ឱសថបុរាណធម្មជាតិ
រូបភាព
បងប្អូនមានដឹងទេថា ស្លឹកឫស្សីជារុក្ខឱសថមួយដែលផ្តល់សព្វគុណយ៉ាងប្រសើរសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលងទេ! ជាធម្មតាយើងតែងតែយកឫស្សីមកកែច្នៃធ្វើផ្ទះ តុ ទូ ឬគ្រឿងសង្ហារឹមផ្សេងៗ ឯទំពាំងវិញ យើងក៏យកមកបរិភោគ ប៉ុន្តែលើសពីនេះ បងប្អូនមានដឹងទេថា ស្លឹកឫស្សីគឺជារុក្ខឱសថមួយដែលផ្តល់សព្វគុណយ៉ាងប្រសើរសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលង! ស្លឹកឫស្សីពោរពេញដោយសារធាតុចិញ្ចឹមល្អៗជាច្រើន ដែលយើងអាចទាញប្រយោជន៍សម្រាប់សុខភាព។
ខាងក្រោមជារូបមន្តតែស្លឹកឫស្សីសម្រាប់សុខភាព៖
រុក្ខជាតិ៖ ស្លឹកឫស្សី
វិធីធ្វើ និងប្រើប្រាស់៖
-យកស្លឹកឫស្សីស្រស់ៗ លាងឱ្យស្អាត ឬក៏យកស្លឹកឫស្សីក្រៀមក៏បាន ចំនួនសមល្មម ឬ ១ស្លាបព្រាកាហ្វេ
-ដាក់នៅក្នុងប៉ាន់តែ ឬឆ្នាំង-ចាក់ទឹក ២ ឬ៣ពែងចូល ដាក់ដាំឱ្យពុះ
-ទុកចោលរយៈពេល ៣ ទៅ ៥នាទី (អ្នកអាចទុករយៈពេល១០នាទី ប្រសិនបើអ្នកចង់បានរសជាតិតែ ដែលមានរសជាតិខ្លាំង)-ស្រង់យកស្លឹកឬស្សីចេញ ដើម្បីទទួលទាន
-អាចបន្ថែមទឹកឃ្មុំបន្តិច ឬក្រូចឆ្មារបន្តិចប្រសិនលោកអ្នកចង់ទទួលបានរសជាតិបន្ថែម។
ខាងក្រោមនេះគឺជាសព្វគុណនៃតែស្លឹកឬស្សីសម្រាប់សុខភាព៖
១/ ជួយឱ្យធ្មេញរឹងមាំ ព្រោះវាមានផ្ទុកសមាសធាតុស៊ីលីកា (Silica) ដែលជាអ្នកដើរតួនាទីដោះស្រាយបញ្ហានេះ។
២/ កាត់បន្ថយកម្រិតជាតិស្ករ ការពារពីជំងឺទឹកនោមផ្អែម ដោយសារតែស្លឹកឬស្សី មានផ្ទុកទៅដោយជាតិកាកសរសៃ ដែលដើរតួនាទីក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះវាអាចជួយឱ្យរាងកាយមានកម្រិតជាតិស្ករក្នុងឈាមទាប ដែលធ្វើឱ្យអ្នកមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមក៏ទាបទៅតាមនោះផងដែរ។
៣/ ជួយសម្រួលដល់ដំណើរការនោម
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺតែឫស្សីមានតួនាទីក្នុងការព្យាបាលបញ្ហាប្លោកនោម និងជួយធ្វើឱ្យប្រសើរឡើងនូវបញ្ហាដែលទាក់ទងទៅនឹងតម្រងនោម។ ដូច្នេះ អ្នកអាចទទួលទាន តែស្លឹកឬស្សី បានជារៀងរាល់ថ្ងៃដើម្បីការពារពីបញ្ហាទាំងនេះ។
៤/ ព្យាបាលរបួសស្រាលៗ រលាក ឬហើម
តែស្លឹកឬស្សី ត្រូវបានគេប្រើចាប់តាំងពីសម័យបុរាណមក ហើយវាត្រូវបានគេជឿជាក់ថាប្រភេទភេសជ្ជៈ ដែលជួយកាត់បន្ថយការឈឺចាប់ដូចជានៅពេលមានរបួសណាមួយកើតឡើង។
គួរបញ្ជាក់ផងដែរថា ការរលាកនេះ អ្នកចាំបាច់ត្រូវធ្វើការព្យាបាលឲ្យបានលឿន ព្រោះវាអាចបំផ្លាញរាងកាយ និងធ្វើឲ្យមានហានិភ័យនៃជំងឺបេះដូង និងជំងឺធាត់ហួសប្រមាណ។
៥/ ទប់ស្កាត់រ៉ាឌីកាល់សេរី និង ជួយបំបាត់ភាពតានតឹង
តែឬស្សី មិនត្រឹមតែអាចជួយទប់ស្កាត់រ៉ាឌីកាល់សេរីប៉ុណ្ណោះទេ វាថែមទាំងអាចជួយកាត់បន្ថយការកើតមានកោសិកាមហារីកនៅក្នុងខ្លួនទៀតផង។ ម្យ៉ាងវិញទៀត វាក៏អាចជួយបំបាត់ភាពតានតឹងបានដែរ។
៦/ ជួយធ្វើឱ្យស្បែក ក្រចក និង សក់មានសុខភាពល្អ
ជាការពិត អ្នកចាំបាច់ត្រូវទទួលទានសារធាតុចិញ្ចឹម ដូចជាវីតាមីនផ្សេងៗ ដែលរាងកាយត្រូវការ តាមរយៈរបបអាហារ ឬវិធីដទៃទៀត ដើម្បីថែរក្សាស្បែក ក្រចក និង សក់ឲ្យមានសុខភាពល្អ ចៀសពីការខូចខាត។ ប៉ុន្តែនៅពេលនេះអ្នកអាចទទួលទាន តែឬស្សី ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នេះបន្ថែមទៀត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត