កសិកម្ម
រូបភាព
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ ប្អូនប្រុស ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ប្អូនប្រុសមានមុខរបរធ្វើស្រែចំការ និងចិញ្ចឹមសត្វបន្តិចបន្តួចជាលក្ខណៈគ្រួសារ ។
ចំពោះការចិញ្ចឹមមាន់ ប្អូនប្រុសធ្លាប់ចិញ្ចឹមតាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ ប៉ុន្តែការចិញ្ចឹមនោះមិនសូវទទួលបានលទ្ធផលល្អទេ ដោយសារមាន់ចេះតែងាប់។ក្រោយពីបានអានព្រឹត្តិបត្រកសិករគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករម៉ែន ង៉ែត ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ ។
ប្អូនប្រុសបានជ្រើសរើស បទពិសោធន៍នេះ មកធ្វើការសាកល្បងតាម ដែលមានបង្ហាញជូនដូចខាងក្រោម៖
១-ការជ្រើសរើសពូជចិញ្ចឹម ក្នុងការចិញ្ចឹមប្អូនប្រុសយកចិត្តទុកដាក់ទៅលើ ការជ្រើសរើសពូជ គឺគាត់ជ្រើសរើសពូជដែលមានមាឌធំជើងល្មៀតព្រោះវាចេះការពារកូននិង សាយកូន ។
២-ការធ្វើទ្រុង និងរៀបចំសំបុក
ក្នុង ការចិញ្ចឹមប្អូនប្រុសបានធ្វើទ្រុងឲ្យ មាន់ជ្រក និងទីធ្លាសំរាប់ឲ្យមាន់ដើរលេងរកចំណី ។ តែចំពោះសំបុកដាក់ឲ្យមាន់ពង គាត់ធ្វើសំបុកក្រាស់សំរាប់រដូវវស្សា និងសំបុកស្តើងសំរាប់រដូវក្តៅ ។
៣-ការថែរក្សា៖កូន មាន់ដែលទើបញាស់ពីសំបុក គាត់ក្រុងវាទុករយៈពេល ៧ ទៅ ១០ ថ្ងៃ ឲ្យកូនមាន់រឹងដៃ រឹងជើង ទើបព្រលែងឲ្យដើររកស៊ីជាមួយមេ ។
៤-ការផ្តល់ចំណី៖ចំពោះចំណីមាន់ គាត់លាយច្រើនមុខបញ្ចូលគ្នា សំរាប់មាន់ ២៥ ក្បាល គាត់លាយ៖
-កន្ទក់ ១ គីឡូក្រាម
-ស្លឹកស្តៅពី ១ ទៅ ១ ខាំកន្លះ បុកឲ្យម៉ដ្ឋ
-អង្ករ ឬចុងអង្ករ ១ ទៅ ២ កំប៉ុង
-បាយ និងកាកសំណល់ផ្ទះបាយ
-ទឹកអង្ករលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងស្នូកចំណីឲ្យមាន់ស៊ី១ថ្ងៃ២ទៅ៣ដង។
៥-ការដាក់ទឹក
ចំពោះទឹកដែលដាក់ឲ្យមាន់ផឹកគាត់បាន ស្ទោះសំបកគរប៉ុនធ្នាប់ដៃប្រវែង ២ ទៅ ៣ តឹក ដំឲ្យទក់ រួចដាក់ត្រាំទឹក ៦ លីត្រ ឲ្យមាន់ផឹកជាប្រចាំក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ទើបប្តូរម្តង ។
ប្អូនប្រុសបានបញ្ជាក់ថា មុនពេលសាកល្បងអនុវត្តបទពិសោធន៍របស់កសិករ ម៉ែន ង៉ែត មាន់របស់គាត់ចិញ្ចឹម ក្នុងរយៈពេល ២ ខែ មានទំងន់តែ ៣ ទៅ ៤ ខាំប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់ពីបានអនុវត្តតាមមកឃើញថា មាន់គាត់ចិញ្ចឹមតែរយៈពេល ១ ខែកន្លះ មានទំងន់រហូតដល់ ១ ទៅ ១,៣ គីឡូក្រាម ។
ចំពោះមាន់ ២៥ ក្បាល គាត់បានបែងចែកដូចតទៅ៖
-លក់ចំនួន ១០ ក្បាល បានប្រាក់ ៦៧៥០០៛
-ធ្វើម្ហូបអស់ ៦ ក្បាល
-ទុកធ្វើពូជ ៩ ក្បាល
ក្រោយពីបានឃើញលទ្ធផលជាក់ស្តែងមក ប្អូនប្រុសមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមាន់តាមបែបប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ហើយចិញ្ចឹមតែរយៈពេលខ្លី អាចឲ្យយើងឆាប់ទទួលផល និងលក់បានទៀតផង ។ ទៅថ្ងៃអនាគត ប្អូនប្រុសនឹងចិញ្ចឹមបន្តរបៀបនេះទៀត ហើយនឹងពង្រីកការចិញ្ចឹមឲ្យបានច្រើន៕
ប្រភព៖ IT CAMBO