អាហារមួយចំនួនដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំ មុនពេលចូលគេង ដែលទាក់ទងនឹងដំណេក និងសុខភាពរបស់អ្នកផងដែរ!

413

ការសិក្សាជាច្រើនបានឱ្យដឹងថា អាហារមួយចំនួននៅពេលយើងញ៉ាំមុនចូលគេង វាធ្វើឱ្យយើងគេងលក់ស្កប់ស្កល់ ហើយជួយឱ្យមានសុខភាពល្អ ប៉ុន្តែមានអាហារមួយចំនួនទៀតនៅពេលយើងញ៉ាំមុនចូលគេង វាមិនត្រឹមតែធ្វើឱ្យយើងគេងមិនលក់នោះទេ វាថែមទាំងបំផ្លាញសុខភាពយើងថែមទៀតផង។ ខាងក្រោមនេះជាប្រភេទអាហារដែលផ្ដល់គុណសម្បត្តិ និងគុណវិបត្តិចំពោះសុខភាព នៅពេលដែលយើងញ៉ាំវាមុនពេលចូលគេង។

 

អាហារ៥ប្រភេទ ជួយឱ្យអ្នកគេងបានលក់ស្រួល៖

១. ទឹកដោះគោ

ជាធម្មតានៅក្នុងទឹកដោះគោ គឺមានផ្ទុកជាតិអាស៊ីតអាមីណូ ដែលធ្វើឱ្យអ្នកគេងលក់ស្រួល។ ម្យ៉ាងទឹកដោះគោមានផ្ទុកជាតិមេឡានីន និងជាតិអរម៉ូនផងដែរ ដែលអាចជួយគ្រប់គ្រងដំណេករបស់អ្នកឱ្យភ្ញាក់ទៀងទាត់ពេលវេលា។ ប្រសិនបើអ្នកកំពុងមានភាពតានតឹង ឬអស់កម្លាំងខ្លាំង អ្នកគ្រាន់តែផឹកទឹកដោះគោ ១កែវ ហើយគេងប្រហែលជា ៨ម៉ោង លុះពេលភ្ញាក់ពីគេងអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ។

 

២. ផ្លែចេក

ការខ្វះជាតិរ៉ែ ម៉ាញ៉េស្យូម ប៉ូតាស្យូម អរម៉ូន និងអាស៊ីតអាមីណូ គឺជាមូលហេតុដែលនាំឱ្យអ្នកមានបញ្ហាគេងមិនលក់។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំផ្លែចេក វាអាចជួយឱ្យអ្នកមានសុខភាពល្អ ហើយគេងឆាប់លក់ទៀតផង។ ព្រោះនៅក្នុងផ្លែចេក គឺសម្បូរទៅដោយជាតិម៉ាញ៉េស្យូម។

 

៣. ផ្លែគីវី

ក្រៅពីសម្បូរទៅដោយ antioxidants, carotenoids, វីតាមីន C និងវីតាមីន E ផ្លែវីគីក៏មានផ្ទុកជាតិ Serotonin និងអរម៉ូនម្យ៉ាងដែលជួយឱ្យអ្នកគេងឆាប់លក់ផងដែរ។

 

៤. ផ្លែឈៀរី

ផ្លែឈៀរី គឺជាប្រភេទផ្លែឈើមួយប្រភេទ ដែលជួយឱ្យអ្នកញ៉ាំទៅមានសុខភាពល្អ ហើយគេងឆាប់លក់។ ព្រោះនៅក្នុងផ្លែឈៀរីមានផ្ទុកជាតិមេឡានីន និងអរម៉ូនមួយប្រភេទ ដែលជួយទ្រទ្រង់រាងកាយ ជាពិសេសជួយឱ្យអ្នកគេងឆាប់លក់។ ដូច្នេះមុនពេលចូលគេងអ្នកគួរតែញ៉ាំបង្អែមឈៀរី ឱ្យបានមួយកូនចានទើបជាការប្រសើរ។

 

៥. គ្រាប់អាល់ម៉ុង

គ្រាប់អាល់ម៉ុង សម្បូរទៅដោយជាតិមាញ៉េស្យូម និងកាល់ស្យូម ដែលញ៉ាំទៅជួយសម្រួលដល់បេះដូង និងធ្វើឱ្យសាច់ដុំរឹងមាំ។

 

អាហារ៥ប្រភេទ ដែលផ្តល់ផលប៉ះពាល់ដល់ការគេងរបស់អ្នក៖

១. កាហ្វេ

ការផឹកកាហ្វេមុនពេលចូលគេង គឺធ្វើឱ្យអ្នកគេងមិនងាយលក់ ព្រោះនៅក្នុងកាហ្វេមានផ្ទុកទៅដោយជាតិកាហ្វេអ៊ីន។ ដូច្នេះដើម្បីជួយឱ្យអ្នកគេងលក់បានគ្រប់គ្រាន់ មុនពេលចូលគេង ៦ម៉ោង អ្នកត្រូវតែជៀសវាងការផឹកកាហ្វេជាដាច់ខាត។

 

២. ភីហ្សា

ការញ៉ាំភីហ្សាមុនពេលចូលគេងវាអាចបង្កឱ្យមានផលរំខានដល់ការគេងរបស់អ្នកយ៉ាងច្រើន។ នៅលើភីហ្សាគេតែងដាក់ទឹកប៉េងប៉ោះដែលមានជាតិអាស៊ីតខ្ពស់ ហើយនៅពេលអ្នកញ៉ាំច្បាស់ជាឈឺពោះ ដូច្នេះអ្នកត្រូវចំណាយពេលជាច្រើនក្នុងការចូលបន្ទប់ទឹក ដែលជាហេតុរំខានដល់ការគេង។ ម្យ៉ាងនៅក្នុងភីហ្សាក៏សម្បូរទៅដោយកាឡូរីច្រើនណាស់ដែរ ដូច្នេះអ្នកមិនគួរញ៉ាំភីហ្សាញឹកញាប់ពេកនោះទេ។

 

៣. ទឹកសូដា

ពពុះទឹកសូដាក៏មានផ្ទុកជាតិកាហ្វេអ៊ីនដែរ ដូច្នេះអ្នកគួរតែជៀសវាងការផឹកទឹកសូដាមុនពេលចូលគេង។ ម្យ៉ាងទឹកសូដាក៏សម្បូរទៅដោយជាតិស្ករ កាលណាក្នុងខ្លួនយើងមានជាតិស្ករច្រើន គឺជាហេតុធ្វើឱ្យគេងមិនលក់។

 

៤. អាហារហឹរ

ការញ៉ាំអាហារដែលមានជាតិហឹរ គឺធ្វើឱ្យក្រពះរបស់អ្នករលាក ពេលនោះវានឹងបង្កឱ្យអ្នកក្ដៅក្រហល់ក្រហាយពេញដើមទ្រូង ដែលជាហេតុធ្វើឱ្យអ្នកពិបាកគេង។

 

៥. ការ៉េម

ការញ៉ាំការ៉េម មិនត្រឹមតែមិនល្អសម្រាប់សុខភាពនោះទេ វាថែមទាំងធ្វើឱ្យអ្នកលើសជាតិខ្លាញ់ និងជាតិស្ករទៀតផងដែរ ព្រោះនៅក្នុងការ៉េម គឺមានផ្ទុកទៅដោយជាតិស្ករ និងជាតិខ្លាញ់ខ្ពស់បំផុត។

 

អនុវត្តតាមវិធីទាំងនេះដើម្បីគេងលក់ស្រួល និងមានសុខភាពល្អ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here