ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ជំងឺបេះដូង
ជំងឺបេះដូង គឺជាស្ថានភាពមួយ ដែលបេះដូងត្រូវបានរាំងខ្ទប់មិនអាចទទួលឈាមបានគ្រប់គ្រាន់។ ជំងឺនេះបណ្តាលមកពីការត្បៀតសរសៃរឈាម ដោយសារជាតិកូឡេសស្តេរ៉ូលកកស្ទះនៅក្នុងប្រហោងសរសៃរឈាមអាកទែរ ដែលជាអ្នកផ្គត់ផ្គង់ឈាមដល់សាច់ដុំបេះដូង។
នៅពេលកំណកនោះរបូតចេញ វាក៏រំកិលទៅក្នុងរន្ធកាន់តែតូចនៃសរសៃរអាកទែរ ហើយរាំងខ្ទប់ឈាមមិនឲ្យហូរចូលទៅក្នុងសាច់ដុំបេះដូង ជាហេតុបង្កឲ្យមានការខ្វះអុកស៊ីសែន ហើយធ្វើឲ្យគាំងបេះដូងតែម្តង។ ជាទូទៅ រោគសញ្ញាបង្ហាញថាមានការគាំងបេះដូងមាន៖ ចុកអួលនៅក្នុងទ្រូង និងនៅជុំវិញបេះដូង ឈឺស្មាខាងឆ្វេង អមជាមួយនឹងថ្គាមពិបាកដកដង្ហើម ត្រជាក់ប្រអប់ដៃជើងដោយសារឈាមហូរខ្សោយ វិលមុខ អស់កម្លំាង គិតអ្វីមិនចេញ ឈឺជើង និងដំណើរញាក់ញ័រ។
រុក្ខជាតិឱសថ៖ សរសៃរសក់ពោត
ពោតជារុក្ខជាតិមួយ ដែលគេស្គាល់ពាសពេញសាកលលោក ហើយប្រហែលជាប្រទេសណាក៏មានដំាពោតដែរ។ ពោតជាពពួកស្មៅដែលមានទងរឹងតែមួយហើយគ្មានមែក។ ផ្កាឈ្មោលចេញនៅខាងចុងនៃរុក្ខជាតិនេះ។ ផ្លែពោតចេញតាមសងខាងដូចជាមែកឈើ ហើយស្រោបទៅដោយសំបក ហើយចេញគ្រាប់ជាជួរៗនៅលើស្នូលរឹង។
គេប្រើប្រាស់វាទាំងនៅខ្ទីឬចាស់។ នៅប្រទេសខ្លះគេយកម្សៅពោតទៅធ្វើជានំបុ័ង។បរិមាណប្រេងពោតជាច្រើនត្រូវបានគេធ្វើពាណិជ្ជកម្ម។
វិធីធ្វើ និងព្យាបាល៖
-ឆុងសរសៃរសក់ពោតដែលដុះជាកំប៉ោយលើផ្លែពោត
-ប្រើត្រឹម ៣០ក្រាមសម្រាប់ទឹកមួយលីត្រ
-ពិសាត្រជាក់ ឬក្តៅក៏បាននៅពេលព្រឹកឬ ពេលល្ងាច។
វាមានសារជាតិបង្កើនបរិមាណទឹកនោមដែលត្រូវបញ្ចេញចោលដ៏វិសេសវិសាល ហើយត្រូវបានគេប្រើសម្រាប់សម្ពាធឈាមឡើងខ្ពស់ និងក្រួសក្នុងតម្រងនោម។
ជាតិប្រេងទទួលបានពីពោត សំបូរទៅដោយជាតិអាស៊ីដខ្លាញ់មិនរលាយ ហើយត្រូវបានគេប្រើប្រាស់សម្រាប់អ្នកជំងឺដែលរងគ្រោះដោយសារជាតិកូឡេសស្តេរ៉ូលខ្ពស់ហួសហេតុនៅក្នុងឈាម។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត