ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើទឹកអំបិល និងអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនទៀត ដែលជួយដល់បញ្ហាសុខភាពមាត់ធ្មេញ!

01-Aug-2018 04:20 PM

រូបភាព


ដោយ: Uddam

ការប្រើទឹកអំបិលសម្រាប់ការព្យាបាលជំងឺឈឺធ្មេញ និងបញ្ហាមាត់ធ្មេញមួយចំនួន គឺត្រូវបានគេអនុវត្តតាំងពីបុរាណមកម្ល៉េះ ហើយវាក៏ពុំផ្តល់ផលប៉ះពាល់អ្វីដែរ ព្រោះអំបិលវាមានផ្ទុកនូវសមាសធាតុដ៏សំខាន់ជាច្រើនដូចជា សូដ្យូម ស្ពាន់ធ័រ ប៉ូតាស្យូម និងសារធាតុផ្សេងៗទៀត ដែលមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាសុខភាពមាត់ធ្មេញ។ ខាងក្រោមនេះគឺជាវិធីធ្វើទឹកអំបិល ដើម្បីព្យាបាលអាការឈឺធ្មេញ និងអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោម៖

 

ក. វិធីធ្វើទឹកអំបិល

១. ជាដំបូងអ្នកត្រូវយកអំបិល ២ស្លាបព្រាបាយ ចាក់លាយជាមួយនឹងទឹកក្តៅឧណ្ហៗ ឬទឹកធម្មតាចំនួន ១កែវ ហើយកូរវាឲ្យរលាយអំបិលទៅក្នុងទឹកសព្វល្អ។

 

២. បន្ទាប់មកអ្នកអាចយកទឹកអំបិលខ្ពុរមាត់ជាការស្រេច (អ្នកត្រូវចាក់ទឹកអំបិលដែលនៅសល់ក្រោយពីការប្រើប្រាស់ចោល ដើម្បីចៀសវាងការឆ្លងបាក់តេរី ឬមេរោគ)។

*ចំពោះអំបិលអ្នកគួរតែជ្រើសរើសអំបិលដែលមានផ្ទុកជាតិអ៊ីយ៉ូតខ្ពស់ (ចៀសវាងការប្រើប្រាស់អំបិលធម្មតា ព្រោះវាមានផ្ទុកនូវជាតិរ៉ែទាប)។ ជាមួយគ្នានេះអ្នកអាចអនុវត្តន៍វិធីនេះសមល្មមទៅតាមស្ថានភាពនៃអាការដែលកើតឡើង។

 

ខ. អត្ថប្រយោជន៍នៃទឹកអំបិល

ព្យាបាលរបួសស្រាលៗ នៅលើអញ្ចាញធ្មេញ៖ អំបិលមានសារធាតុប្រឆាំងនឹងមេរោគ ដែលអាចព្យាបាលរបួសតិចតួចនៅលើអញ្ចាញធ្មេញបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែខ្ពុរមាត់ជាមួយនឹងទឹកអំបិលក្តៅឧណ្ហៗ។

 

សម្លាប់បាក់តេរី និងមេរោគ៖ ឈឺធ្មេញដែលបណ្តាលមកពីមេរោគ និងបាក់តេរី គឺជាជំងឺឈឺមាត់ធ្មេញធម្មតាទូទៅដែលមនុស្សភាគច្រើនធ្លាប់ជួបប្រទះ។ ហេតុនេះអ្នកអាចព្យាបាលវាបានដោយងាយ ជាមួយនឹងទឹកអំបិលយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះទឹកអំបិលមិនត្រឹមតែអាចសម្លាប់បាក់តេរីប៉ុណ្ណោះទេ វាក៏អាចកម្ចាត់ក្លិនមាត់របស់អ្នកបានទៀតផង។

 

កម្ចាត់កាកសំណល់ចេញពីក្នុងមាត់ និងជួយសម្អាតធ្មេញ៖ ជួនកាលអាការឈឺធ្មេញក៏អាចបណ្តាលមកពីសំណល់អាហារដែលជាប់ទៅនឹងរន្ធ ឬប្រហោងធ្មេញរបស់អ្នក។ ប៉ុន្តែអ្នកកុំបារម្ភអី ទឹកអំបិលអាចជួយសម្អាតធ្មេញ និងយកចេញនូវកាកសំណល់អាហារទាំងនោះបានយ៉ាងល្អ។

 

កាត់បន្ថយការឈឺចាប់ ក្រោយពេលដកចេញធ្មេញ៖ ជាធម្មតាការឈឺចាប់បន្ទាប់ពីការដកធ្មេញតែងកើតមានឡើង ក្រោយពីប្រសិទ្ធភាពនៃថ្នាំស្ពឹកត្រូវបានបាត់បង់។ ម្យ៉ាងវិញទៀតទឹកអំបិលក៏អាចបញ្ឈប់ការហូរឈាម និងជួយជួសជុលអញ្ចាញធ្មេញឲ្យឆាប់ជាសះស្បើយទៀតផង។

 

ជួយព្យាបាលការឆ្លងរោគអញ្ចាញធ្មេញ និងធ្មេញ៖ បញ្ហានៃការឆ្លងរោគនៅអញ្ចាញធ្មេញ និងធ្មេញ ជាទូទៅកើតឡើងដោយសារតែការឈឺធ្មេញ និង ពងបែកមាត់រយៈពេលយូរមកហើយ។ ដូច្នេះអ្នកអាចខ្ពុរមាត់ជាមួយនឹងទឹកអំបិល ដើម្បីព្យាបាលអាការទាំងនេះ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ