ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំស្ពៃខ្មៅ ឬស្ពៃខៀវ ឱ្យទទួលបានទិន្នផលខ្ពស់

21-Sep-2018 04:20 PM

រូបភាព


ដោយ: Uddam

ដំណាំស្ពៃខៀវ យើងអាចដាំបានស្ទើរគ្រប់រដូវ តែរដូវដែលល្អបំផុតក្នុងការដាំដុះ គឺនៅរដូវរំហើយ ពីខែតុលា វិច្ឆិកា និងធ្នូ ។ កសិករភាគច្រើននិយមដាំដុះ ស្រួលដាំ ស្រួលថែ ហើយនិយមហូបព្រោះឆ្ងាញ់ និងសំបូរជីវជាតិអា ។

ការរៀបចំដាំដុះ ៖
– ជ្រើសរើសពូជដែលមានសុខភាពល្អ ពុំមានជំងឺ គ្រាប់ថ្លោសល្អមិនស្វិត មិនមានសត្វល្អិតបំផ្លាញ រយៈពេលលូតលាស់ខ្លី ស្របនឹងតំបន់ដាំដុះ
– ភ្ជួរឬកាប់ ២-៣ដងជម្រៅ ២-២,៥តឹក សំណើមល្មម ហាលដី ៧-១០ថ្ងៃរដូវប្រាំង និង១០-៣០ថ្ងៃ រដូវវស្សា មុនធ្វើការដាំដុះ ឬអាចឆាប់ជាងនេះ ក្នុងករណីសំបូរពន្លឺថ្ងៃ ។ ទទឹងរង១ម៉ែត្រ បណ្តោយ៨-១០ម៉ែត្រ ឬតាមលទ្ធភាពដីដែលមាន ។ រដូវប្រាំង គេច្រើនធ្វើរងស្មើដី ឬទាបជាងនៅរដូវវស្សាកម្ពស់ ២-២,៥តឹក ចន្លោះពីរងមួយទៅរងមួយ ពី២,៥ ទៅ៣តឹក ។

ការសាបកូន ៖
– មុនពេលសាប ត្រូវរៀបចំថ្នាល ជ្រុំជ្រូយដី រាស់កៀឱ្យស្មើលើរងលាយលាមកសត្វម៉ដ្ឋ ឬជីកំប៉ុស្ត ៤-៥បង្គី ក្នុងដី១០ម៉ែត្រការ៉េ ស្រោចទឹកនៅលើថ្នាល (អាចសាបលើឡាំង ឬកេសឈើ ក៏បាន) មុនពេលសាបគ្រាប់ ត្រូវសាបស្តើងៗហើយកាត់ចំបើងខ្លីៗ គ្របពីលើរងរួចស្រោច ទឹកម្តងទៀត
– ស្រោចទឹកឱ្យបាន ២-៣ដងក្នុងមួយថ្ងៃ ពេលគ្រាប់មិនទាន់ដុះ។

ការដាំដុះ ៖
– កូនអាចដាំនៅពេលមានអាយុ ១០-១៥ថ្ងៃ មុនដកត្រូវបន្ថយការស្រោចទឹក២-៣ថ្ងៃ ធ្វើឱ្យដើមរឹងងាយស្ទុះក្រោយពីដាំ
– ត្រូវស្រោចទឹកកូនស្ពៃមុនដកទៅដាំ ស្រោចទឹកថ្នាលបម្រុងដាំឱ្យសើមជោគល្អ ដកកូនដើមធំល្អ

– ដាំដាក់ឫស ឱ្យត្រង់ចុះក្រោម កុំឱ្យលិចបណ្តូល ចន្លោះជួរពី២-២,៥តឹក និងចន្លោះគុម្ព ២តឹក ដាំហើយត្រូវកាត់ចំបើងខ្លីៗ គ្របតាមគុម្ពដែលដាំរួច ។ ត្រូវស្រោចទឹកមួយថ្ងៃ ៣ដង ករណីគ្មានអ្វីគ្រប ។ ស្រោចទឹកឱ្យជោគ ក្រោយពេលដាំរួច គ្រប់កូន ពី២-៣ថ្ងៃ ដើម្បីការពារកម្តៅថ្ងៃខ្លាំង ។

ការថែទាំ ៖
– ស្រោចទឹក ៣-៤ដង នៅរដូវប្រាំង ក្រោយពីដាំ៣-៤ថ្ងៃ
– នៅរដូវរស្សា ស្រោចទឹកព្រឹកល្ងាច ប្រសិនបើមានភ្លៀង ត្រូវស្រោចទឹកលាង

– ប្រើជីលាមកសត្វម៉ដ្ឋ ឬជីកំប៉ុស្ត ៥គីឡូក្រាម លើផ្ទៃដីមួយម៉ែត្របួនជ្រុង រយៈពេល៧ថ្ងៃ បន្ទាប់ពីដាំ
– ស្រោចជីអ៊ុយរ៉េមួយស្លាបព្រាបាយ លាយជាមួយទឹកមួយប៉ោត លើផ្ទៃដីមួយម៉ែត្របួនជ្រុង រៀងរាល់៣ថ្ងៃម្តង បន្ទាប់មកស្រោចទឹកធម្មតាលាងជាក្រោយ។

ការប្រមូលផល ៖
– សាបផ្ទាល់ អាចប្រមូលផលពី ៣០-៣៣ថ្ងៃ
– សាបដកកូនយកមកស្ទូង ឬដាំ ប្រមូលផលពី ៣៦-៤០ថ្ងៃ វាអាស្រ័យទៅនឹងការថែទាំ។

ដកស្រង់ចេញពីសៀវភៅ កន្ត្រកនៃជម្រើសសំរាប់សន្តិសុខស្បៀង