កសិកម្ម
រូបភាព
បទពិសោធន៍ល្អៗក្នុងការដាំ ប៉េងប៉ោះ របស់លោកយាយមានផ្តល់ជូនដូចខាងក្រោម៖
១-ការរៀបចំធ្វើសួន និងការបណ្តុះកូន ចំពោះការដាំប៉េងប៉ោះត្រូវរៀបចំកន្លែងដាំ នៅកន្លែងដែលមានទីស្រឡះមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានទំហំបណ្តោយ និងទទឹងសមល្មមនឹងដាំវា ហើយត្រូវធ្វើរបងព័ទ្ធជុំវិញ ដោយមានបាំងស្លឹកដូងកម្ពស់១ម៉ែត្រដើម្បីការពារ កុំឱ្យមាន់ឬទាចូល បំផ្លាញកូនប៉េងប៉ោះ ដែលវាអាចធ្វើឱ្យយើងបាត់ បង់ទិន្នផល។
ការសាបគ្រាប់ប៉េងប៉ោះគឺយើងយក គ្រាប់ប៉េងប៉ោះទៅសាបនៅលើថ្នាល ដែលមាន ទំហំបណ្តោយ ១ម៉ែត្រ ទទឹង ០.៧ម៉ែត្រ ដោយឱ្យកូន ប៉េងប៉ោះមានអាយុកាលប្រហែលជារយៈពេល ១០ថ្ងៃទើបដកយកកូនទៅដាំនៅលើរង ឬថ្នាល ដែលមានលាយជីធម្មជាតិដូចជា ជីអង្កាមដុត លាមកគោ ច្របល់ឱ្យសព្វនៅលើថ្នាល បន្ទាប់់ មកយកជីធម្មជាតិរោយពីលើស្តើងៗ រួចស្រោច ទឹកឱ្យជោគនៅលើថ្នាលជារៀងរាល់ថ្ងៃ។
២-ការរៀបចំដីសម្រាប់ដាំដុះ ក្នុងការរៀបចំដីសម្រាប់ដាំប៉េងប៉ោះយើងត្រូវ ភ្ជួរដីហាលឱ្យឆ្អិន រាស់ស្មៅឱ្យស្អាតទើបកាប់រងជា ចង្អូរជម្រៅ១តឹក បណ្តោយ៣ម៉ែត្រ ឬវែងជាងនេះ ក៍បាន និងទទឹង ៧តឹក គម្លាតពីរងមួយទៅរងមួយ ប្រវែង ៤តឹក ហើយ នៅ តាមរងនីមួយៗយើងត្រូវដាក់ជីលាមកគោចំនួន២ ទៅ ៣បង្គី និងដុត អង្កាមលាយផងដែរ។
ក្នុងការលើករងសម្រាប់ដាំ យើងត្រូវដាក់ទឹកឱ្យសើមល្មមក្នុងការពូនរងទាំង នោះ ដើម្បីឱ្យដីធូរល្មម និងងាយស្រួលក្នុងការ លើករង ផងដែរ។ ក្នុងការដាំប៉េងប៉ោះចែកចេញជា ពីរប្រភេទគឺៈ វិធីដាំដុះទី ១ សម្រាប់ប្រទេសកម្ពុជាយើងប៉េងប៉ោះមិនមែនជា ដំណាំប្រកាន់រដូវឡើយ។ វាអាចលូតលាស់បាន ចន្លោះសីតុណ្ហភាពពី ២៤-៣០ អង្សាសេ ដែលវា សមស្របបំផុតសម្រាប់ការដាំដុះ។ ដូច្នេះយើង ត្រូវយកចបជីក ខួងជារណ្តៅតូចនៅក្នុងចង្អូររង នោះសម្រាប់ដាំកូនប៉េងប៉ោះ ដែលមានគំលាតពី រណ្តៅមួយទៅមួយ០.៧ម៉ែត្រ។រួចហើយទើបយក កូនដែលសាបលើរងមកកប់ក្នុងរណ្តៅដែលយើង ខួងរួចនោះ ហើយស្រោចទឹកជារៀងរាល់ថ្ងៃគឺពេល ព្រឹកម្តង និងល្ងាចម្តង ។
វិធីដាំដុះទី ២ មុននឹងដាំត្រូវយកគ្រាប់ពូជទៅហាលថ្ងៃឱ្យក្តៅ រយៈពេល១-២ម៉ោង បន្ទាប់មកយកទៅត្រាំទឹករយៈពេល ៣៤ម៉ោង ហើយលាងសម្អាតគ្រាប់ឱ្យស្អាត២-៣លើកមុន នឹងផ្អាប់ត្រាំគ្រាប់ពូជ ។ការត្រាំផ្អាប់គ្រាប់ពូជត្រូវយក ក្រណាត់ជ្រលក់ទឹកឱ្យជោគ ចាំយកមកខ្ចប់គ្រាប់នោះ ហើយកប់ក្នុងដីសើមៗឱ្យបានមួយយប់។ហើយមុននឹងយកទៅដាំ ត្រូវយកគ្រាប់ពូជមកលាយជាមួយនឹងថ្នាំសម្លាប់ផ្សិតប្រភេទ Captan Zinneb Mancozeb ក្នុង កម្រិត ២ភាគរយ ឬ១គក្រ គ្រាប់ពូជប្រើថ្នាំកន្លះ ស្លាបព្រាបាយហើយជម្រៅនៃការដាំគឺ ២-៣ស.ម និងមួយរណ្តៅដាក់ចំនួន ២-៣គ្រាប់ដោយគ្របពី លើដោយចំបើងខ្លីៗ ឬជីធម្មជាតិពុកផុយរលួយ។ក្រោយដាំរួចត្រូវពិនិត្យ មើលដីកុំឱ្យក្តៅ និងត្រូវ ឱ្យមានសំណើម ទើបប៉េងប៉ោះដុះស្មើល្អ។
៣-ការថែទាំ បន្ទាប់ពីពេលដាំរហូតដល់ប្រមូលផល យើង ត្រូវស្រោចទឹកឱ្យជោកល្មមមួយថ្ងៃ២ដង ព្រឹក និង ល្ងាចរហូតដល់ប៉េងប៉ោះចេញផ្កា ។ ដើម្បីឱ្យទទួលផលបានច្រើន យើងត្រូវធ្វើស្មៅឱ្យបានពីរដងតាំងពីដាំរហូតដល់ពេល ប្រមូលផល ឬក៍ធ្វើស្មៅ កន្លះខែម្តងក៍បាន ប្រសិនបើមានពេលវេលាច្រើន នោះ តែត្រូវបាញ់ថ្នាំសម្លាប់សត្វពីទៅ២-៣មុនផង ពេលប្រមូលផល រួមទាំងដាក់ជីដើម្បីជំនួយដល់ ការលូតលាស់របស់ប៉េងប៉ោះផងដែរ ។
នៅ ពេលប៉េងប៉ោះចាប់ផ្តើមបែកមែក និងចេញផ្កា យើង ត្រូវដោតឈើ ដើម្បីទប់ដើមកុំឱ្យបាក់នៅពេល មានផ្លែ ។ ក្រៅពីនេះយើងត្រូវឧស្សាហ៍ជ្រោយដីឱ្យធូរ ហើយដាក់ជីធម្មជាតិ ដើម្បីជួយឱ្យប៉េងប៉ោះលូតលាស់បានល្អ និង ទទួលបានផលបានខ្ពស់ ។ ប្រភេទជីធម្មជាតិ ដែលយើងត្រូវដាក់កំប៉ុស្ត មាន ដូចជា លាមកសត្វ អង្កាមដុត និងជីកំប៉ុស្ត។
៤-ការប្រមូលផល សម្រាប់ដំណាំប៉េងប៉ោះ យើងអាចប្រមូលផល បានបន្ទាប់ពីពេលដាំបានរយៈពេល៣ខែ ពោលគឺ ក្រោយរយៈពេលនេះ យើងអាចប្រមូលផលដោយបេះយកផ្លែណាដែលទុំស្រគាលយកទៅលក់មួយភាគធំ និងបរិភោគ មួយភាគតូច។
ប្រភព៖cnadcambodia