ឯកសារបច្ចេកទេសកសិកម្ម
រូបភាព
+ការរៀបចំដី៖
-ភ្ជួររាស់ដីលើកទី១ ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួររាស់ម្ដងទៀត ។
+ -ការរៀបចំដាំ៖
-ទុកចន្លោះពីរង និងដើមនីមួយៗចម្ងាយ ២ ម៉ែត្រ
-ជីករណ្ដៅទំហំ ៨តឹកx ៨តឹក x ជម្រៅ៣តឹក
-ដាក់ជីកំប៉ុស្តិ៍ ៥គីឡូក្រាមក្នុង១រណ្ដៅ លាយជាមួយកំទេចស្លឹកឈើ និងលាមកសត្វស្ងួត បន្ទាប់មកកាយដីគ្រប ពីលើ
-យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ដាំ
-ដាក់ដាំកូនចេកនៅចន្លោះកណ្ដាលនៃរណ្ដៅរួចលប់ដីបំពេញរន្ធសម្រាប់ដាំ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅ ទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល ។
-ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក ។
+ការថែទាំ៖
-ស្រោចទឹកជាប្រចាំនៅពេលដែលមើលឃើញថាវាស្ងួត យើងអាចជីកដីជម្រៅចុះក្រោម១តឹកកន្លះថា តើវាស្ងួត ឬអត់
-នៅពេលវាអាយុបាន ១ខែ ដក់ជី 10-5-15 ឬ 10-0-20 ៨០ក្រាមក្នុង ១ដើម
-នៅពេលវាអាយុបាន ៣ខែ ដាក់ជី 10-5-15 ឬ 10-0-20 ២៥០ក្រាមក្នុង ១ដើម
-នៅពេលវាអាយុបាន ៤ខែ ដាក់ជីកំប៉ុស្តិ៍ ដើម្បីជំនួយការលូតលាស់ និងជំនួយផ្លែឲ្យឆ្ងាញ់ និងត្រូវថ្វើការសម្អាត ស្មៅជាប្រចាំ
-រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើមចេក ការពារការបាក់ដើមនៅពេលវាផ្លែ ។
-នៅពេលវាមានអាយុ៦ខែត្រូវជីកកូនវាចេញយកទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យវាដណ្ដើមសារធាតុចិញ្ចឹមពីដើម ដោយពេលជីកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដើមរបស់វា
-នៅពេលវាអាយុបាន ៦ខែដាក់ជី 10-0-10 ឬ 10-0-20 ៧០ ក្រាមក្នុង១ដើម
-នៅពេលវាអាយុបាន ៧ខែ ជាពេលដែលវាចាប់ផ្ដើមមានត្រយោង ដាក់ជី 10-0-00 ៥០-១០០ក្រាមក្នុងមួយដើម ។
-ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ ។
-យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក ១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផល ដើម្បីឲ្យវាមាន ពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
-កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែដែលថ្លោសល្អអស់ហើយ ។
+ ការប្រមូលផល៖
-រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្ដើមប្រមូលផលបាន ។
– នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើង ត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ ម៉ែត្រពីដី ដើម្បីកុំឲ្យវាដណ្ដើមជីវជាតិពីដើមដ៏ទៃ ។
-ការកាត់បែបនេះ ដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំ បន្តទៀត ។
– បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយជីរណ្ដៅថ្មីផ្សេងពីរណ្ដៅចាស់ ហើយគល់ចេកនៅរណ្ដៅ ចាស់វារលួយក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ ៕