ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

បច្ចេកទេសចិញ្ចឹមសត្វឃ្មុំដែលទទួលបានជោគជ័យ !!

20-Mar-2019 04:36 AM

រូបភាព


ដោយ: Uddam

ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ ក្រៅពី​ឃ្មុំ​គឺ​នៅ​មាន​សត្វល្អិត​ម្យ៉ាង​ទៀត​ដែល​ផលិត​ទឹកឃ្មុំ​ដែរ ហើយ​ខ្មែរ​យើង​និយម​ហៅថា​ពង្រួ​ត វា​មាន​រូបរាង​តូច​ជាង​ឃ្មុំ​ច្រើន ហើយ​វា​ច្រើន​យក​រន្ធ ​ឈើ​ប្រហោង​ធំៗ​ធ្វើ​ជា​សំបុក​របស់​វា ខុស​ពី​សត្វ​ឃ្មុំ​ដែល​កកើត​សំបុក​តាម​មែកឈើ ឬ​តាម​អាគារ​លំនៅដ្ឋាន។

​​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​គេ​បាន​ចិញ្ចឹម​ឃ្មុំ​ជា​របៀប​មួយ​ប្លែក​ពី​ធម្មតា គឺ​ធ្វើ​នៅ​ប្រអប់​ឡាំង ក្រដាស ឬ​ឈើ​សម្រាប់​ឲ្យ​ឃ្មុំក​កើត​ជា​សំបុករប​ស់​វា ។ ក្រៅពីនេះ នៅ​តាម​ចំការ​មួយចំនួន​ម្ចាស់​ចំការ​បាន​ចិញ្ចឹម​ឃ្មុំ​នៅក្នុង​ចំការ​របស់​ខ្លួន​ដើម្បី​ទាញយក​ផលប្រយោជន៍ ២ យ៉ាង​គឺ ៖


​- ទីមួយ : ឲ្យ​ឃ្មុំ​ជួយ​បង្កាត់​លំអង​ញី​ឈ្មោល​របស់​ដំណាំ​ដើម្បី​ឲ្យ​វា​មាន​ផ្លែផ្កា​ច្រើន​
​- ទី​ពីរ : គេ​បាន​ទទួល​ទឹកឃ្មុំ​ពី​ឃ្មុំ​ដែល​គេ​បាន​ចិញ្ចឹម​នោះ​​ ​ក្រៅ​ពី​ប្រយោជន៍​ទាំងពីរ​ខាងលើ​នេះ ឃ្មុំ​អាច​នៅ​ជួយ​កាត់បន្ថយ​បាន​នូវ​ការយាយី​ពី​សំណាក់​សត្វល្អិត​ផ្សេងៗ​ទៀត​ពេល​ដំណាំ​ចេញ​ផ្កា ប៉ុន្តែ​ប្រការ​នេះ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ជាក់លាក់​នៅឡើយ​ទេ ។​​ ​ដោយហេតុ​ថា​តម្លៃ​ទឹកឃ្មុំ​នៅលើ​ទីផ្សារ​មានតម្លៃ​ថ្លៃ ដូចនេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​មាន​បំណង​ស្វែងយល់​ពី​វិធី​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​នៅ​ពុំទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណាមួយ​និយាយ​ពី​វិធី​ចិញ្ចឹម​ឃ្មុំ​នេះ​នៅឡើយ​ទេ ហេតុនេះ​អត្ថបទ​មេរៀន​ស្តីពី​ការចិញ្ចឹម​ឃ្មុំ​នេះ អាច​ជា​ជំនួយស្មារតី​មួយ​សំរាប់​អ្នក​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​ឃ្មុំ។​


១- ទីតាំង​ ​ដើម្បី​ឲ្យ​ការចិញ្ចឹម​ឃ្មុំ អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​យើង​ត្រូវ​មាន​ទីតាំង​មួយ​សមស្រប ឆ្ងាយ​ពី​ភូមិឋាន អាច​ជា​ដីចំការ ដី​ទំនេរ​ទុក​ចោល​ដែល​មិន​មាន​ការរំខាន​ពី​មនុស្សម្នា​ផ្សេងៗ ។ នៅលើ​ទីតាំង​ដី​នេះ បើសិនជា​យើង​អាច​ដាំ​បន្ថែម​នូវ​ដើមឈើ​មួយ​ចំនួន​ដែល​សម្បូរណ៍​ផ្កា ដូចជា លឿង​រាជ្យ អង្កា​ញ់ អូយ​ម៉ូយ ឬ​ដើមឈើ​ណា​ដែល​មាន​ផ្កា​ច្រើន ពីព្រោះ​ផ្កាឈើ​ទាំងនោះ​គឺជា​ការទាក់ទាញ​មួយ ហើយក៏​ជា​អ្វី​ដែល​ឃ្មុំ​ត្រូវការ​ផង​ដែរ ។​​ ​ទីតាំង​ដី​សំរាប់​ចិញ្ចឹម​ឃ្មុំ​នោះ ពុំ​ចាំបាច់​មាន​ទំហំ​ធំ​ពេក​ទេ ប៉ុន្តែ​បើសិនជា​មាន​ទំហំ​ធំ​ក៏​ជា​ការ​ប្រសើរ​ដែរ ។

ទំហំ​ដី​ដែល​យើង​ត្រូវការ​គឺអាច​អាស្រ័យ​ទៅ​លើ​ចំនួន​សំបុក​ឃ្មុំ ដែល​ត្រូវ​ចិញ្ចឹម​និង​ការ​ដែល​យើង​អាច​គ្រប់គ្រង​វា​បាន ។ ក្នុង​ករណី​ខ្លះ ការជ្រើសរើស​ទីតាំង​បាន​ល្អ​ដូចជា នៅក្បែរ​ព្រៃ និង​ក្បែរ​ចំការ​ធំៗ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​ការចិញ្ចឹម​ឃ្មុំ ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ប្រើ​សើ​រដែរ ។​

២- ពូជ​ឃ្មុំ​សម្រាប់​យក​មក​ចិញ្ចឹម​​ ​ឃ្មុំ​មាន​ច្រើន​ពូជ គឺ​ឃ្មុំ​ធំ​ជា​ប្រភេទ​ឃ្មុំ​ដែល​ស្ថិតនៅ​ក្នុង​ព្រៃធំៗ ឃ្មុំ​មួយ​ពួក​ទៀត​ដែល​មាន​មាឌតូច​ជាង​បន្តិចក្រៅពីនេះ​គេ​ឃើញ​មាន​ឃ្មុំ​មួយ​ប្រភេទ​ទៀត​ដែល​យើង​និយម​ហៅ​ថា​ឃ្មុំ​អាចម៍​ឆ្កែ វា​ច្រើន​មាន​ទំហំ​តូចៗ គេ​ច្រើន​ឃើញ​ឃ្មុំ​ប្រភេទ​នេះ​នៅតាម​ព្រៃរបោះ គុម្ព​ត្រែង ឬ​តាម​ទី​វាលទំនាប​លិច​ទឹក​នានា ។​​ ​ប្រភេទ​ឃ្មុំ​ដែល​យើង​អាច​យក​មក​ចិញ្ចឹម គឺជា​ពពួក​ឃ្មុំ​ដែល​មាន​សំបុក​ខ្នាត​មធ្យម ដែល​ឧស្សាហ៍​បាន​ឃើញ​នៅ​តាម​ដើមឈើ ឬ​ចំការ​ពីព្រោះ​ឃ្មុំ​ប្រភេទ​នេះ​វា​មិនសូវ​បង្ក​គ្រោះថ្នាក់​ដល់​យើង​, មាន​ការងាយស្រួល​ក្នុង​ការគ្រប់គ្រង ម្យ៉ាង​ទៀត​យើង​ងាយស្រួល​រក​ពូជ​ផង ។


៣- ប្រភេទ​ប្រអប់​សម្រាប់​ចិញ្ចឹម​​ ​ប្រអប់​សំរាប់​ធ្វើជា​សំបុក​ឲ្យ​ឃ្មុំ​ស្នាក់នៅ​គេ​ច្រើន​ធ្វើ​ពី​ឈើ ឬ​ដែក​បន្ទះ​សង្ក័សី​ជា​សំបក​ខាងក្រៅ ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​, យើង​មិន​អាច​ធ្វើ​ពី​សង្ក័សី​បានទេ ពីព្រោះ​ប្រទេស​យើង​ក្តៅ ។

៤- ចំណី​របស់​ឃ្មុំ​​ យើង​ពុំ​ចាំបាច់​ត្រូវ​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ដូចជា​ការចិញ្ចឹម​ជ្រូក មាន់ ទា​នោះ​ឡើយ អ្វី​ដែល​យើង​ត្រូវ​ការចាំបាច់​នោះ​គឺ កូន​អាងទឹក​មួយ​មាន​ទឹក​ស្អាត សម្រាប់​ឲ្យ​ឃ្មុំ​ផឹក និង​ចាន​ទឹក​ស្ករ មួយចំនួន​សំរាប់​ទាក់ទាញ​កុំឲ្យ​ឃ្មុំ​នោះ បោះបង់​សំបុក​ចោល​ទៅ​រក​កន្លែង​ថ្មី​ទៀត ។​

៥- ការថែរក្សា​ឃ្មុំ និង​ការត្រួតពិនិត្យ​​ ​សំបុក​ឃ្មុំ​ទាំងអស់​ត្រូវ​មាន​ការត្រួត​ពិនិត្យ​ជាប់​ជាប្រចាំ យ៉ាងហោច​ណាស់​ឲ្យបាន​ចំនួន ៣ ដង ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ឲ្យដឹង​ពី​ស្ថានភាព​រប​ស់​ឃ្មុំ​នោះ​វា​មាន​សកម្មភាព​យ៉ាង​ណា ។​

៦- សម្ភារៈ​ត្រូវការ​ចាំបាច់​សម្រាប់​ការចិញ្ចឹម​ឃ្មុំ​​ ​ក្នុងករណី​ដែល​យើង​ត្រូវធ្វើ​វា​ជា​របៀប​អាជីវកម្ម យើង​ប្រហែលជា​ត្រូវ​ទាមទារ​ឲ្យមាន​សំលៀក​បំពាក់​សំរាប់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច ស្រោមដៃ​ក្រាស និង​ស្បែកជើង ។ ក្រៅពីនេះ​គឺ​មានតែ​ឧបករណ៍​សម្រាប់​កៀប​យក​ទឹកឃ្មុំ ពី​ព្រោះ​ការ​ច្របាច់​ដោយ​ដៃ​ពុំ​អាច​យក​ទឹកឃ្មុំ​ចេញ​អស់​បានទេ ។​​ ​

* ជាបឋម : (​មុន​ចាប់ផ្តើម​ចិញ្ចឹម​) ​មុនពេល​ចាប់ផ្តើម​ចិញ្ចឹម​សូម​ធ្វើ​ប្រអប់​សំបុក​ឃ្មុំ​ឲ្យបាន​តាម​ចំនួន​ ដែល​យើង​ត្រូវការ​សិន ចំនួន​សំបុក​ច្រើន​ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន និង​បំណងប្រាថ្នា។​ ​ប្រអប់​នីមួយៗ​ត្រូវមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​គំនូរ​ដែល​បាន​ភ្ជាប់​មក​ ជាមួយ ។ ឈើ​ក្តារ​ដែល​យើង​យកមកប្រើ​អាច​ជា​ក្តារ​កុំ​ផ្លាកេ​ក៏បាន ជា​បន្ទះក្តារ​ធម្មតា​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត ។​ ​ ​


++ក្រៅពី​នេះ​យើង​នៅ​ត្រូវការ ក្រមួនឃ្មុំ​មួយចំនួន​សំរាប់​យកមក​ធ្វើ​ជា​ពុម្ព​រន្ធ​សំបុក​ឃ្មុំ ពុម្ព​នេះ​នៅ​ប្រទេស​គេ​មាន​លក់​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​ការ​គូរ ឬ​ធ្វើ​ជា​ពុម្ព​ចាក់ ។​

៧-សំបុក​ឃ្មុំ​​ ​យើង​នឹង​មាន​ការលំបាក​ក្នុង​ការស្វែងរក​សំបុក​ឃ្មុំ ដើម្បី​យក​ពូជ​មក​ផ្សាំ​បង្កើតជា សំបុក​សិប្ប​និមិត្ត​របស់​យើង ។​ ​ក្រៅពី​ដើររក​ដោយ​ខ្លួនឯង​យើង​អាច​សាកសួរ​អ្នក​ដែល​មាន​ជំនាញ​ខាង​រក​ឃ្មុំ​ឲ្យគេ​រក​មក​ឲ្យ​យើង ឬ​យើង​អាច​ទៅ​ជាមួយ​គេ​ក៏​បាន ។​

៨-វិធី​នៃ​ការនាំយក​ឃ្មុំ​មក​ផ្សាំ​ចិញ្ចឹម​​
​-ត្រូវ​មាន​ធុង​ស្អាត​មួយ (​ធុង​ស្ពេ​ត្រូ​) ​
​-ទឹក​ស្ករ​ចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយ​ទឹក ១ លីត្រ​ ​
​-ប្រដាប់​សម្រាប់​បាញ់​ទឹក​ស្ករ (​សូម​ប្រើ​ធុង​បាញ់ថ្នាំ​) ​ប៉ុន្តែ​ទឹក​ស្ករ​ត្រូវមាន​ចំនួន​ច្រើន​បន្តិច​បើ​ប្រើ​ធុង​បាញ់ថ្នាំ ។​ ​
​-សំណាញ់​ក្រឡា​ញឹក​សំរាប់​គ្របមាត់​ធុង​ ​ ​
-កៅស៊ូរឹត​សំរាប់​រឹត​សំណាញ់​ភ្ជាប់​មាត់​ធុង​ ​
​-សំលៀក​បំពាក់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច​ ​
​-ហាម​ប្រើ​ផ្សែងភ្លើង​ជាដាច់ខាត​​ ​ខណ​:​រកឃើញ​សំបុក​ឃ្មុំ​ហើយ យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​អាច​ព្យួរ​ធុង​ស្ពេ​ត្រូ​ពី​ខាង​ក្រោម​សំបុក ឃ្មុំ ដើម្បី​ត្រង​យក​ទឹកឃ្មុំ​បាន ប្រការ​នេះ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ក្នុងករណី​ដែល​វា​ស្ថិតនៅ​ក្នុង​ទី​មួយ​ខ្ពស់ ។​​ ​រក​វិធី​ចង​ធុង​ពីក្រោម​សំបុក​ឲ្យ​ជាប់​ល្អ បន្ទាប់​មក​ចាប់ផ្តើម​បាញ់​ទឹក​ស្ករលើ​សំបុក​ឃ្មុំ​ស្រាលៗ រហូត​សព្វ​ជុំវិញ​សំបុក ។ សត្វ​ឃ្មុំ​ពេល​ត្រូវ​ទឹក​ស្ករ​ស្អិត​វា​ពុំ​អាច​ហើរ​បានឡើយ សត្វ​ឃ្មុំ​នឹង​ធ្លាក់​ចូល​មក​ក្នុង​ធុង ដែល​ដាក់​ត្រង​នៅ​ខាងក្រោម ។ ព្យាយាម​បាញ់​សាចទឹក​ស្ករ​លើ​ឃ្មុំ​រហូត​ឃ្មុំ​លែង​អាច​ហើរ​កើត យើង​អាច​អារកាត់​យក​ទាំង​បង្គងឃ្មុំ ឬ​យក​តែ​ឃ្មុំ​ក៏​បាន ។​​ ​ឃ្មុំ​ដែល​យើង​យក​បាន​មក​ហើយ ត្រូវ​ប្រញាប់​រួសរាន់​លាយ​ទឹក​ស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែក​ដាក់​ក្នុង​ចាន​រួច​លាប​តាម​បន្ទះ​សំបុក​សិប្ប​និមិត្ត ក្រៅពី​នេះ​ដាក់​ចាន​ល្បាយ​ទឹកឃ្មុំ​នៅត្រង់​មាត់​រន្ធ (​កុំ​ឲ្យ​បិទ​ផ្លូវ​ចេញចូល​របស់រន្ធ​ឲ្យសោះ​) ។​​

 

​ចំពោះ​ឃ្មុំ​ដែល​ប្រមូល​បាន​មក​នោះ​ត្រូវ​ដាក់​ចូល​ទៅក្នុង​សំបុក​សិប្ប​និមិត្ត រួច​បន្សល់​ខ្លះ​ទៀត​ឲ្យ​វា​ចូល​តាម​រន្ធ​ពី​ខាងក្រោម​ប្រអប់​សំបុក បើសិន​ជា​សំណាងល្អ ឃ្មុំ​នឹង​បង្កើត​មេ​មួយ​ថ្មី (​ស្តេច​ញី​) តែបើ​សំណាង​គ្មាន​នោះ​ឃ្មុំ​នឹង​ហើរ​ចេញ​អស់ ឬ​មិន​បង្កើត​មេ​ថ្មី​ឡើយ ។ ​​ហេតុ​នេះ​យើង​ត្រូវ​តាមដាន​មើល​រាល់​ថ្ងៃ​ពី​ សកម្មភាព​របស់​វា​សូម​កុំ​បារម្ភ​ពី​ទឹក​ស្ករ​ដែល​ស្អិត​ជាប់​លើ​ខ្លួន​វា​ មិនយូរប៉ុន្មាន គ្នា​វា​និង​បឺត​ស្រូប​យក​ទឹក​ស្ករ​នោះ​អស់​គ្មាន​សល់​ទេ ។​​ ​ក្នុងករណី​ដែល​ឃ្មុំ​បាន​បញ្ចេញ​មេ​ថ្មី នោះ​មានន័យ​ថា​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ​ហើយ ។ ​​ខាងលើ​នេះ​គឺ​គ្រាន់តែ​ជា​ការ​សង្ខេប​ចំពោះ​ការចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គ្រា​ដំបូង​ប៉ុណ្ណោះ។

ប្រភព: iknow