កសិកម្ម
រូបភាព
គេអាចបណ្តុះកូនចេក ចេញពីក្តិលចេក ១ដើម បានកូនចេកចំនួន ចាប់ពី ១០ដើម រហូតដល់ ៣០ដើម ដោយប្រើពេលតែ ២ខែប៉ុណ្ណោះ។
ការបំបែកដោយក្តិល (PIF technical) មានប្រសិទ្ធភាពបន្ទាប់ពី បច្ចេកទេសបំបែកជាលិកា (tissue culture) ដែលការបំបែកជាលិកាកូនចេកក្រមុំមួយដើម អាចបំបែកកូនចេកបាន ចាប់ពី ៦០ដើម ទៅ ១០០ដើម។+ការបំបែកដោយក្តិល (PIF technical) មានដំណាក់កាលដូចតទៅ៖
*** ការរៀបចំ រោងថ្នាលបណ្តុះ***
-រោងបណ្តុះ អាចធ្វើពីឬស្សី ជារោង ៤ជ្រុង ឬ រោងដូចក្នុងរូបភាព កំពស់មួួយម៉ែត្រ ២តឹកពីដី។
-ត្រូវរៀបចំនៅទីតាំង ដែលអោយត្រូវពន្លឺថ្ងៃ តែ ២០% ទៅ ៣០%ប៉ុណ្ណោះ ដោយប្រក់ស្លឹក គ្របធាងដូង ឬ គ្របស្បៃកាត់បន្ថយកំដៅច្រើនជាន់ ឬប្រក់ក្រណាត់គូតុងក្រាស់ៗ ពី ខាងលើ។ មានក្បាំងសម្រាប់ដាក់អាចម៍រណា ដែលខ្ពស់ផុតពីដី ពី ២តឹក ទៅ ៣តឹក។
-ត្រូវមានថង់ផ្លាស្ទិកក្រាស់ សម្រាប់គ្របអោយជិត កុំអោយខ្យល់ចូល។
***ការសំលាប់មេរោគផ្សិត និង បាក់តេរី ពីអាចម៍រណា សម្រាប់ជាសារជាតិចិញ្ចឹមបណ្តុះ***
-អាចម៍រណាឈើ មានប្រសិទ្ធភាពជាងគេបំផុត ក្នុងការបណ្តុះកូនចេក
-អាចម៍រណា មានជ័រឈើ ដែលជាសារជាតិចិញ្ចឹមល្អបំផុតក្នុងការបណ្តុះឬស និងចិញ្ចឹមដើម និងស្លឹក។
-ហាមយកចំបើង ដែលរើចេញពីរោងបណ្តុះផ្សិត មកបណ្តុះកូនចេក ព្រោះសំបូរមេរោគផ្សិត។
-មុននឹងដាក់ក្តិលចេក ចូលទៅបណ្តុះ ត្រូវសម្លាប់មេរោគអាចម៍រណាសិន។
-អាចម៍រណាអាចលាយនឹងកន្ទក់បាន
-ត្រូវចំហុយអាចម៍រណានោះ រយៈពេល១៥នាទី ទៅ៣០នាទីសិន ដោយធុងដាក់លើភ្លើង ឬចំហុយដោយទឹកពុះ ឬចំហុយដោយឃ្លុំបេជិតកំដៅពី ៨០អង្សាសេ ទៅ ១២០អង្សាសេ។
-បន្ទាប់ពីចំហុយសម្លាប់មេរោគរួចរាល់ហើយ ត្រូវយកអាចម៍រណានោះ ទៅចាក់ក្រាល ក្នុងថ្នាលបណ្តុះចេក ដោយគ្របថង់ផ្លាស្ទិក រុំកៅស៊ូបិតអោយជិត កុំអោយខ្យល់ចូល។
*** ការចិតក្រឡឹងសំបកចេកចេញពីក្តិល***
-បន្ទាប់ពីគាស់ដើមចេកយកមកលាងទឹកអោយជ្រះដី រួចរាល់ហើយ គឺត្រូវចិតក្រឡឹង បកសំបក ម្តងមួយស្រទាប់ៗ កុំអោយដាច់ភ្នែកកូនចេក តែខាងក្រោមក្តិល ត្រូវចិតឬសចេកចាស់ៗ ចេញអោយអស់
– កាំបិតដែលចិត ត្រូវស្ងោរសំលាប់មេរោគសិន មុននឹងចិត ឬលាងនឹងអាល់កុល ឬទឹកអូសាវែល រួចដុតភ្លើង។ បន្ទាប់ពីចិតក្តិលចេករួចរាល់ហើយ ត្រូវលាងទឹកវាអោយស្អាតជ្រះដីល្អ
– ការចិតនេះ អាចប្រើកាំបិតស្តើង ពុះជា៤តែមិនមែនពុះអោយដាច់ទេ គឺពុះសាច់ខាងលើ ដើម្បីចែកប្លុកកោសិកា។
*** ការសម្លាប់មេរោគផ្សិត បាក់តេរី ពីក្តិលចេក និងការរៀបចំក្តិលចេកចូលថ្នាលបណ្តុះ***
*ការសម្លាប់មេរោគចេញពីក្តិលចេក ដែលបានចិតរួច អាចប្រើវិធី ៣យ៉ាង៖ ១អាចក្រឡុកលាងនឹងអាល់កុល (បើមានលទ្ធភាព) ២អាចក្រឡុកលាងជាមួយនឹងទឹកអូសាវែលដែលលាយជាមួយនឹងទឹកបិត(បើមានលទ្ធភាព)។ ៣អាចដាំទឹកអោយពុះ ហើយយកក្តិលចេកទាំងនោះ ដាក់ចូលត្រឡប់ឡើងចុះរយៈពេល ១៥វិនាទី ទៅ៣០វិនាទី សឹមលើកចេញមកវិញ។ អាល់កុល និង អូសាវែលអាចក្រឡុក រយៈពេល ៣នាទីបាន យ៉ាងយូរបំផុត៥នាទី ដើម្បីអោយងាប់មេរោគ ជាពិសេសមេរោគផ្សិត ដែលជាហេតុធ្វើអោយក្តិលចេករលួយ។
****ការកាត់កូនចេកដែលដុះមកធំជាងគេចេញដើម្បីអោយកូនចេកដុះច្រើន***
-បន្ទាប់ពីសម្លាប់មេរោគរួចរាល់ហើយ យើងត្រូវយក ក្តិលចេកមកដាក់តំរៀបក្នុងថ្នាល ដោយកប់ចូលជ្រៅទៅក្នុងអាចម៍រណាដោយទុកខាងលើបន្តិចមិនអោយលិចកប់បាត់ទាំងស្រុង
-បន្ទាប់ពីកប់ហើយ ត្រូវស្រោចទឹក ដោយប្រើទឹកថ្លាល្អ បើមានទឹកភ្លៀងត្រងទុក យកទៅស្រោច ជាការល្អ ព្រោះទឹកភ្លៀង មានវីតាមីនផង និងជីវជាតិផង
-ហាមយកទឹកល្អក់ ដែលមានលាយដីយកទៅស្រោច ព្រោះអាចងាយនឹងកើតផ្សិត
-ត្រូវស្រោចទឹក អោយអាចម៍រណាសើមជាប្រចាំ
-១សប្តាហ៍ក្រោយមក ក្តិលចេកក៏ចាប់ផ្តើម ដុះឬស
-២ទៅ ៣សប្តាហ៍ក្រោយមក ក៏មានកូនចេក ដុះឡើងមក
-តែកូនចេកដែលដុះ ដំបូងនេះ មិនមានចំនួនដើមច្រើននោះទេ ដូច្នេះ កូនចេកដំបូងនេះ ត្រូវយកកាំបិតកាច់ផ្លែ ឬកាំបិតស្តើងៗ កាត់ចេញ ហើយពុះគល់កូនចេកនោះជា៤
-រយៈពេលក្រោយមកក្តិលចេកនោះ ដុះកូនកាន់តែច្រើន។ រាល់ពេលស្រោចទឹករួចរាល់ ត្រូវបិតថង់អោយជិត កុំអោយខ្យល់ចូល
*** ការបំបែកកូនចេក ចេញពីក្តិល ដាក់ចូលកន្ទោង***
-បន្ទាប់ពីកូនចេកដុះច្រើនមក យើងអាចយកកាំបិតកាច់ផ្លែ ឬ កាំបិតមុតស្តើង ច្រឹបកូនចេក អោយដោយសាច់ក្តិលមួយជ្រុងមូល រូចដាក់ដាំចូលក្នុងកន្ទោង ដែលមានដីលាយជីកំប៉ុស្ត៍ សម្លាប់មេមេរោគរួចរាល់ ដោយតំរៀបគ្នាក្នុងថ្នាលថ្មី គ្របថង់ផ្លាស្ទិកបិតជិតខ្យល់ដូចគ្នា ហើយមានដំបូលពីខាងលើ មិនអោយត្រូវពន្លឺថ្ងៃ។
-ដាក់បែបនេះ រយៈពេល ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ រហូតដល់ចាប់ឬស ដោយមានការស្រោចទឹក ជាទៀងទាត់ធម្មតា។
*** ការដាំកូនចេកពីកន្តូងចូលថង់ខ្មៅ***
-បន្ទាប់ពីកូនចេក ចាប់ឬស នៅក្នុងកន្ទោង ល្មមហើយ យើងអាចដាំ កូនចេកនេះ ចូលទៅក្នុងថង់ខ្មៅ ដែលមានចោះប្រហោង ដោយដាក់តំរៀប នៅក្រោមស្បៃកាត់បន្ថយ ពន្លឺថ្ងៃ រហូតដល់កូនចេកនេះ រឹងមាំ ល្មមដាំ ស្លឹក៣ ស្លឹក៤ ស្លឹក៥។
*** ការបន្សាំអាកាសធាតុអោយកូនចេក***
-មុននឹង យកកូនចេកនេះ យកទៅដាំលើដី ត្រូវរៀបចំភ្ជួររាល់ដី ជាច្រើនលើកច្រើនសារ រួចស្វាន រណ្តៅ ឬជីករណ្តៅរួចរាល់។
-ត្រូវបកស្បៃ អោយកូនចេកទាំងនេះ ត្រូវពន្លឺថ្ងៃ ពី ១ថ្ងៃ ទៅ ៣ថ្ងៃសិន ទើបយកទៅដាំ។
***បញ្ជាក់***
-ពេលវេលា ដែលចាប់ផ្តើមបណ្តុះបានល្អ គឺ ចាប់ពីចុងខែ៥ រហូតដល់ ខែ ១២។
-ហាមបណ្តុះនៅ ចុងខែ ២ ខែ ៣ និងខែ ៤ ព្រោះអាកាសធាតុក្តៅខ្លាំងណាស់ ធ្វើអោយក្តិលចេកដែលបណ្តុះនោះរលួយខូចអស់។
សង្ឃឹមថា បទពិសោធន៍ នឹងក្លាយទៅជាប្រយោជន៍ ដល់ ពុកម៉ែបងប្អូន កសិករ ខ្មែរយើង ដែលចូលចិត្ត ដាំដំណាំចេក ហើយចង់ដាំលើផ្ទៃដីធំ ក្នុងរយៈពេលខ្លី។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពៈ កសិកម្ម ឧស្សាហកម្ម និង សិប្បកម្ម