សូមបោះឆ្នោតជូនសហគមន៍ទេសចរណ៍ធម្មជាតិជំរំទោច ដើម្បីឈ្នះប្រាក់រង្វាន់ $ ៣៥០០០

292

ថ្មីៗនេះអង្គការសមាគមអភិរក្សសត្វព្រៃ បានស្នើឱ្យប្រជាពលរដ្ឋទូទៅបោះឆ្នោតគាំទ្រតំបន់សហគមន៍ទេសចរណ៍ធម្មជាតិជំរំទោច ដែលមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចូលរួមប្រជែងយកកញ្ចប់ថវិកាមូលនិធិពីសមាគមអភិរក្សនៅអឺរ៉ុប EOCA មានប្រាក់រង្វាន់ចំនួន ៣៥ ០០០ ដុល្លារ ។

ការចាប់ផ្តើមបោះឆ្នោតគាំទ្រនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៨ ខែតុលា ខាងមុខនេះ ដើម្បីអាចឱ្យសហគមន៍ទេសចរណ៍ធម្មជាតិមើលសត្វទោច ឬ Jahoo-Gibbon Camp ដែលស្ថិតក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីរបស់ប្រទេសកម្ពុជា។ សូមរំលឹកថា សហគមន៍ទេសចរណ៍មើលសត្វទោច បានជាប់នៅក្នុងចំណោមសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ៥ ចុងក្រោយ ដែលត្រូវប្រជែងយកកញ្ចប់ថវិកាមូលនិធិពីសមាគមអភិរក្សនៅតំបន់អឺរ៉ុប EOCA តាមរយៈការបោះឆ្នោតពីសាធារណជនច្រើនជាងគេ ដើម្បីយកទៅអភិវឌ្ឍសហគន៍។

លោក ណាច ណប់ មន្ត្រីសម្របសម្រួលផ្នែកទេសចរណ៍នៃតំបន់សហគមន៍ទេសចរណ៍ធម្មជាតិជំរំទោច បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា តាមពិតទៅនោះសហគមន៍ទេសចរណ៍ធម្មជាតិជំរំទោច បានសាកល្បងការផ្សព្វផ្សាយអំពីសក្ដានុពលផ្នែកទេសចរណ៍គឺចាប់តាំងពីឆ្នាំ ២០១៤ ខណៈការអនុវត្តជាផ្លូវការវិញបានចាប់ផ្តើមនៅឆ្នាំ ២០១៦។ ទីនេះជាប្រភេទតំបន់ព្រៃពាក់កណ្តាលស្រោង មានវិសាលភាពលើផ្ទៃដីចំនួន ៦ គីឡូម៉ែត្រការ៉េ មានសត្វទោចចំនួន ៨ ក្បាល មានផ្ទះតង់សម្រាប់ការស្នាក់នៅចាំមើលសត្វទោចចំនួន ៤ និងផ្ទះបាយរួមគ្នាមួយ»។


លោកបន្តថា៖ «ទេសចរនឹងមានអារម្មណ៍ថ្មីប្លែកម្យ៉ាងមិន-ខានឡើយពីតំបន់នេះ ប្រសិនបើបានសាកល្បងម្តងនោះ។ តាំងពីដើមមកសម្ទុះភ្ញៀវមកទស្សនា ភាគច្រើនជាជនបរទេស ខណៈភ្ញៀវខ្មែរយើងវិញកម្រមានណាស់។ ចំនួនភ្ញៀវជាមធ្យមមកទស្សនាមាន ៤-៥ ក្រុមប៉ុណ្ណោះក្នុង ១ ខែ»។


លោក ណាច ណប់ ក៏បានឲ្យដឹងពីតម្លៃសេវាកម្មផងដែរថា៖ «ប្រសិនបើភ្ញៀវទេសចរមានតែម្នាក់មកទស្សនានោះ យើងឲ្យគាត់បង់ប្រាក់ចំនួន ១៥ ដុល្លារ ដែលជាសេវាកម្មចូលរួមអភិរក្សសហគមន៍ ខណៈភ្ញៀវមាន ២ នាក់វិញត្រូវបង់តែ ២៥ ដុល្លារប៉ុណ្ណោះ លើការស្នាក់នៅផ្ទះតង់ ១ យប់ ដោយផ្ទះតង់យើងមួយបន្ទប់មានគ្រែ។ ចំណែកតម្លៃអាហារវិញ បើភ្ញៀវម្នាក់ត្រូវចំណាយប្រាក់ចំនួន ១៥ ដុល្លារសម្រាប់អាហារ ៣ ពេល។ តែប្រសិនបើក្រុមភ្ញៀវមានគ្នាច្រើនវិញ សម្រាប់ម្នាក់ត្រូវបង់ប្រាក់លើអាហារតែ ៤ ដុល្លារប៉ុណ្ណោះ ១ ពេល ឬ ១២ ដុល្លារ ៣ ពេល»។

ប្រិយមិត្តអាចចូលរួមបោះឆ្នោតគាំទ្រតំបន់សហគមន៍ទេសចរណ៍ធម្មជាតិជំរំទោចរបស់កម្ពុជាយើង ដោយគ្រាន់តែចូលទៅគេហទំព័ររបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) មានឈ្មោះថា WCS Cambodia ឬ https://www.facebook.com/wcscambodia.fb/ ។​ បន្ទាប់មក ប្រិយមិត្តចុចលើពាក្យ Vote Now ។ ជំហានចុងក្រោយ គឺចុចលើពាក្យ Cast Your-Vote (ចុចធីកលើ Terms and conditions ជាមុន) ខណៈការបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី ១៨ តុលា ឆ្នាំ ២០១៧ ខាងមុខនេះហើយ៕
រូបភាពរក្សាសិទ្ធិដោយWCS

ប្រភព៖ ក្រសួងបរិស្ថាន

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here