វិជ្ជាមេផ្ទះ
រូបភាព
វិធីធ្វើផ្អកកំពឹសឆ្ងាញ់!!
គ្រឿងផ្សំ៖-កំពឹស ៥ ចានចង្កិះ -អំបិល កន្លះ ចានចង្កិះ-រំដេងខ្ចី ១ជ្រុងប៉ុនពាក់កណ្ដាលក្ដាប់ដៃ ហាន់ជាសសៃៗ-ល្ហុងខ្ចី ១ផ្លែតូច ឈូសជាសសៃៗ ឬសាប់ក៏បាន-ស្ករត្នោត ២ស្លាបព្រាបាយ-អង្ករលីង៣ភាគ៤ចានចង្កិះ កិនឬបុកអោយហ្មត់
វិធីធ្វើ៖-លាងកំពឹស រើសអោយអស់កំទេចកំទីនិងចៃនៅក្បាលកំពឹស (ចៃនេះបណ្ដាលអោយពុលរាគក្អួតកាលណាហូបប៉ះវា) ដាក់អោយស្រស់ទឹក សឹមវាល់អោយបាន៥ចានចង្កិះ លាយអំបិលកន្លះចានចង្កិះ លាយអោយសព្វចូលជាតិគ្របអោយស្អាតកុំអោយរុយពងបានទុកប្រហែលកន្លះម៉ោង ទើបញាត់ចូលក្នុងកែវស្អាតមួយ ផ្អាប់ទុករយៈពេល៥យប់ ត្រូវញាត់អោយពេញណែនកុំអោយមានសល់ចន្លោះក្នុងកែវ បើនៅសល់ចន្លោះត្រូវរោយអំបិលពីលើបន្តិចរូចដាក់ថង់ស្អាតពីលើ (ចន្លោះមិនពេញនេះអាចបណ្ដាលអោយផ្អកធំក្លិនខ្យល់បាន)
-ក្រោយពេលផ្អាប់ទុកបាន៥យប់ កូរស្ករត្នោតលើភ្លើងអោយក្រហមឈ្ងុយ រួចចាក់ទឹក១ចានចង្កិះចូលឆ្នាំងស្ករនោះ ដាំរហូតពុះ។
-ចាក់កំពឹសដែលផ្អាប់ដាក់ក្នុងចានក្រឡូមធំស្រួលលាយ ទើបចាក់ទឹកស្ករកំពុងពុះចូលកូរអោយសព្វ ទើបដាក់អង្ករលីង និងរំដេងហាន់ចូល លាយអោយសព្វ រួចញាត់ចូលកែវវិញ (កុំអោយពេញពេក ខ្លាចពេលអង្ករលីងរីកនាំអោយហៀរទឹកចេញក្រៅ រួចទុកមួយយប់ទៀត អោយអង្ករលីងកាច់ចូលជាតិ ទើបអាចដាក់ល្ហុងបាន បើដាក់ល្ហុងតែម្ដង ផ្អកនឹងធំក្លិនឆ្អាប)។
-បានទុកមួយយប់ហើយ ចាក់ពីកែវមកម្ដងទៀត មកលាយនឹងល្ហុងខ្ចីដែលបានសាប់ អោយសព្វ ទើបញាត់ចូលកែវវិញ ទុកមួយយប់ឬ២យប់ អាចពិសាបានហើយ។
ចំណាំ៖ពេលលាយហូប ភ្លក្សមើលបើសិននៅស្ទើរផ្អែមឬមិនទាន់ជូរ អាចថែមស្ករស និងក្រូចឆ្មារបន្តិចតាមចំណូលចិត្តអ្នកពិសា។ ផ្អកនេះគេអាចពិសាជាមួយបាយ ផ្ទាប់ពពាយខ្ចី ត្រសក់ ខ្ញីខ្ចីក៏បាន ឬអាចផ្ទាប់ជាមួយត្រីអណ្ដែងអាំងក៏បាន។ ដើម្បីរក្សាបានយូរថ្ងៃ អាចដាក់ក្នុងទូរទឹកកក ហូបបានបួនប្រាំថ្ងៃដែរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស