ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ពូជម្រេចស៊ីឡនខាវជាប្រភេទម្រេចដែលមានគុម្ពធំៗ ហើយកំពុងពេញនិយមដាំ…!!

07-Jun-2019 03:13 PM

រូបភាព


ដោយ: Uddam

ម្រេចស៊ីឡនខាវនេះជាប្រភេទម្រេចដែលមានគុម្ពធំៗណាស់ព្រោះវាបែកខ្នែងច្រើនណាស់នៅពេលដែលយើងកាត់ដើមវា អីចឹងហើយបានជាយើងត្រូវដាំឃ្លាតគ្នាពីជន្លង់មួយទៅជន្លង់មួយទៀតដល់ទៅបីម៉ែត្រ ហើយខ្នែងនោះនឹងបែកមកជាប្រចាំទោះម្រេចនោះអាយុយូរឆ្នាំក៏ដោយ។

ម្រេចនេះបើហូបខ្ចីវាឆ្ងាញ់ជាងម្រេចពូជផ្សេងទាំងអស់ គឺដូចស្វាយកែវរមៀតអីចឹងគេចូលចិត្តហូបខ្ចី បើទុកអោយទុំ គឺឆ្ងាញ់ចាញ់ពូជម្រេចខ្មែរយើងទេតែឈ្មួញទិញម្រេចទុំមិនខ្វល់អំពីពូជម្រេចអីទេ គឺទិញក្នុងតំលៃដូចគ្នាទាំងអស់សំរាប់ម្រេចទុំ។

ម្យ៉ាងទៀតបើលក់ជាម្រេចខ្ចី អត់មានម្រេចពូជណាលក់បានថ្លៃជាងម្រេចពូជស៊ីឡនខាវនេះទេ ព្រោះទីមួយដោយសាររសជាតិខ្ចីវាឆ្ងាញ់ជាងគេ និងទីពីរ ដោយសារកួរវាវែងហើយគ្រាប់ធំៗល្អគេហៅម្រេចខ្នាតលេខមួយ។ទីផ្សារម្រេចខ្ចីគឺនៅប្រទេសថៃ។ថៃហូបហិលណាស់ ថៃចូលចិត្តម្រេចខ្ចីណាស់ សព្វថ្ងៃ ថៃចូលមកទិញម្រេចខ្ចីដល់សំឡូត ប៉ៃលិន និងតំបន់មួយចំនួនទៀតដែលជាប់នឹងព្រំដែនថៃ។

សព្វថ្ងៃតំលៃម្រេចខ្ចីលក់ចេញដុំទៅទីផ្សារថៃគឺមួយគីឡូខ្ចី៣ដុល្លា។ ម្រេចពូជសីុឡនខាវនេះ បើបេះខ្ចី មួយឆ្នាំបេះបានពីរដង។ ហើយបើបេះខ្ចីម្រេចមិនសូវយ៉ាប់ដើមទេ ព្រោះជាធម្មជាតិរបស់រុក្ខជាតិ កាលណាវាមានផ្លែទុំ វាចាប់ផ្តើមបឺតជីវជាតិពីស្លឹក។

បើយើងថែទាំបានល្អ ចាប់ពីឆ្នាំទីបួនឡើងទៅ ម្រេចពូជសីឡនខាវនេះ អោយផលម្រេចខ្ចីមួយជន្លង់បេះម្តងបាន ជាង៣០គីឡូម្រេចខ្ចី។ ម្រេចពូជស៊ីឡននេះធន់នឹងជំងឺជាងពូជម្រេចខ្មែរយើងឆ្ងាយណាស់ ហើយបើយើងដាំកូនដែលផ្សាំក្នុងថង់ តែរយ:ពេលប្រាំពីរទៅប្រាំបីខែទេ ម្រេចនេះឡើងផុតជន្លង់ យើងអាចកាត់យកមកធ្វើពូជដាំបន្តទៀតបានហើយ។

ក្នុងមួយហិកតាប្រើជន្លង់តែ ១១០០ជន្លង់ទេ នៅពេលដែលម្រេចខ្មែរ មួយហិកតាដាំអស់ជន្លង់២០០០ជន្លង់ តែផលក្នុងមួយហិកតាដូចគ្នា ម្រេចស៊ីឡនខាវបានផលលើសម្រេចខ្មែរបន្តិច នេះបើយើងទុកអោយទុំ តែបើយើងលក់ខ្ចី ម្រេចស៊ីឡនខាវឬខ្មែរហៅថាពូជម៉ាឡេនេះ អោយផលលើសម្រេចខ្មែរដល់ទៅជាងពីរដង បើគិតក្នុងមួយហិកតាដូចគ្នា៕