ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺគ្រុនឈាម

11-Sep-2018 05:06 PM

រូបភាព


ដោយ: Uddam

ករណីជំងឺគ្រុនឈាម បានហក់ឡើងជាថ្មីក្នុងឆ្នាំ២០១៨នេះ ខណៈ មានមនុស្សចំនួន ១៣ ក្នុងចំណោម៧ ពាន់នាក់ដែលកើតជំងឺគ្រុនឈាម បានបាត់បង់ជីវិត គិតត្រឹមរយៈពេល៧ ខែ ឆ្នាំ២០១៨។ ជាការឆ្លើយតប ក្រសួងសុខាភិបាល អះអាងថា បើទោះបីជា មានការកើនឡើងនៃករណីជំងឺគ្រុនឈាម តែអាជ្ញាធរអាចគ្រប់គ្រងសភាពការណ៍បាន តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់។

តើអ្វីទៅហៅថាជំងឺគ្រុនឈាម?
ជំងឺគ្រុនឈាម គឺជាជំងឺដែលចម្លងដោយសត្វមូសខ្លា។ ចំពោះជំងឺគ្រុនឈាមកម្រិតស្រាលបណ្តាលអោយមានក្តៅខ្លួនខ្លាំង ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ និងសន្លាក់។ ចំពោះទម្រង់ធ្ងន់ធ្ងរវិញគេហៅវាថា Dengue Hemorrhagic Fever ដែលបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមថយចុះខ្លាំង និងស្លាប់បាន។

ជំងឺនេះភាគច្រើនកើតមានជាញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងកើត។ អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំងជំងឺមួយនេះ ប៉ុន្តែការបង្ការដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ គឺធ្វើយ៉ាងណាកាត់បន្ថយកុំអោយមូសខាំ ជាពិសេសកន្លែងដែលមានចំនួនជំងឺគ្រុនឈាមច្រើន។

ពេលណាដែលសង្ស័យថាអ្នកមានជំងឺគ្រុនឈាម?
មនុស្សជាច្រើន ជាពិសេសកុមារ និងយុវវ័យប្រហែលជាមិនធ្លាប់មានរោគសញ្ញាក្នុងពេលកើតជំងឺគ្រុនឈាមកម្រិតស្រាលទេ។ ប៉ុន្តែរោគសញ្ញានឹងកើតឡើងនៅរយៈពេល ៤ ទៅ១០ថ្ងៃក្រោយពីត្រូវបានមូសមានជំងឺខាំរួច។

ជំងឺគ្រុនឈាមបង្កឡើងដោយសារអ្វី?
ជំងឺគ្រុនឈាមបណ្តាលមកពីវីរុសបង្កជំងឺគ្រុនឈាមមួយក្នុងចំណោមបួន ដែលចម្លងតាមរយៈមូសខ្លាខាំមនុស្ស។ នៅពេលមូសខាំមនុស្សម្នាក់ដែលមានជំងឺ ឬវីរុសបង្កជំងឺគ្រុនឈាម វីរុសនោះនឹងចូលទៅក្នុងសត្វមូសនោះ។ បន្ទាប់មក មូសនោះនឹងក្លាយទៅជាមូសផ្ទុកជំងឺ។ នៅពេលវាទៅខាំមនុស្សម្នាក់ទៀត វីរុសនឹងចូលទៅក្នុងចរន្តឈាមរបស់មនុស្សនោះដើម្បីបង្កជំងឺទៀត។

ខាងក្រោមនេះជារូបមន្តធម្មជាតិព្យាបាលជំងឺគ្រុនឈាម

ព្យាបាល: គ្រុនឈាម


រុក្ខជាតិ: ស្លឹកល្ហុង និងខ្ញី

វិធីធ្វើ:
– ហាន់ស្លឹកល្ហុង ២សន្លឹក


– ចិតខ្ញីបីចំណិត


– ទឹកមួយកែវ


– ដាក់ក្នុងម៉ាស៊ីនក្រឡុក


– ក្រឡុកឱ្យបានសព្វល្អ។

វិធីប្រើប្រាស់
– មនុស្សពេញវយ័៖ ១០មល ពីរដងក្នុងមួយថ្ងៃ


– កុមារ៖ ៥មល ពីរដងក្នុងមួយថ្ងៃ


– ហាមលាយស្ករ ឬអំបិលចូល។

*សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត