ឱសថបុរាណធម្មជាតិ
មិនត្រឹមតែជួយព្យាបាលជំងឺទឹកនោមផ្អែម ប្រភេទ 2 យ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងជួយទប់ស្កាត់បាននឹងការស្ត្រូប គាំងបេះដូង
រូបភាព
ព្យាបាល៖ ជំងឺទឹកនោមផ្អែមប្រភេទ ២ និងជួយទប់ស្កាត់បាននឹងការស្ត្រូប គាំងបេះដូង។
សូមមកស្វែងយល់បន្តិចអំពីជំងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺគាំងបេះដូង ដូចខាងក្រោម៖
១. ជំងឺទឹកនោមផ្អែមប្រភេទទី២៖
+ ជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាជំងឺរ៉ាំរ៉ៃ ដែលប៉ះពាល់ការធ្វើម៉េតាប៉ូលីសជាតិស្ករនៅក្នុងខ្លួនរបស់អ្នក។
+ ជំងឺទឹកនោមផ្អែមប្រភេទទី២កើតឡើង នៅពេលដែលរាងកាយរបស់យើងធ្វើការមិនបានល្អជាមួយអាំងស៊ុយលីន រឺលំពែងរបស់យើងផលិតអាំងស៊ុយលីនតិច។ គ្មាននរណាម្នាក់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ទោះបីយ៉ាងណាក៏ដោយកត្តាតំណពូជ បរិស្ថាន លើសទំងន់និងមិនសូវមានសកម្មភាព ចូលរួមចំនែកក្នុងការបង្កអោយមានជំងឺទឹកនោមផ្អែមប្រភេទទី២។
+កត្តាប្រឈមមានដូចជា: លើសទំងន់ មិនសូវមានសកម្មភាព គ្រួសារមានជំងឺទឹកនោមផ្អែមប្រភេទទី២ ជនជាតិ អាយុ ស្ត្រីមានផ្ទៃពោះមានលើសជាតិស្ករ ជំងឺដុំគីសច្រើននៅក្រពេញអូវ៉ារី។
+អ្នកជំងឺអាចមានរោគសញ្ញាដូចជា: ញាំទឹក និងអាហារច្រើន នោមច្រើន ស្រកទំងន់ អស់កំលាំង ស្រវាំងភ្នែក របួសមិនងាយជាហើយមានការបង្ករោគជាញឹកញាប់ ស្បែកឡើងខ្មៅ។
២. ជំងឺគាំងបេះដូង៖ មូលហេតុដែលនាំឱ្យមានបញ្ហាគាំងបេះដូង ត្រូវបានលោកវេជ្ជបណ្ឌិត អេឌ្រៀន វីសេងវែ បញ្ជាក់ថា បណ្ដាលមកពីសរសៃឈាមរបស់បេះដូងស្ទះ ដោយសារខ្លាញ់កក។ ម្យ៉ាង ដោយសារអ្នកជំងឺមិនបានយល់ដឹងអំពីការថែទាំសុខភាព និងបញ្ហាបេះដូងរបស់ខ្លួនឯង ហើយមិនបានទៅពិគ្រោះជាមួយគ្រូពេទ្យ។ ដូច្នេះ នៅពេលណាបញ្ហាបេះដូងកើតឡើងធ្ងន់ធ្ងរ អាចបណ្ដាលឱ្យស្លាប់ភ្លាម។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា មានកត្តាមួយចំនួនទៀតដែរ ដែលនាំឱ្យមានបញ្ហាដល់សរសៃឈាមបេះដូង។ កត្តាសំខាន់មួយ គឺរបបអាហារ ដែលយើងទទួលទានមិនបានត្រឹមត្រូវ។
ទាក់ទងនឹងរបបអាហារទទួលទាននេះដែរ លោកវេជ្ជបណ្ឌិត អេឌ្រៀន ពន្យល់ថា កាលណាយើងទទួលទានច្រើន ជក់បារី ហើយមិនបានហាត់ប្រាណ យើងនឹងមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ហើយជាតិខ្លាញ់កូលេស្ទើរ៉ល (Cholesterol) កកស្ទះនៅក្នុងសរសៃឈាម។
រោគសញ្ញានៃ «ជំងឺគាំងបេះដូង» កើតមានលើមនុស្សស្រី ដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់!
ជំងឺគាំងបេះដូង ជាមូលហេតុដ៏ចំបង នៃការស្លាប់មុនអាយុ ក្នុងពិភពលោកសម័យទំនើបនេះ។ វាជាប្រភេទជំងឺអាចវាយឆ្មក់មនុស្ស ដែលមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏អ្នកអាចសង្កេតនូវរោគសញ្ញាមួយចំនួនលើរាងកាយរបស់អ្នកបានដែរ។
ជាទូទៅ រោគសញ្ញានៃជំងឺគាំងបេះដូង មានភាពខុសគ្នា រវាងបុរស និងស្រ្តី។ តែខាងក្រោមនេះ យើងនឹងលើកយករោគសញ្ញាគាំងបេះដូងទាំង ៦ ចំណុច របស់ស្រ្តី ដែលទាមទារការយកចិត្តទុកដាក់ និងពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ៖
១. ឈឺចាប់ត្រង់ចង្កេះ ត្រង់ក ត្រង់ថ្គាម និងតាមដៃ៖ ស្តាប់ទៅហាក់ដូចជាច្រឡូកច្រឡំចូលគ្នា ប៉ុន្តែភាគច្រើន វាអាចបង្កការឈឺចាប់តាមដើមទ្រូង ឬដៃ ខាងឆ្វេង។ ការឈឺចាប់ទាំងនោះ អាចឈឺខ្លាំងទៅៗ អាចឈឺតិចៗជាប់ ឬអាចឈឺមួយសារៗក៏មាន រហូតជួនកាល ធ្វើឲ្យអ្នកភ្ញាក់កណ្តាលយប់ថែមទៀត។
២. ឈឺពោះចុកខ្លាំង៖ រោគសញ្ញាមួយនេះ អាចឲ្យអ្នកច្រឡំថា ជាអាការៈពុលអាហារ ផ្តាសាយ ឬក្រហាយដើមទ្រូង ប៉ុន្តែ ក្នុងករណីដែលមានការឈឺចាប់ និងសម្ពាធខ្លាំង នៅត្រង់ពោះ (អាចនិយាយបានថា ដូចជាមានសត្វដំរីមកអង្គុយពីលើយ៉ាងអ៊ីចឹង) សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣. បែកញើសគ្មានមូលហេតុ៖ អាការៈបែកញើសនេះ ជារោគសញ្ញាទូទៅមួយសម្រាប់ស្រ្តី។ អ្នកខ្លះគិតថា វាប្រហែលជាទាក់ទងបញ្ហាស្រ្តេស ប៉ុន្តែប្រសិនបើអ្នកមិនធ្លាប់មានបញ្ហាបែកញើសបែបនេះ ពីមុនមកទេនោះ សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានច្បាស់លាស់។
៤. ដកដង្ហើមមិនដល់គ្នា និងឧស្សាហ៍វិលមុខ៖ អាការៈដកដង្ហើមមិនដល់គ្នា ដោយគ្មានហេតុផល គឺជាដៃគូជំងឺគាំងបេះដូងប្រាកដណាស់ ជាពិសេស អាការៈដែលមានអារម្មណ៍ថា ហត់ដង្ហក់ ដូចជារត់ម៉ារ៉ាតុង ទាំងមិនបានកម្រើកអ្វីសោះ ថែមទៀតផង។
៥. គ្មានកម្លាំងកំហែង៖ ក្នុងករណីដែល អ្នកហាក់ដូចជាគ្មានកម្លាំងកំហែងធ្ងន់ធ្ងរ ទោះបីជាគេងសម្រាករយៈពេលយូរ ឬទាំងដែលមិនបានធ្វើការច្រើនអ្វីផងនោះ វាអាចជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងសុខភាពបេះដូង របស់អ្នកហើយ។
៦. សម្ពាធ និងឈឹចាប់ត្រង់ដើមទ្រូង៖ ការឈឺចាប់ មិនស្រួល ក្រហល់ក្រហាយ និងមានសម្ពាធ ត្រង់ដើមទ្រូង សុទ្ធតែជារោគសញ្ញា ដែលអាចបញ្ជាក់ថា អ្នកកំពុងមានបញ្ហាសុខភាពបេះដូងហើយ ជាពិសេស មិនមែនតែដើមទ្រូងខាងឆ្វេងទេ គឺពេញបរិវេណដើមទ្រូងតែម្តង។ ប្រសិនបើការឈឺចាប់នោះ នៅតែបន្ត ២ ទៅ ៣ នាទីមិនបាត់ សូមអ្នកប្រញាប់ស្វែងរកជំនួយជាបន្ទាន់។
បញ្ជាក់ ៖ ថ្វីបើរោគសញ្ញាទាំងនេះ មិនធានាថាច្បាស់លាស់មួយរយភាគរយ ក៏អ្នកត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ឲ្យបានឆាប់រហ័ស ដើម្បីការពារហានិភ័យសុខភាពផ្សេងៗ បានទាន់ពេលវេលា។
ខាងក្រោមនេះជារូបមន្តធម្មជាតិ មិនត្រឹមតែជួយព្យាបាលជំងឺទឹកនោមផ្អែម ប្រភេទ 2 យ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងជួយទប់ស្កាត់បាននឹងការស្ត្រូប គាំងបេះដូង!
រុក្ខជាតិ៖ ខ្ញី និងរមៀត
វិធីធ្វើ និងប្រើប្រាស់៖
-ហាលខ្ញីឱ្យស្ងួត រួចបុក ឬកិដ្ឋជាម្សៅ
-ទទួលទាន ប្រមាណ១/៤ស្លាបព្រាកាហ្វេ នៅពេលព្រឹកព្រលឹម ជួយសម្រួលសារជាតិស្ករ ខ្លាញ់ insulin កូឡេស្តេរ៉ូលទូទៅ និងទប់ស្កាត់ការធ្លាក់ចុះនៃកោសិកាជាលិកាក្រហម។
រមៀតមានសមត្ថភាពទប់ insulin កាត់បន្ថយការផលិត glucose និង glycogen ព្យាបាលការរលាកដោយសារកំណើនជាតិស្ករ កែសម្រួលមុខងាររបស់កោសិកាខួរឆ្អឹងខ្នង កោសិកា beta ដំណើរការអុកស៊ីតកម្ម ។
ការប្រើប្រាស់សារធាតុទាំងពីរនេះជាប្រចាំ វានឹងជួយទប់ស្កាត់នូវហានិភ័យគាំងបេះដូង ស្ត្រូប និងរោគសញ្ញាប្រែប្រួលដទៃទៀត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត