ឱសថបុរាណធម្មជាតិ
រូបភាព
មុននឹងស្វែងយល់អំពីរូបមន្តធម្មជាតិនេះ មក ស្វែងយល់អំពីជាតិខ្លាញ់! (ខ្លាញ់ក្នុងសរសៃឈាម? ខ្លាញ់រុំថ្លើម? ខ្លាញ់ល្អ? ខ្លាញ់អាក្រក់?) បន្តិចសិន។
កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ (lipoprotein) ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (fat) និងប្រូតេអ៊ីន (protein)។ និយាយឲ្យងាយយល់ គឺសារធាតុខ្លាញ់ (fat) មិនអាចនៅស្មេីសាច់ក្នុងឈាមបានទេ បើមិនមានជាតិប្រូតេអ៊ីន (protein) រុំពទ័្ធពីក្រៅ។ វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។
ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វ ទឹកដោះគោ ស៊ុត ខ្លាញ់សត្វនិងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរ កូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីន ដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។
អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់?
កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprotein (LDL-cholesterol or “bad cholesterol”) គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ ក៏ប៉ុន្តែគុណវិបត្តិរបស់វា គឺវាទៅកកជាប់នៅតាមសរសៃឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(atherosclerosis) និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូង និងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖
-ជំងឺសរសៃឈាមបេះដូង (Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង
-ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។
អ្វីទៅជាកូឡេស្តេរ៉ុលល្អ?
កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein (HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសំអាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោសសំអាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។
អ្វីទៅជា ទ្រីគ្លីសេរីដ?
ទ្រីគ្លីសេរីដ (Triglyceride) គឺជាបណ្តុំនៃសារធាតុខ្លាញ់ (fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់ (adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើមនិងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា steatosis ដែលប្រជាជានខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើកម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាមនិងបេះដូងផងដែរ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង (Diabetes Care Center)
អ្វីដែលហៅថាលើសជាតិខ្លាញ់ក្នុងសរសៃឈាម?
អង្គការសុខភាពពិភពលោក (WHO) បានឱ្យនិយមន័យលើសជាតិខ្លាញ់ក្នុងសរសៃឈាមថាជាការឡើងក្រាស់នៃស្រទាប់ សរសៃឈាមផ្នែកខាងក្នុង ជាមួយនិងការចុះខ្សោយស្រទាប់ហ្វីប្រឺនៃស្រទាប់កណ្ដាលរបស់សរសៃឈាមដែលបណ្ដាលឱ្យមានការខូច ខាត ជាពិសេសទៅលើសរសៃឈាមធំ និងសរសៃឈាមកណ្ដាល។ ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមនេះកើតឡើងដោយសារការ រួមផ្សំនៅនឹងកន្លែងនៃសារធាតុខ្លាញ់ ស្ករ ឈាម កាល់ស្យូមជាដើម។
មូលហេតុជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ឈាមរបស់មនុស្សយើង គឺបានមកពីសារជាតិផ្សេងៗនៃចំណីអាហារនិងដែលទាក់ទងទៅនឹងការចម្រាញ់របស់លំពែង។ ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាមជាជំងឺដែលមានការវិវត្ដយឺតៗ និងអាចចាប់ផ្ដើមតាំងពីនៅវ័យកុមារភាព។ តាមពិតទៅមូល ហេតុពិតប្រាកដរបស់វា គេនៅមិនទាន់ស្រាវជ្រាវរកឃើញនិងកំណត់បានពិតប្រាកដ១០០%នៅឡើយទេ។ ប៉ុន្ដែតាមការសិក្សា កន្លងមក គេដឹងថាវាបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងៗពីគ្នាដូចជា ៖
មានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀត។ ការកើនឡើងខ្ពស់នូវជាតិខ្លាញ់ ការប្រើប្រាស់ថ្នាំដែលបង្កឱ្យមានការរលាកសរសៃឈាម ដូចជានីកូទីនជាដើម។ តាមការស្រាវជ្រាវដដែលបានឱ្យដឹងថា នៅពេលសរសៃឈាមមានការខូចខាតធ្វើឱ្យមានការជ្រៀតចូលនូវសមាសធាតុមួយចំនួន ជាពិសេសខ្លាញ់។ ទីបំផុតវានឹងបង្កឱ្យមានការកកស្ទះ រួមត្បៀតនៃសរសៃឈាមនិងធ្វើឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកជំងឺ។
រោគសញ្ញាជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ជំងឺនេះជួនកាលគ្មានរោគសញ្ញាអ្វីទាំងអស់ លើកលែងតែក្នុងករណីដែលមានការស្ទះសរសៃឈាមដែលនាំឈាមទៅចិញ្ចឹម សរីរាង្គផ្សេងៗនៃសព៌ាង្គកាយ។ ការស្ទះសរសៃឈាមនេះនឹងបង្ហាញរោគសញ្ញាទៅតាមការខូចខាតនៃសរីរាង្គដែលមានបញ្ហា។
ជំងឺស្ទះសរសៃឈាមបេះដូង ៖ ការស្ទះសរសៃឈាមបេះដូងអាចមានរោគសញ្ញាដូចជាឈឺចុកចាប់ដើមទ្រូងខាងឆ្វេង
ជំងឺស្ទះសរសៃឈាមខួរក្បាល ៖ អាចបណ្ដាលឱ្យពិការមួយចំហៀងខ្លួន វៀចមាត់ជាដើម
ជំងឺស្ទះសរសៃឈាមអវយវៈក្រោម ៖ អាចបណ្ដាលឱ្យមានការឈឺចាប់ពាសពេញជើង ពិសេសពេលធ្វើដំណើរជួនកាល ការស្ទះសរសៃឈាមនេះក៏អាចធ្វើឱ្យមានការចុះខ្សោយនូវផ្លូវភេទផងដែរ។
ផលវិបាកជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ជំងឺនេះធ្វើឱ្យសរសៃឈាមរួមតូចចង្អៀត ដែលជាហេតុធ្វើឱ្យការដឹកនាំនូវអុកស៊ីសែននិងចំណីអាហារផ្សេងៗទៅកាន់ សរីរាង្គមិនបានគ្រប់គ្រាន់ និងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សរីរាង្គផ្នែកនោះ និងផ្នែកផ្សេងទៀត។ ជាពិសេសជាងនេះទៅទៀត នោះ អ្នកជំងឺអាចកើតមានគ្រោះថ្នាក់ភ្លាមៗនៃជំងឺបេះដូង និងខួរក្បាល។ ការលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមនេះ ក៏ជាមូល ហេតុនៃការរីកប៉ោងនៃសរសៃឈាមក្នុងសរីរាង្គអ្នកជំងឺដោយកន្លែងយ៉ាងធ្ងន់ធ្ងរដែរ។ លើសពីនេះក៏អាចកើតមានជំងឺត្រជាក់ចុងដៃ ត្រជាក់ចុងជើងថែមទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង
ឯខាងក្រោមនេះជារូបមន្តធម្មជាតិ ដែលជួយលាងសំអាតខ្លាញ់ក្នុងឈាម និងជាតិពុល
ព្យាបាល៖ លាងសំអាតខ្លាញ់ក្នុងឈាម និងជាតិពុល
រុក្ខជាតិ៖ ក្រូចសើច
១. រូបមន្តសំអាតខ្លាញ់ក្នុងឈាម
វិធីធ្វើ និងប្រើប្រាស់៖
-ក្រូចសើច ១ផ្លែ ចិតសំបក
-ច្របាច់យកទឹក
-លាយ សូដា ១កំប៉ុង
-ពិសារាល់ព្រឹក បន្ទាប់ពីងើបពីគេង។
២.រូបមន្តកម្ចាត់ជាតិពុល
វិធីធ្វើ និងប្រើប្រាស់៖
-ផ្លែក្រូចសើច ៤-៥ ផ្លែ
-ចិត្តសំបក ច្របាច់យកទឹក
-លាយអំបិល ១ចឹប ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន ) និងទឹកកក
-យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុក ឲ្យម៉ដ្ឋ រួចចាក់ដាក់កែវជាការស្រេច។
-ពិសាមួយថ្ងៃមួយកែវ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត