារ​ការថែទាំ​ច្រើន​
– មាន​ប្រយោជន៍​ច្រើន​មុខ អាច​ប្រើ​ជា​គ្រឿងផ្សំ​សម្រាប់​ស្ល​បរិភោគ ធ្វើជា​ថ្នាំ​សំរាប់​ព្យាបាល​រោគ​មនុស្ស និង​សត្វ ។​

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ កសិកម្មដំណាំម្រុំ