ចំណេះដឹងទូទៅ
រូបភាព
+ការជ្រើសរើសទីតាំង៖
–ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ
–ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើន
–ត្រូវធ្វើបង្គង ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរ ចេញចូល ដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ។
+ការរៀបចំបង្គងឲ្យឃ្មុំទំ៖
–យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ និងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹក ឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ
–ដាក់វាឲ្យគងទៅលើមែកឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល
–ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន
–បើបង្គងដែលធ្លាប់មានឃ្មុំមកទំម្តងហើយ នោះលើកក្រោយវានឹងមកទំទៀតដោយវាមានក្លិនរបស់វា
–ក្រោយពីរៀបបង្គងពី៣ថ្ងៃ ទៅមួយអាទិត្យ យើងត្រូវទៅពិនិត្យថាមានឃ្មុំទំឬនៅ បើមានឃ្មុំទំហើយ យើងត្រូវរង់ចាំដល់២ខែក្រោយទើបអាចប្រមូលផលបាន
–ពេលប្រមូលផលមិនត្រូវសម្លាប់មេ និងកូនរបស់វាទេ គឺត្រូវកាត់យកតែក្បាលទឹកបានហើយ ដោយទុកវាឲ្យកើតកូនចៅច្រើនបន្តទៀត ៕
អត្ថបទដោយ៖ អ៊ាង សុផល្លែត