កសិកម្ម
រូបភាព
១-ការរើសពូជ
-នៅលើទីផ្សារគេនិយមពូជខ្នុរណាំង ត្រូវរើសរកផ្លែធំវែង ក្លែបធំវែង សាច់ក្រាស់ ផ្អែមមានទឹកដម គ្រាប់តូច ស្រកីតិច ពណ៌លឿង ។
២-ការបណ្ដុះគ្រាប់
-ត្រូវរៀបថ្នាល ១មx១ម ដូចជាប្រុងសាបគ្រាប់ស្ពៃ កាប់ដីត្រសោះអោយធូរល្អ ជីកំប៉ុស២បង្គី និងផេះអង្កាម២បង្គីលាយ អោយសព្វ រាយអោយស្មើលើរង ។
៣-ការរើសទីតាំង-យកទីជិតផ្ទះ ឬមុខផ្ទះ តែកុំអោយឋិតនៅពីត្បូង និងនិរតី ព្រោះវាជាឈើធំបាំងខ្យល់នាំអោយហប់ដល់យើងដែលនៅក្នុងផ្ទះ ។
៤-ការរៀបរណ្ដៅ
-បើជាដីទួលត្រូវជីករណ្ដៅខ្នាត១មx១មx០.៨ ម។បើជាដីទំនាបត្រូវលើកជារង្វង់ដែលនៅចំហកណ្ដាលស្មើកង់រទេះ។ឯគែមភ្លឺខាងយកកំពស់១ម៉ែត្រខ្ពស់ជាងទឹកដែលធ្លាប់តែលិច។នេះជារណ្ដៅខ្ពស់ ឬថាដាំនៅលើដីលើក។យើងរៀបអោយចំហ ក្នុងដូច្នេះដើម្បីទុកផ្សំជីដាក់បណ្ដើរៗ។
-រណ្ដៅមួយបែបទៀត អនុវត្តរបៀបគ្នាតែពេលដែលញាត់សំរាម ចំបើង ជញ្ច្រាំងពេញណែន ហើយត្រូវស្រោចជីផ្អាប់ទុក១០ថ្ងៃ រួចលប់ដីទុកអោយពុកសំរាមទើបដាំ។រណ្ដៅរបៀបនេះល្អជាង ងាយស្រួលជាង។
៥-ការដាំ
-ពេលដែលកូនក្នុងថ្នាលមានកំពស់ពាក់កណ្ដាលភ្លៅ ។
-យកជីទឹកធម្មជាតិប្ញជីអាចម៍ជន្លេនជាមួយទឹកកូរអោយរលាយផុកៗចំនួនកន្លះថាំង ។
-កាត់ឫសកែវចោលអោយសល់តែ៣ធ្នាប់ ទើបខ្នុរមិនលេងកំពស់ និងមិនលេងដើម ដែលជាកត្តាអោយមានផ្លែច្រើន ។
-ត្រូវរើសយកកូនដែលមានឫសល្អបំផុតដាំ ហេតុនេះហើយបានជាយើងត្រូវដាក់គ្រាប់ច្រើនសំរាប់រើស ។
-ត្រូវដាំនៅទីមួយចំងាយពីគ្នា៧ម៉ែត្រ ទើបងាយលើកដី ហើយក្រោមខ្នុរត្រូវដាក់ម្នាស់ខ្លះ ។
៦-ការថែទាំ
-ដំណាំទាំងអស់គួរដាំនៅក្នុងខែ៤ ឬខែ៥ទើបមិនសូវពិបាកថែ ព្រោះឆ្លងកាត់១រដូវភ្លៀង ដំណាំអាចមាន ឫសច្រើនហើយជ្រៅ ដែលអាចរស់ដោយខ្លួនឯងនៅរដូវប្រាំងឆ្នាំក្រោយ។ហើយក៏ត្រូវស្រោចទឹករាល់សប្តាហ៍នៅរដូវអត់មានភ្លៀងធ្លាក់។
-បើលូតលាស់ល្អហើយ ត្រូវកុំស្រោចទឹកពីលើ តែត្រូវធ្វើអោយមានទឹកល្មមនៅពាសពេញក្នុងដីដោយអនុវត្តវិធីប្រើប្រាស់ទឹកក្រោមដី។
៧-ការតាក់តែងមែក
-ក្នុងរយៈពេល៣ខែ ធ្វើការកាត់តែងមែកម្ដង ដើម្បីអោយខ្នុរចេញមែកឆាប់។
-ការកាត់តែងមែក គឺកាត់មែកមិនបានការចោលខ្លះបណ្ដើរៗបើចាំ១ឆ្នាំកាត់ម្ដង
-ខ្នុរផ្លែតាមគល់ តាមដើម ជួនគល់ឫសក្នុងដីផង។
-មែកដែលត្រូវកាត់មានច្រើនបែប គឺពួកបំពង់ត្រូវកាត់ចោលភ្លាមកុំទុកអោយធំទាន់ ព្រោះពួកនេះស្រូបជាតិពីដើមខ្លាំងបំផុត ដែលធ្វើអោយផ្នែកដទៃនៃដើមខ្វះអាហារ។កាត់មែកសរសៃតូចៗជាប់ៗគ្នា មែកគងគ្នា មែកងាប់ចុង។កាលណាកាត់ត្រូវយកកំបោរលាប។
ក-របៀបកសាងទំរង់ដើម១បែបទៀត
-បើព្យាយាមកាត់មែកលើត្រង់ពីដើម ឲ្យនៅកំពស់ត្រឹមក្បាល ទាញមែកខាងដែលនៅខ្ពស់បំផុតឲ្យផ្ដេក ហើយបណ្ដើរៗកាត់ សំអាតគល់មែកធំៗ ប្រហែលជិតមួយព្យាម កុំឲ្យមានកូនមែកថ្នាក់ទី២ទៀត នោះដើមខ្នុរនេះ នឹងមានដើមធំតែត្រឹមក្បាល មែកធំ ច្រើន យ៉ាងស្រឡះកណ្ដាលដែលធ្វើឲ្យមានពន្លឺថ្ងៃយ៉ាងច្រើន ចាំងចំដើមនិងមែកធំៗ។
-ការកសាងមែករបៀបនេះ ជាវិធីមួយធ្វើឲ្យខ្នុរផ្លែច្រើនពុំសូវទទួលជម្ងឺផ្សិត ហើយងាយបេះ ។
ខ-ការកាត់តែឫស
-ការកាត់តែងឫសនេះប្រជាកសិករនៅជនបទយើងពុំធ្លាប់ដឹងទេ។យើងកាត់តែងឫសដើម្បីអោយឫសវាបែកតាំងពីជិតគល់ចង្អុលទៅរកទិសតូចៗច្រើនទៀត គឺកាត់ក្នុងគោលបំណងអោយឫសរាយក្រឡាសព្វដីដើម្បីប្រមូលជីអោយបានច្រើនមកទ្រទ្រង់ ដើម និងមានផ្លែច្រើន។
៨-ការប្រើជី
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំខ្នុរ
9-ការចេញផ្កា និងថែផ្លែ
-បើដាំគ្រាប់ក្នុងអាយុ៣ឆ្នាំអាចមានផ្កាតែកុំអាលទុកនៅលើកទី១ ចាំដល់ផ្កានៅចុងឆ្នាំសឹមទុកផ្លែតែ១គ្រាន់ជាកំលាំងចិត្ត។
-ក្នុង១ឆ្នាំខ្នុរចេញផ្កា២ដងលើកទ១នៅខែ៤-៥ ឯលើកទី២ នៅខែ៩ទៅ១១។
-នៅឆ្នាំទី៥ទី៦យើងទុកផ្លែបង្កើនឡើងខ្លះតែត្រូវមើលពីកំលាំងខ្នុរផង។បើផ្លែមិនស្ទុះឬមានរលុកនេះបង្ហាញថាហួសកំលាំងវា។
-ពីឆ្នាំទី៨ឡើង យើងទុកច្រើន។បើចេញផ្កាច្រើនទង យើងទុកក្នុង១ទង តែផ្លែល្អ១ បើចេញផ្កាតិចយើងអាចទុកភ្លោះគឺ ១ទងផ្លែ ល្អ២ ។
១០-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣ឆ្នាំ អាចប្រមូលផលបានហើយ។