ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បច្ចេកទេសក្នុងការដាំដុះដំណាំត្រកួន

01-Oct-2018 10:11 AM

រូបភាព


ដោយ: Uddam

បច្ចេកទេសក្នុងការដាំដុះដំណាំត្រកួន ទាំងពីការរៀបចំគ្រាប់ពូជ ការថែទាំ រហូតដល់ប្រមូលផល។ ខាងក្រោមនេះយើងនឹងរៀបរាប់ជូនបងប្អូន៖

១.ការរៀបចំគ្រាប់ពូជ​៖ យើងត្រូវ​យកគ្រាប់ពូជត្រាំក្នុងទឹកជីធម្មជាតិរយះពេល ១២ម៉ោង​ រួចស្រង់គ្រាប់ពូជរួចយកក្រណាត់មកខ្ចប់ និងផ្សើមទឹកអោយសើមៗជានិច្ច។ ផ្អាប់ទុកពី ១ ទៅ ២យប់ ដើម្បីអោយដុះពន្លកទើបយកទៅដាំ។

២.ការរៀបចំដី៖ ត្រូវភ្ជួរដីលើកទី១ ភ្ជួរកំចាត់ស្មៅ   ​ភ្ជួរលើកទី២ និងរាស់អោយរាបស្មើល្អ រួចលើករងដែលមានទទឹង ៨០​សង់ទីម៉ែត្រ ទៅ​ ១២០សង់ទីម៉ែត្រ ​បណ្តោយអាស្រ័យយើងចង់បាន បន្ទាប់មក​ យកជីដែលផ្សំពីលាមកសត្វមកដាក់ទ្រាប់បាត ហើយជ្រំដីត្រឡប់សារចុះឡើងៗ ដើម្បីអោយជីចូលទៅក្នុងដី បន្ទាប់មកយករនាស់មករាស់ដីអោយបានស្មើល្អ។
របៀបផ្សំជីលាមកសត្វ៖

ក.ធាតុផ្សំ៖ លាមកសត្វ ១គីឡូក្រាម, អង្កាម ១គីឡូក្រាម,​ កន្ទក់ ១គីឡូក្រាម, មេជី ១០សេសេ, ស្កររងូ ១០សេសេ, ទឹក ១០លីត្រ។
ខ.របៀបលាយ៖ លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក ៧ថ្ងៃប្រើបាន​។

៣.របៀបដាំ៖ ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយទៅចង្អូរមួយប្រវែង ៥០សង់ទីម៉ែត្រ ទៅ ១០០សង់ទីម៉ែត្រ រួចហើយរោយគ្រាប់ដោយចន្លោះ ពីគ្រាប់មួយទៅមួយ ប្រវែង ១សង់ទីម៉ែត្រ ទៅ ២សង់ទីម៉ែត្រ បន្ទាប់មក យកកំទេចចំបើងគ្របការពារកុំអោយហួតសំណើម។

៤.ការប្រើជី​​ PN  ​រយះពេល ៧ថ្ងៃយើងប្រើជី PN ​ម្តង៖

-លើកទីមួយ ដោយប្រើជី ៣មុខក្នុង មួយមុខៗយើងប្រើអស់ ៦ដប ក្នុង១ហិចតា។

-លើកទីពីរ យើងដាក់ ៧ថ្ងៃ បន្ទាប់ ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់ ៦ដប ក្នុង១ហិចតា។

-​​​​​លើកទី៣ យើងដាក់ ៧ថ្ងៃ​ បន្ទាប់ពីដាក់លើកទី២ហើយដោយប្រើ ជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់ ៦ដប ក្នុង១ហិចតា ។​

៥.ការថែទាំ៖

-ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ ១ថ្ងៃ ២ដង
-ដកស្មៅអោយបានញឹកញាប់
-ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
-ស្រោចទឹកជីធម្មជាតិ។

របៀបផ្សំជីទឹក៖

ក.ធាតុផ្សំ៖ កាកសំណល់ត្រី ១គីឡូក្រាម, កាកសំណល់ផ្លែឈើ ១គីឡូក្រាម, កាកសំណល់បន្លែ ១គីឡូក្រាម, ខ្យង​ខ្ចៅ ១គីឡូក្រាម, លាមកសត្វ ១គីឡូក្រាម, មេជី ២០សេសេ, ស្កររងូ ២០សេសេ, ទឹក ១០លីត្រ។

ខ.របៀបលាយ៖ លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក ៧ថ្ងៃប្រើបាន​។

គ.របៀបប្រើ៖ យកទឹកជី ១លីត្រ លាយទឹក ៥០០០លីត្រ ស្រោចត្រកួនរបស់យើង។

៦.ការប្រមូលផល៖ ក្រោយពីដាំរយះពេល ១៥ ទៅ ២៥ថ្ងៃ យើងអាចដក ឬកាត់ត្រកួនបានហើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត