ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បច្ចេកទេសដាំអំពៅ និងគុណប្រយោជន៏របស់អំពៅ

19-Jul-2018 05:25 PM

រូបភាព


ដោយ: Uddam

អំពៅ ជាប្រភេទរុក្ខជាតិដែលងាយដាំដុះមួយប្រភេទ ដែលប្រជាជនយើងនិយមដាំ។

​**គុណប្រយោជន៍**
-គេអាចយកអំពៅទៅ​បរិភោគតែម្ដងក៏បាន អាចកិនយកទឹកក៏បាន ហើយក៏​មានគេយកទឹកអំពៅទៅធ្វើជាស្ករ (ស្ករអំពៅ) ផងដែរ​ ។
* ក្រៅពីនោះ គេក៏អាចប្រើអំពៅសម្រាប់ព្យាបាលជម្ងឺជា
ច្រើនមុខ ដូចជា ៖
-ដើមជាប់ថ្នាំងអាចព្យាបាលជម្ងឺដូចជា ៖
-ព្យាបាលក្ដៅក្នុង ទម្លាក់ស្លេស បញ្ចុះនោម ក្អកហឺត ចង្អោរក្អួត ទល់លាមក ទាស់នោម នោមខុសប្រក្រតី ទម្លាក់ប្រមេះ គ្រាប់នោមញឹក
ត្អើក ជួយក្រពះក្នុងការរំលាយអាហារ ជំនួយកម្លាំង​ប្រើលាយ​ជាមួយរុក្ខជាតិដទៃទៀត ដើម្បីព្យាបាល កាមរោគ​ផ្សះដំបៅ ស្ត្រីធ្លាក់ស ។ល។
**វិធីប្រើ**
-៧០ ទៅ ១៥០ ក្រាម អំពៅស្រស់ស្ងោរផឹកពីរដងមួយថ្ងៃ
-១៥ ទៅ ៣០ ក្រាម អំពៅក្រៀមដាំផឹក ពីរដងមួយថ្ងៃ។ ៥០ ទៅ ១០០ មល ទឹកអំពៅ (ផឹក) ពីរដងមួយថ្ងៃ

**បច្ចេកទេសដាំអំពៅ**
1.ស្ថានភាពទូទៅ
-អំពៅជាដំណាំមួយប្រភេទ ដែលប្រជាកសិករយើងស្គាល់ស្ទើរ គ្រប់គ្នាទាំងអស់ ហើយដំំណាំនេះក៏បានដាំដុះលើផ្ទៃដីតូចៗ ស្ទើរពាសពេញនៃព្រះរាជាណាចក្រកម្ពុជាយើងដែរ
-ជាទូទៅប្រជាកសិករតែងនិយមយកអំពៅមកគាបយកទឹកសំរាប់ហូបដូចជាភេសជ្ជៈធម្មតា ឬគេនិយមហូបផ្ទាល់តែម្ដង ។
-សារៈសំខាន់នៃដំណាំនេះក្នុងប្រទេសយើង ក៏ដូចជាក្នុងពិភពលោក គេបានកែច្នៃទឹកអំពៅយកទៅធ្វើជាស្ករសដែលយើង ត្រូវការចាំបាច់ខានមិនបានជារៀងរាល់ថ្ងៃ
-ក្រៅពីសារៈសំខាន់សម្រាប់ធ្វើស្ករអំពៅនៅប្រទេសមួយចំនួនគេបានកែច្នៃទឹក អំពៅយកទៅធ្វើជាអាកុល ស្រា និងធ្វើជាចំណីសត្វហើយម្យ៉ាងទៀតកាកអំពៅគេបានយកទៅកៃច្នៃធ្វើជាក្រដាស ក្ដារបន្ទះ ។ល។ — ចំពោះប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដំណាំអំពៅគឺគេបានកែច្នៃធ្វើស្ករក្នុងសិប្បកម្មតូចៗប៉ុណ្ណោះក្រៅពីនេះគឺ ប្រជាកសិករ យើងនិយមហូបទឹកអំពៅដូចជាភេសជ្ជៈធម្មតាប៉ុណ្ណោះ ។

2. តំបន់ដាំដុះ
-ជាទូទៅកសិករយើងតែងតែនិយមដាំដុះអំពៅនៅតំបន់តាមដងទន្លេ ដូចជានៅខេត្ត ក្រចេះ កំពង់ចាម កណ្ដាល ព្រៃវែង ក្រៅពីតំបន់តាមដងទន្លេ គេអាចដាំដំណាំនេះនៅតាមតំបន់ដីខ្ពង់រាប ដីកោះ និងតាមជំរាលជើងភ្នំ លើដីក្រហម ឬដីខ្មៅដូចជា នៅតាម ជំរាលជើងភ្នំ លើដីក្រហម ឬដីខ្មៅដូចជានៅតាម ខេត្តបាត់ដំបង ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជាដើម ។ល។
បច្ចេកទេសដាំដុះ និងថែរក្សា:
** រដូវកាលដាំដុះ**
*តំបន់តាមដងទន្លេ*
ជាទូទៅគេអាចចាប់ផ្ដើមដាំក្នុងអំឡុងពេលខែវិច្ឆិកា ធ្នូ រហូតដល់ចុងខែមករា ហើយប្រមូលផលនៅអំឡុងខែសីហា កញ្ញា មុនពេលទឹកឡើងលិចចំការ។
-ការប្រមូលផលនៅក្នុងអំឡុងខែនេះ គឺជាទូទៅគេយកអំពៅសម្រាប់គាបយកទឹកហូប
-ចំពោះការដាំដុះសម្រាប់ធ្វើស្ករ ត្រូវប្រមូលផលក្នុងអំឡុងខែវិច្ឆិកា ធ្នូ ឬមករា គឺចំពេលដែលមានសីតុណ្ហភាពទាប ។ ដូច្នេះ ដំណាំអាចមានអាយុដល់ទៅ ១១ ខែ ឬ ១២ ខែ និងអាចដល់ ១៣ខែ
*តំបន់ខ្ពង់រាប*
-ចំពោះតំបន់នេះគេអាចចាប់ផ្ដើមដាំក្នុងអំឡុងខែ មេសា ពេលដែលមានភ្លៀងធ្លាក់ដំបូងហើយគេអាចប្រមូលផលក្នុងអំឡុង ខែមករា និងកុម្ភៈ ។
-ដូច្នេះការប្រមូលផលក្នុងខែនេះដំណាំអាចមានអាយុប្រមាណជាង ១០ ខែ ។

** ការរៀបចំដី**
-ការភ្ជួររាស់ជាទូទៅចំពោះដំណាំអំពៅក៏ប្រហាក់ប្រហែល និងដំណាំចំការផ្សេងៗទៀតដែរ ។ ការភ្ជូររាស់ធ្វើឡើងក្នុងគោល
-បំណងដើម្បីជ្រុំជ្រួយដីឲ្យផុសល្អដែលអាចបង្កឲ្យដំណាំដុះលូលាស់ឆាប់ ម្យ៉ាងទៀតតាមរយៈការរៀបចំដីយើងអាចសម្លាប់ ស្មៅសត្វល្អិត និងជម្ងឺមួយចំនួន -ជាធម្មតាគេអាចភ្ជួរ ២សោរ និងរាស់ជ្រួយដី ២ ទៅ ៣សារ ដើម្បីឲ្យដីផុសល្អ ។
-លក្ខណៈពិសេស នៃការភ្ជួររាស់គឺការភ្ជួរលើកទី ១ គេធ្វើនៅពេលដែលទឹកស្រកចុះផុតពីចំការ (ចំពោះតំបន់មាត់ទន្លេ) បន្ទាប់មកគេទុកដីហាលចោលរយៈពេលប្រមាណ ១០ថ្ងៃ ហើយចាប់ផ្ដើមភ្ជួរលើកទី ២ បន្ទាប់ពីការភ្ជួរលើកទី ២ ត្រូវរាស់ ដីឲ្យបានម៉ត់ល្អ ។
-ចំពោះតំបន់ខ្ពង់រាបវិញ គេបានចាប់ផ្ដើមភ្ជួរដីលើកទី ១ ប្រមាណជា ១ ទៅ ២ ខែ មុនពេលដាំ ។ បន្ទាប់មកពេលដែលមានភ្លៀងធ្លាក់ល្មម ហើយគេអាចភ្ជួរលើកទី ២ រួចរាស់ឆូតរង ឬកាប់រណ្ដៅ និងចាប់ផ្ដើមការដាំដុះតែ ម្ដង ។

**របៀបដាំ**
-ការដាំអំពៅគេអាចធ្វើបានច្រើនយ៉ាងគឺ គេអាចបណ្ដុះកូនជាមុនសិន ឬក៏ដាក់ដាំកំណាត់ដើមដែលមានភ្នែកតែម្ដង ។
** ការបណ្ដុះកូន**
– វិធីនេះគឺគេបណ្ដុះកូនជាមុនសិន ហើយត្រូវបានគេយកទៅដាំនៅចំការពេលដែលកូននោះលាស់បានធំល្មម (អាយុប្រមាណជា ១ខែ ) វិធីនេះគេច្រើនអនុវត្តចំពោះការដាំក្នុងរណ្ដៅ
– ជាដំបូងគេត្រូវកាត់ជាកំណាត់ខ្លីៗ ដែលមានថ្នាំមួយៗ រួចហើយគេដាក់តំរៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹកដើម្បីងាយ ស្រួលក្នុងការស្រោចស្រព
– កំណាត់ដើមអំពៅដែលគេតំរៀបគ្នានោះមិនត្រូវលុបដីឲ្យជិតតែម្ដងទេ ហើយត្រូវដាក់ភ្នែកថ្នាំងអំពៅនៅលើ ដើម្បីបង្ក ការងាយស្រួលក្នុងការដុះពន្លក ហើយដើម្បីឲ្យកាន់តែប្រសើរត្រូវគ្របចំបើងពីលើ
– ជាទូទៅគេត្រូវស្រោចទឹកមួយថ្ងៃម្ដង ដើម្បីឲ្យកូនអំពៅនោះលូតលាស់បានល្អ
-ពេលដែលកូនអំពៅនោះលាស់បានល្អមាន ទំហំដើមប៉ុនម្រាមដាំ ហើយដែលមានអាយុប្រមាណជា ១ ខែទើបគេយកទៅ
ដាំនៅចំការ ។

**ការដាក់ដាំកំណាត់ដើម**
-វិធីនេះគេអនុវត្តន៍ចំពោះដីចំការធំៗដែលជួនកាលការកាប់រណ្ដៅអាចត្រូវចំណាយថវិការច្រើន ។
-ការដាំដុះតាមវិធីនេះគេអាចអនុវត្តន៍បានពេលដែលចំការមានដីសើមល្មម
-វិធីនេះអាចចំណាយទុនតិច និងឆាប់រហ័សទៀតផង ប៉ុន្តែវា មានគុណវិប្បត្តិម្យ៉ាង គឺអាចបណ្ដាលឲ្យដើមដុះមិនបានល្អក្នុងចំការពេលដែលពុំមានភ្លៀង ធ្លាក់គ្រប់គ្រាន់
**ការត្រៀមពូជ**
-ជាទូទៅគេកាត់ពូជជាកង់ៗមាន ៣ថ្នាំ និងភ្នែក ៣ ល្អៗ ។
-ដើមដែលជ្រើសរើសយកមកធ្វើជាពូជជាដើមដែលមានអាយុ ប្រមាណជា ៧ខែ ទើបជាពូជដែលមានគុណភាពល្អ
-មិនត្រូវយកផ្នែកខាងគល់ពេក ឬចុងពេកមកធ្វើពូជឡើយ ព្រោះវា អាចដុះមិនសូវល្អ ម្យ៉ាងទៀតជៀសវាងយកដើមណាស្គមហើយមានកើតជម្ងឺ
-កំណាត់ដើមអំពៅ ដែលគេយកមកធ្វើ ពូជដាំរួមមាន៖ ថ្នាំង និងភ្នែក (ពន្លក) ៣ល្អ
-មុនពេលដាំគេត្រូវឆូតរង ឬគន្លង ដែលមានចន្លោះឃ្លាតពីគ្នា ០,៩០ម ទៅ១,២០ម រួចហើយគេបោះពូជទៅបាតរង ហើយគេត្រូវរាស់លុប ឬឆូតលុបតែម្ដង
– ក្នុងការបោះពូជ គេអាចបោះកំណាត់ពូជនូវចន្លោះឃ្លាតពីពូជមួយទៅពូជមួយ ឬពីគុម្ពមួយទៅគុម្ពមួយឃ្លាតពីគ្នាប្រមាណ ជា ០,៥០ ទៅ ០,៦០ ម – វិធីម្យ៉ាងទៀតគេអាចបោះទាំងដើមវែង តែម្ដងរួចហើយគេកាប់ដើមជាកង់ៗក្នុងចំការតែម្ដង
– ការដាំក្នុងរណ្ដៅ: ចំពោះការដាំក្នុងរណ្ដៅ គឺគេដាក់ក្នុងមួយរណ្ដៅពីរកំណាត់ពូជ នៅបាតរណ្ដៅគេដាក់ជីធម្មជាតិលាយ ជាមួយជីគីមីបន្តិចគឺប្រមាណជា ៥០ ក្រាមជីគីមី និងជីធម្មជាតិប្រមាណជា ០,៥ ទៅ ១,០ គ.ក្រ ក្នុងមួយរណ្ដៅ

-ចន្លោះ ឃ្លាតនៃរណ្ដៅ ១ម x ០,៨ម និងទំហំ ០,៣៥ម បួនជ្រុង ដែលមានជំរៅប្រមាណជា ៣០ ស.ម
-ការដាំដោយដាក់កំណាត់ដើមនេះ មានលក្ខណៈងាយស្រួលម្យ៉ាងគឺយើងចំណាយទុនតិច ពុំចាំបាច់ធ្វើការស្រោចស្រព ហើយដំណាំអាចដុះលូតលាស់បានអាស្រ័យទៅដោយទឹកក្នុងដី និងទឹកភ្លៀងធ្លាក់
-នៅប្រទេសកម្ពុជាយើង កសិករនិយម ដាំអំពៅម្ដងហើយប្រមូលផលម្ដង
– នៅប្រទេសគេភាគច្រើនពេលដែលគេដាំលើចំការធំៗគេដាំម្ដងហើយគេអាចប្រមូល ផលរហូតដល់ ៣ទៅ ៤ដង ក្នុងអំឡុងពេល ៥ឆ្នាំ ។
-នៅប្រទេសជឿនលឿនខ្លះទៀតមានចំការអំពៅ ដែលមានអាយុរហូត ដល់ទៅ ១០ទៅ ១៥ឆ្នាំ ហើយគេអាចប្រមូលផលបានពី ៨ ទៅ ១២ ដង ។

** ការដាក់ជី**
-ដំណាំអំពៅជាដំណាំមួយប្រភេទដែលត្រូវការជីច្រើនគួរសមក្នុងចំណោមជីជាតិចិញ្ចឹមសំខាន់ៗ ដំណាំអំពៅ ត្រូវការជីប៉ូតាស្យូម ច្រើនជាងគេព្រោះដំណាំអំពៅជាដំណាំមួយដែលបង្កើតជាតិស្ករ ។ -បរិមាណនៃជាតិប៉ូតាស្យូមដែលត្រូវ ដាក់ស្ទើរស្មើនឹងជីអាហ្សូតដែរ ។
-ចំពោះលក្ខខណ្ឌប្រទេសកម្ពុជាយើងដែលកសិករដាំមួយឆ្នាំតែម្ដង និងប្រមូលផលតែម្ដង នោះ គឺយើងអាចណែនាំឲ្យកសិករយើងដាក់ជី ១៥.១៥.១៥ ប្រមាណ ២០០ គ.ក្រ/ហ.ត ។

-បើករណីយើងដាំអំពៅសំរាប់ ធ្វើស្ករ ដូច្នេះយើងត្រូវដាក់ជីគីមីនូវបរិមាណជា ៤០០ គ.ក្រ ជី ១៥.១៥.១៥ ក្នុងមួយហ.ត ដើម្បីធានាបានទិន្នផលស្ករច្រើន
-ការដាក់ជីលើដំណាំអំពៅជាទូទៅ គឺគេដាក់តែម្ដងប៉ុណ្ណោះនៅពេលដាំ ហើយគេកម្រនឹងដាក់ ជីអ៊ុយរ៉េបំប៉នម្ដងទៀត ណាស់ ព្រោះអាចបណ្ដាលឲ្យប៉ះពាល់ដល់ទិន្នផលស្ករ
-ក្នុងករណីចំការដែលយើងដាំម្ដងហើយធ្វើការប្រមូលផលពី ២ ទៅ ៣ ដងនោះការដាក់ជីត្រូវដាក់ក្រោយពេលប្រមូលផលលើកទី ១ជាថ្មីម្ដងទៀតនូវបរិមាណជីដូចទៅនឹងការដាក់ នៅពេលដាំ ប៉ុន្តែត្រូវបន្ថែមជីអ៊ុយរ៉េមួយកំរិតថែមទៀតគឺប្រមាណពី ៥០ ទៅ ១០០ គ.ក្រ/ហ.ត ដើម្បីជំនួយដល់ការដុះលូត លាស់របស់កូនអំពៅថ្មី ។

** ការសំអាតស្មៅ**
– ការសំអាតស្មៅមានសារៈប្រយោជន៍ណាស់សំរាប់ដំណាំអំពៅ
-ការសំអាតស្មៅគេត្រូវចាប់ផ្ដើមអនុវត្ត ចាប់ពីពេលដែលយើងដាំរហូតដល់ដើមអំពៅមានអាយុ ៤៥ថ្ងៃ គឺអាចបណ្ដាលឲ្យថយចុះទិន្នផលស្កររហូតដល់ ១២% បើធៀបទៅនឹងចំការដែលគ្មានស្មៅ
-ត្រូវពូនគល់ ដើម្បីជំនួយដល់ការលូតលាស់នៃខ្នែងអំពៅ ដែលជាកត្តាមួយយ៉ាង សំខាន់ក្នុងការផ្ដល់ទិន្នផល ។
-ការជំរះស្មៅ គឺយើងអាចធ្វើដោយចប ហើយចំពោះដីចំការធំ គេអាចធ្វើដោយគ្រឿងយន្ត ចំពោះប្រទេសកម្ពុជាយើងពេលដែលគេដាំនៅរដូវទឹកសំរក ក្នុងខែវិច្ឆិកា ធ្នូ ជាដំបូងគេអាចជំរះស្មៅមួយដង ឬពីរដងហើយ រហូតដល់ពេលធ្លាក់ភ្លៀង ស្មៅដុះថ្មីទើបគេជំរះម្ដងទៀត ។

** ការប្រមូលផល**
-ការប្រមូលផលដំណាំអំពៅនៅប្រទេសកម្ពុជាយើង គឺគេអាចធ្វើឡើងដោយយោងតាមលក្ខខណ្ឌអាកាសធាតុ និងទីផ្សារ ។
-ប៉ុន្តែជាទូទៅគេប្រមូលផលពេលដែលដំណាំមានអាយុប្រមាណជា ១០ទៅ ១៣ ខែបន្ទាប់ពីដាំ ។ ចំពោះការដាំអំពៅសម្រាប់ គ្រាន់តែលក់ដើម្បីគាបទឹកហូប ការប្រមូលផលពុំសូវមានបញ្ហាអ្វីចោទឡើងទេ គឺគេអាចប្រមូលផលក្នុងអំឡុងខែកញ្ញា គឺពេលអំពៅមានអាយុ ១០ខែមុនពេលទឹកលិច ថ្វីត្បិតតែក្នុងពេលនេះក្នុងដើមពុំសូវមានជាតិស្ករក៏ដោយ ។
-ចំពោះការដាំដុះ អំពៅសំរាប់ធ្វើស្ករ ពេលវេលានៃការប្រមូលផលគឺក្នុងអំឡុងពេលខែធ្នូ ឬ មករា ព្រោះត្រឹមខែនេះអំពៅមានអាយុពី ១២ ទៅ ១៣ ខែ និងជាពេលដែលអាកាសធាតុត្រជាក់ ហើយអំពៅមានជាតិស្ករច្រើន ។
-ការប្រមូលផលនៅចំការធំៗជួនកាលគេដុត ចំការជាមុនសិនទើបគេកាប់ដើមអំពៅ ក្នុងករណីនេះ គេត្រូវកាប់អំពៅភ្លាម និងប្រញាប់យកទៅរោងចក្រព្រោះបើទុកចោល លើសពី ៣ ថ្ងៃអាចបណ្ដាលឲ្យខូចគុណភាពស្ករ ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពពី: កសិកម្មដំណាំម្រុំ